ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦– ឯកឧត្ដម ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវដល់បងប្អូន សហគមន៍ អ៊ិស្លាមនៅកម្ពុជា ទាំងអស់ត្រូវបន្ដការរួបរួមសាមគ្គីគ្នាឱ្យបានល្អ ដើម្បីរស់នៅក្នុងសង្គម ប្រកបដោយ សុខដុមរមនា ក្នុងកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនទៅថ្ងៃអនាគត។
ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេស ប្រឆាំងភេរវកម្ម បានបញ្ជាក់បែបនេះ ខណៈដែលឯកឧត្ដម អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់មជ្ឈមណ្ឌល អភិវឌ្ឍន៍សហគមន៍ ១ខ្នង មានកម្ពស់៣ជាន់ របស់សមាគមសម្របសម្រួល និង អភិវឌ្ឍន៍សង្គម ក្រោយជំនួយរបស់ធនាគារអភិវឌ្ឍន៍អ៊ិស្លាម (IDB) នៅសង្កាត់ ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី ត្រូវតែសាងស្នាដៃ ជាយុវជនគំរូ ដើម្បីកិត្តិយសនិងកេរ្តិ៍ឈ្មោះសម្រាប់ប្រទេសជាតិយើងឯកឧត្ដម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិម កម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរ រឹតចំណងសាមគ្គីភាព មិត្ដភាព យូរ អង្វែង ជាមួយរដ្ឋាភិបាល កូវ៉ែត និងប្រជាជនកូវ៉ែត តាមរយៈស្ថានទូតកូវ៉ែត ប្រចាំកម្ពុជា ដើម្បីជួយទ្រទ្រង់សហគមន៍ អ៊ិស្លាមកម្ពុជា។
ឯកឧត្ដមបន្ដថា ការបង្កើតឱ្យមានមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍នេះឡើង គឺក្នុងគោលបំណង រឹតចំណង សាមគ្គីភាព និងសហប្រតិបត្តិការរវាងរដ្ឋាភិបាលកូ វ៉ែតជាមួយថ្នាក់ដឹកនាំ និងសហគមន៍ ខ្មែរអ៊ិស្លាម ដើម្បីបង្កើនកិច្ចសហការពង្រឹងលើវិស័យ អប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកប ដោយគុណភាព៕
ឯកឧត្ដម ហ៊ុន ម៉ាណែត អំពាវនាវដល់សហគមន៍អ៊ិស្លាមនៅកម្ពុជាត្រូវបន្ដ ការរួបរួមសាមគ្គីគ្នាឱ្យបានល្អ
