ឯកឧត្តម សុខ លូ និងលោកជំទាវចូលរួមអបអរសាទរទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០១៩


កំពង់ធំ ៖ នៅសាលប្រជុំសាលាខេត្តកំពង់ធំ នារសៀលថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រនិងការគាំទ្រការពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស”។

បន្ទាប់ពីលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តបានអានពីប្រវត្តិទីវានារី៨មីនា និងលោកជំទាវ លំ សុគន្ធារី អភិបាលរងខេត្តកំពង់ធំ អានព្រះរាជសារសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្ដីថ្លៃថ្នូរ និងសុភមង្គល រួចមក ឯកឧត្ដម សុខ លូ បានសំណូមពរដល់មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុក ដាក់ចំពោះស្រ្តី តែងតាំងស្រ្តីក្នុងតួនាទីជាថ្នាក់ដឹកនាំ។ ឯកឧត្ដមបានបញ្ជាក់ថា ស្រ្តីក្នុងសម័យតេជោ ហ៊ុន សែន នេះពិតជាមានភ័ព្វសំណាងណាស់ ដោយរាជរដ្ឋាភិបាលមានគោលនយោ បាយច្បាស់លាស់ចំពោះស្រ្តី។

ឯកឧត្ដមបញ្ជាក់ថា ខេត្តកំពង់ធំសម្រេចបានលទ្ធផលធំៗជាច្រើន ជាពិសេសក្នុងកិច្ចការការពារសុវត្ថិភាព សន្តិសុខសង្គមក្នុងខេត្តបានល្អ នេះដោយមានការចូលរួមពីស្រ្តីផងដែរ។បើគ្មានការចូលរួមរបស់ស្ត្រីខេត្តកំពង់ធំមិនអាចទទួលបានជោគជ័យនោះទេ។ ឯកឧត្តមក៏បានសំណូមពរសូមឱ្យវប្បធម៌នៃការសាមគ្គីភាព ក្នុងចំណោមមន្ត្រីរាជការរបស់យើងសូមឧ្យមានបន្តទៀតហើយកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំ៕