ឯកឧត្តមរដ្ឋមន្រ្តី វង សូត ៖ រាជរដ្ឋាភិបាលនៅតែបន្តគាំពារ និងយកចិត្តទុកដាក់កាន់តែខ្លាំង លើកុមាររងគ្រោះគ្មានទីពឹងនៅកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម វ​ង សូត រដ្ឋម​​ន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជ​ន និងយុវ​នីតិសម្បទា បានប្រាប់លោក Alain Duqueyt ប្រធានអង្គការកុមារអាស៊ីថា រាជរដ្ឋាភិបាលនៅតែបន្តគាំពារ និងយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀត លើកុមាររងគ្រោះ គ្មានទីពឹងនៅកម្ពុជា បើទោះបីជាពេលប​ច្ចុប្បន្ននេះ កុមាររងគ្រោះ និងគ្មានទីពឹងមានការចំនួនថយចុះជាងមុនក៏ដោយ។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋម​ន្រ្តី បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយ លោក Alain Duqueyt និងគណៈប្រតិភូ​អង្គការកុមា​រអាស៊ី នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។

ថ្លែងនៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមរដ្ឋមន្រ្តី វ​ង សូត បានលើកឡើងថា ឯកឧត្តមចង់ឲ្យមានការបង្កើត មណ្ឌលកុមារឲ្យបានច្រើន​ដដែល។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា នាពេលប្ចុចប្បន្ននេះ មានស្ថានភាព​ល្អប្រសើរ តាមរយៈការបង្កើតមណ្ឌល និងរៀបចំការងារក្នុងមណ្ឌលមានភាពល្អប្រសើរខ្លាំង។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបានឲ្យដឹងថា ស្ថានភាពកុមារ នាពេលបច្ចុប្បន្ន​ គឺមា​នភាពល្អ​ប្រសើរដោយសារ តែកុមា​រគឺមាន​អាណាព្យាបាលយ៉ាងហោចណាស់ម្នាក់ នៅតែកុមារ ដែលរងគ្រោះ គ្មានទីពឹងដែលរដ្ឋ ត្រូវបន្តគាំពារ និងយកចិ​ត្តទុកដាក់បន្ថែមទៀត។

យ៉ាងហោចណាស់ នៅតាម​តំបន់សហគមន៍ ត្រូវមាន​មណ្ឌលថែទាំកុមារមួយ ឬ២ជាចាំបាច់។ រាជរដ្ឋាភិបាលកម្ពូជា បានបង្វែរពី ការផ្តល់សេវា នៅក្នុងមណ្ឌល ទៅផ្តល់ជូនកុមារ រស់នៅជាមួយគ្រួសារ នៅតាមសហគមន៍វិញ។ដោយសារតែការរស់នៅរបស់កុមារ ជាមួយគ្រួសារ និងសហគមន៍ គឺមានការមើលថែ និងគាំទ្រ និងសុវត្ថិភាព ជាងការរស់នៅក្នុងមណ្ឌល។

ជាមួយគ្នានោះ លោក Alain Duqueyt បានលើកឡើងថា ការវិវត្តន៍រប​ស់កម្ពុជា គឺមានសន្ទុះលឿន និងប្រសើរឡើងក្នុងអំឡុងពេលដែលអង្គការរបស់យើងបានចូលរួម​ចំណែកជួយដល់មណ្ឌលមួយចំ នួននៅកម្ពុជា។ លោកបានបន្តថា គោលបំណងនៃការជួយរបស់អង្គការ នា​ពេលនេះ គឺដើម្បីជួយឲ្យមណ្ឌលទាំងនោះ មាន​ភាពល្អប្រសើរជាង​មុន។

លោក Alain Duqueyt បានបន្ថែមថា ក្រសួងសង្គមកិច្ច នៅតែដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួយដល់ការងារកុមា​រ ដែលរងគ្រោះ និង គ្មានទីពឹងនៅកម្ពុជា ដូចនេះ ដោយសារតែ សកម្មភាព​របស់ក្រសួងសង្គមកិច្ច និងតួនាទីបច្ចេកទេសនៃក្រុមការងារ​ ហេតុនេះហើយ ក្រសួងសង្គមកិច្ច នៅតែជាដៃគូ ដ៏សំខាន់ជាមួយអង្គការ។

ប្រធានអង្គការកុមារអាស៊ី បានប្រាប់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ឲ្យដឹងថា អង្គការនៅតែបេ្តជ្ញារួមគ្នាថា ចំពោះបញ្ហា កុមារ និងកុមារ ដែលងាយរងគ្រោះ គឺអង្គការនៅតែចង់បន្តការជួយគាំទ្រ ធ្វើយ៉ាងណា ឲ្យកុមារទាំងនោះ មានអនាគតល្អ និងអាចទៅដល់ ការងារ ចុងក្រោយដូចជាការអប់រំ និងចំណេះដឹងជាដើម៕