ឯកឧត្តម នេត្រ ភក្ត្រា បានដឹកនាំគណៈប្រតិភូចម្រុះចូលរួមវេទិកា 3R ថ្នាក់តំបន់លើកទី៩ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក


នៅថ្ងៃទី៤ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូចម្រុះដែលរួមមានមន្ត្រីមកពីក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមវេទិកា 3R ថ្នាក់តំបន់លើកទី៩ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើប្រធានបទ 3R វិថីឆកពោះទៅកាន់សេដ្ឋកិច្ច ពេញលេញ-ការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
វេទិការតំបន់នេះសហការរៀបចំដោយក្រសួងធនធានធម្មជាតិនិងបរិស្ថានថៃ ក្រសួងបរិស្ថានជប៉ុន និងអង្គការ UNCRD រយៈពេល ៣ ថ្ងៃ ដោយមានសមាជិកចូលរួមជាង៥០០នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សកលវិទ្យាល័យ ដែលវេទិកាមានគោលបំណងដូចជា៖
– បញ្ជាក់ពីរបៀបដែលទស្សនវិជ្ជានៃសេដ្ឋកិច្ចពេញលេញ (SEP) អាចរួមចំណែកដល់គោលនយោបាយ និងយុទ្ធសាស្ត្រ3R
– កំណត់ និងពិភាក្សាអំពី SEP ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ3R
– បញ្ជាក់អំពីផលចំណេញបរិស្ថាន សង្គម និងសេដ្ឋកិច្ច នៃ SEP ដោយភ្ជាប់នឹងគោលដៅ SDGs
– ពិភាក្សាពីសារៈសំខាន់នៃបច្ចេកវិទ្យា 3R និងភាពជាដៃគូសាធារណៈនិងឯកជន (PPP) សម្រាប់វិធីសាស្រ្តសេដ្ឋកិច្ចឆ្ពោះទៅសម្រេចគោលដៅ SDGទី12 និង
– ពិនិត្យ និងវាយតម្លៃលើដំណើរការ ការផ្តួចផ្តើម សមិទ្ធផល និងការអនុវត្តល្អបំផុតរបស់ប្រទេសនីមួយៗ ក្នុងការអនុវត្តសេចក្តីប្រកាស 3R ទីក្រុងហាណូយ – គោលដៅ 3R ប្រកបដោយនិរន្តរភាពសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ 2013-2023។