ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៨


នៅអង្គារ ១៤រោច ខែមាឃ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។

សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។

តាមរយៈការយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ដល់សិទ្ធិស្រ្តីនេះ ស្រ្តីខ្មែរបានចូលបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋកាន់តែច្រើន។ គេក៏ឃើញដែរថា ស្រ្តីមានសមត្ថភាពកាន់តែខ្លាំងមិនចាញ់បុរសនោះឡើយ សិស្សស្រីរៀនទទួលបាននិទ្ទេស A ក៏មានប្រហាក់ប្រហែលនឹងបុរសផងដែរ។ មិនតែប៉ុណ្ណោះស្ត្រីបាននឹងកំពុងដើរតួនាទីយ៉ាងខ្លាំងសម្រាប់ជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបម្រើការងារលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ វិស័យនេះ ៩០ភាគរយនៃកម្លាំងពល គឺជាស្រ្តី។

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៨ ក្នុងឆ្នាំ២០១៩នេះ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់ សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»។ ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីក្រោមប្រធានបទនេះ គឺមានគោលបំណងបន្តអនុវត្តគោលនយោបាយ សមភាពយេនឌ័រ និងការគាំពារសង្គម ដែលជាចក្ខុវិស័យ សម្រាប់កសាងប្រទេស ត្រូវបានច្របាច់បញ្ចូលជាអាទិភាពរួម ក្នុងការសម្រេចបានកិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាច របស់ស្ត្រី និងក្មេងស្រី និងការគាំពារសង្គម គឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។

បើតាមលោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានឲ្យដឹងថា ក្រសួងកិច្ចការនារីសហការជាមួយក្រសួងស្ថាប័ន អង្គការដៃគូ បានធ្វើការវិភាគស៊ីជម្រៅលើការសិក្សាស្រាវជ្រាវ អំពីអំពើហិង្សាលើស្តី្រពីដៃគូស្និទ្ធស្នាលឆ្នាំ២០១៥ និង ការអង្កេតស្តីពីប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ២០០០ ២០០៥ និង២០១៤ ដែលលទ្ធផលបានបង្ហាញថា អំពើហិង្សាលើស្រ្ដីពីដៃគូស្និទ្ធស្នាលមានការថយចុះ។

លោកជំទាវ អ៉ឹង កន្ថាផាវី បានឲ្យដឹងទៀតថា ភាពរីកចម្រើនលើការកាត់បន្ថយគម្លាតយេនឌ័ររបស់កម្ពុជា ត្រូវបានទទួលស្គាល់។ ក្នុងរបាយការណ៍រយៈពេល៣ឆ្នាំចុងក្រោយ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដោយក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានចំណាត់ថ្នាក់៩៣ បើប្រៀបធៀបកាលពីឆ្នាំ២០១៦ កម្ពុជាមានចំណាត់ថ្នាក់១១២ ក្នុងចំណោម១៤៤ប្រទេស។

រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា លទ្ធផលវិជ្ជមាន ដែលទទួលបានចុងក្រោយនេះ អាស្រ័យដោយភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃកាលានុវត្តភាព និងការចូលរួមរបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ច និងការរីកចម្រើន ក្នុងវិស័យអប់រំ ជាពិសេសការអប់រំរបស់ស្ត្រី និងក្មេងស្រី។

ខាងក្រោមនេះ គឺជាប្រវត្តិនាំឲ្យមានការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា៖

នៅ​ចុង​សតវត្ស​ទី១៩ បច្ចេកវិជ្ជា​បាន​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​នៅលើ​សកលលោក ជាពិសេស​នៅ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ដែលមាន​ខឿន​ឧស្សាហកម្ម​រីកចម្រើន​។ នារី និង​កុមារ​ក្រីក្រ​រាប់លាន​នាក់ ត្រូវបាន​ទាក់ទាញ​ឱ្យចូល​ធ្វើការ​នៅក្នុង​រោងចក្រ​សហគ្រាស​ឯកជន​នានា​ទាំងឡាយ​។ ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​មួយចំនួន​មានគំនិត​លោភលន់ កេងប្រវ័ញ្ច​មិន​ស្កប់ស្កល់​លើ​កម្លាំង​របស់​នារី កុមារ និង​កម្មករ​បាន​បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​ជា​ទម្ងន់​ក្នុង​មួយថ្ងៃ​ពី ១២​ម៉ោង ទៅ​១៦​ម៉ោង ហើយ​ផ្ដល់​ប្រាក់បៀវត្ស​យ៉ាង​តិចតួច​បំផុត ដោយ​មិន​គិតពី​សុខភាព​របស់​កម្មករ​ឡើយ ជាហេតុ​ធ្វើឱ្យ​នារី និង​កុមារ​ទាំងនោះ​ត្រូវ​រស់នៅក្នុង​ជីវភាព​ដុនដាប​លំបាក​វេទនា​។​

​ដោយ​ការឈឺចាប់​យ៉ាង​ពុះពារ​ជាប់​ជានិច្ច​ចំពោះ​អំពើ​កៀបសង្កត់​កេងប្រវ័ញ្ច​ហួសប្រមាណ​នោះ នៅ​ថ្ងៃទី ៨ មីនា ឆ្នាំ ១៨៩៩ កម្មការិនី​ផ្នែក​តម្បាញ និង​កាត់ដេរ​នៅ​ទីក្រុង​ស៊ីកា​ហ្គោ និង​ញ៉ី​វ​យ៉​ក សហរដ្ឋអាមេរិក បាន​សាមគ្គី​ឯកភាពគ្នា​ក្រោកឈរឡើង​តស៊ូ​យ៉ាង​ប្ដូរផ្ដាច់​ទាមទារ​ឱ្យ បន្ថយ​ម៉ោង​ធ្វើការ និង​ដំឡើង​ប្រាក់បៀវត្ស​។ ប៉ុន្តែ​ជា​លទ្ធផល កម្មការិនី​ទាំងនោះ​ត្រូវ​បានទទួល​ការកៀបសង្កត់​យ៉ាង​ពេញទំហឹង ត្រូវគេ​ចាប់ចង​ធ្វើ​ទារុណកម្ម និង​ត្រូវ​បណ្ដេញ​ចេញពី​រោងចក្រ​។ ទោះបី​ត្រូវ​ទទួល​ការឈឺចាប់ និង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ កម្មការិនី​នៅតែ​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ តស៊ូ​ស្វិតស្វាញ ងើបឈរ​ឡើង​តវ៉ា​ប្រឆាំង​ជា​សាធារណៈ​ម្ដង​ហើយ​ម្ដងទៀត បង្ខំ​ឱ្យ​ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​ត្រូវ​តែ​ទទួល​យល់​ស្របតាម​។ ដំណើរ​តស៊ូ​នៃ​កម្មការិនី​ទាំងនោះ​បាន​លើកទឹកចិត្ត​យ៉ាងខ្លាំង​ក្លា ចំពោះ​ចលនា​នារី​ពលករ​លើ​សកលលោក​ទាំ​ង​មូល​។​

​ចលនា​ដ៏​ស្វិតស្វាញ​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​នារី​ពលករ​នៅ​ប្រទេស​អាឡឺម៉ង់​ដែលជា ប្រទេស​ឧស្សាហកម្ម​ធំ​មួយនា​សម័យ​នោះ​។ នៅ​ប្រទេស​អាឡឺម៉ង់​ក្នុងពេល​នោះបាន​លេចឡើង​នូវ​យុវនារី ៣​រូប​ដ៏​ល្បីល្បាញ​គឺ អ្នកស្រី ក្លា​រ៉ា​ស្ជេ​គ​គិ​ន ជនជាតិ​អាឡឺម៉ង់ និង រ៉ូ​ស្កា​លុម​ស្ព័​រ​បួរ ជនជាតិ​ប៉ូឡូញ ដែល​បាន​ចូលរួម​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកស្រី គ្រូ​ប​ស្កា​យ៉ា (​ភរិយា​លោក​ឡេ​នី​ន​) បំផុស​ចលនា​បង្ខិត​បានជា​គណៈ​លេខា​អន្តរជាតិ​ដើម្បី​ដឹកនាំ​ចលនា​នារី​។​

​ឆ្នាំ ១៩១០ សន្និបាត​អន្តរជាតិ​នារី​ដែលមាន​ប្រទេស ១៧ ចូលរួមបាន​ធ្វើឡើង​នៅ​ទីក្រុង​កូ​ប៉ែន​ហាក រដ្ឋធានី​នៃ​ប្រទេស​ដា​ណឺ​ម៉ាក បានសម្រេច​យក​ថ្ងៃ ៨ មីនា “​ទិវា​នារី​អន្តរជាតិ​” ថ្ងៃ​មហា​សាមគ្គី​តស៊ូ​របស់​នារី​ពលករ​ទូទាំង​សាកលលោក ដើម្បី​សិទ្ធិសេរីភាព​ប្រជាធិបតេយ្យ​ដោយ​ភ្ជាប់​ជាមួយនឹង​ពាក្យស្លោក​ថា «​មួយថ្ងៃ​ធ្វើការ​ប្រាំបី​ម៉ោង​», «​ធ្វើការ​ស្មើគ្នា បៀវត្ស​ស្មើគ្នា​», «​ការពារ​សុខភាព​មាតា និង​ទារក​» ។​

​ចាប់តាំងពី​ថ្ងៃ​នោះមក ថ្ងៃ ៨ មីនា​បាន​ក្លាយទៅជា​ថ្ងៃបុណ្យ​អន្តរជាតិ​នារី ដែល​រំ​ឮ​ក​អំពី​ការតស៊ូ​របស់​នារី​ពលករ​ទូទាំង​សកលលោក ដែល​ប្រឹងប្រែង​ដើម្បី​រំដោះ​នារី ដោយ​ទាមទារ​ឱ្យ​អនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស និង​នារី​។​

គឺ​ដោយសារ​តែមាន​កិច្ចប្រឹងប្រែង​ដោយ​អំណត់ និង​ពុះពារ​នឹង​ការលំបាក​គ្រប់បែបយ៉ាង​ពី ១០០ ឆ្នាំ​មុននេះ ហើយ​ទើប​បច្ចុប្បន្ននេះ នារី​ក្នុង​ពិភពលោក​មានឱកាស ទទួលបាន​នូវ​សិទ្ធិ​ស្មើភាព​ក្នុងការ​បន្តុះបង្អាប់​ខ្លះៗ​ក៏ដោយ​។ លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​បាន​កាត់បន្ថយ​អស់​ជាច្រើន​នូវ​អំពើហិង្សា និង​ការរើសអើង​ចំពោះ​នារី​ភេទ​ដែល​គេ​តែង​ចាត់ទុកជា​ភេទ​ទន់ខ្សោយ​នោះ​។​

ជា​បន្ទាប់ ចលនា​នារី​អន្តរជាតិ បាន​ខិតខំ​ដោះស្រាយ​បញ្ហា​នារី​ដែល​នៅ​សេសសល់​តាម រយៈ​ការស្នើរ​ឡើងទៅ​អង្គការសហប្រជាជាតិ​ដោយ​សន្និសីទ​នារី​ជាច្រើនលើក ច្រើនសារ​។​
​នៅ​ឆ្នាំ ១៩៧៥ សន្និសីទ​ពិភពលោក​របស់​នារី​លើក​ទី​១ បានធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ិច​ស៊ិ​ច​កូ ប្រទេស​ម៉ិច​ស៊ិ​ច ក្រោម​ប្រធានបទ «​សមភាព វឌ្ឍនភាព និង​សន្តិភាព​»​។ ផែនការ​សកម្មភាព​ដែល​បានសម្រេច​នៅពេលនោះ គេ​បាន​អំពាវនាវ​ឱ្យមាន​ការលុបបំបាត់​រា​ល់​ទម្រង់​នៃ​ការរើសអើង ប្រឆាំងនឹង​នារី​ភេទ និង​រៀបចំ​ទម្រង់ការ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អនុម័ត​អនុសញ្ញា​នេះ​។​

ខែតុលា ឆ្នាំ​១៩៧៥​ដដែល អង្គការសហប្រជាជាតិ​បានប្រកាសថា​ពី​ឆ្នាំ ១៩៧៦ ដល់ ១៩៨៥ ជា​សតវត្ស​សម្រាប់​នារី​។​

នៅ​ឆ្នាំ ១៩៨០ សន្និសីទ​ពិភពលោក​លើក​ទី​២ របស់​នារី​បាន​ធ្វើឡើង​នៅ​ទីក្រុង​កូ​ប៉េ​ន​ហាក ប្រទេស​ដា​ណឺ​ម៉ាក ដើម្បី​ពិនិត្យមើល​ការរីកចម្រើន និង​ការអនុវត្ត​ផែនការ​សកម្មភាព​ដែល​កំណត់​ក្នុង​សន្និសីទ​លើក​ទី​១ និង​គ្រោងទុក​នូវ​ខ្សែ​លើក​យកមក​ពិភាក្សា គឺ​ការអប់រំ​ការងារ និង​សុខភាព​។​

​ឆ្នាំ ១៩៨៥ ចុងបញ្ចប់​នៃ​ទស្សវត្ស​នារី គេ​បានរៀបចំ​សន្និសីទ​លើក​ទី​៣​ម្ដងទៀត នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​លទ្ធផល​សម្រេច​របស់​ទ​ស្ស​វត្ស​នារី​ព្រមទាំង​ធ្វើការ អនុម័ត​លើ​យុទ្ធវិធី​ចម្រើន​ទៅមុខ​សម្រាប់​ភាព​លូតលាស់​របស់​នារី​ក្នុង ឆ្នាំ ២០០០​។​

ចុងក្រោយ​នេះ​គឺ​ឆ្នាំ ១៩៩៥ ពីថ្ងៃ​ទី ៤ ដល់​ថ្ងៃទី ១៥ កញ្ញា អង្គការសហប្រជាជាតិ​បានរៀបចំ​សន្និសីទ​នារី​ពិភពលោក​លើក​ទី​៤ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ប្រធានបទ​ជា​គោល​គឺ «​សមភាព វឌ្ឍនភាព និង​សន្តិភាព​» ដដែល​តែ​នៅបាន​បន្ថែម​ក្នុង​កិច្ចពិភាក្សា​នូវ​កង្វល់ ១២ យ៉ាង​របស់​នារី​ថែមទៀត​គឺ «​ភាពក្រីក្រ​, ការអប់រំ​, អំពើ​ហឹ​ង្សា​, ផលវិបាក​នៃ​ជម្លោះ​, អាវុធ​, នារី​ក្នុង​រចនាសម្ព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច​, តួនាទី​នារី​ក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​, យន្តការ​លើកកម្ពស់​កា​រ​រីកចម្រើន​របស់​នា​រី​, សិទ្ធិនារី​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​, បរិស្ថាន និង​បញ្ហា​កុមារី​។​

ទាំងនេះ​គឺជា​យុទ្ធសាស្ត្រ និង​របៀប​ដោះស្រាយ​របស់​នារី​ដែល​តែងតែ​អនុវត្ត​តាមបែប​សន្តិវិធី តាម​ការបញ្ចេញមតិ​តែប៉ុណ្ណោះ​។ ឯ​លទ្ធផល​ដែល​នារី​ទទួលបាន គឺ​ការ​ផ្ដល់នូវ​សិទ្ធិ​ស្មើភាព​ឱ្យបាន​គ្រប់គ្រាន់ និង​តម្លៃ​ជាម​នុស្ស ពោលគឺ​ពុំមាន​ទាមទារ​អ្វី​ឱ្យលើស​ពីនេះ​ឡើយ​។​

​បើ​យើង​ប្រៀបធៀប​ប្រវត្តិ​ទិវា​អន្តរជាតិ​នារី ៨ មីនា ទៅនឹង​កំណើត​នៃ​អង្គការសហប្រជាជាតិ ឃើញថា​ប្រវត្តិ​ទិវា​អន្តរជាតិ ៨ មិនា​មានកំណើត​មុន​អង្គការសហប្រជាជាតិ​ទៅទៀត ហើយក៏​មានកំណើត​មុន​សិទ្ធិមនុស្ស​ទៀតផង​។ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ សព្វថ្ងៃ​នៅ​កម្ពុជា​ពិតមែនតែ​មានច្បាប់​ជាតិ ច្បាប់​អន្តរជាតិ ដូចជា​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ មនុស្ស អនុសញ្ញា​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង នារី​ភេទ និង​រដ្ឋធម្មនុញ្ញ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រង់​ជំពូក ៣ ដែល​ស្ដីពី​សិទ្ធិ​នោះ​ហើយក៏​ដោយ​ក៏​វិសមភាព​រវាង​បុរស និង​ស្ដ្រី ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ ការរំលោភ​សិទ្ធិ​ស្ត្រី ហិង្សា​ក្នុង​គ្រួសារ នៅតែ​កើតមាន​ជា​បញ្ហា​។ ហេតុដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​យើង និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួនធំ ខំប្រឹង​ខ្នះខ្នែង​យក​បញ្ហា​ទាំងអស់នេះ​មក​ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់ រូប​ទាំង​បុរស ទាំង​ស្ត្រី​ដើម្បី​ជួយ​ស្ដ្រី​ឱ្យមាន​ភាពយុត្តិធម៌​ក្នុង​ការទទួល សិទ្ធិ និង​ប្រើ​សិទ្ធិ និង​ដើម្បី​ជួយ​កាត់បន្ថយ ទប់ស្កាត់ លុបបំបាត់ចោល​នូវ​បញ្ហា​ទាំងឡាយ​ខាងលើ​ដែលមាន​ចំពោះ​ស្ត្រីភេទ​៕