កម្ពុជា-ឡាវ នឹងបើកច្រកទ្វារព្រំដែនអន្ដរជាតិបន្ថែមទៀត ខណៈបច្ចុប្បន្នមានច្រកតែមួយប៉ុណ្ណោះ នៅខេត្តស្ទឹងត្រែង


កម្ពុជា-ឡាវ នឹងបើកច្រកទ្វារព្រំដែនអន្ដរជាតិបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើពាណិជ្ជកម្មផ្សេងៗ ខណៈបច្ចុប្បន្នកម្ពុជា-ឡាវ មានច្រកអន្ដរជាតិរួមគ្នាតែប៉ុណ្ណោះ គឺច្រកត្រពាំងគ្រៀល-ណងណុងឃៀន ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។

​ឯកឧត្តម ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ នៃក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ ច្រកទ្វារព្រំដែនអន្ដរជាតិថ្មី ដែលភាគីកម្ពុជា-ឡាវ កំពុងសិក្សារួមគ្នាដើម្បីបើកនេះ អាចនៅខេត្តរតនគិរី ឬនៅខេត្តស្ទឹងត្រែង​ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ពិធីចុះហត្ថលេខារវាងក្រសួងមហាផ្ទៃ និងក្រសួងសន្ដិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក Vilay Lakhamephong ក្រសួងសន្ដិសុខសាធារណៈឡាវ។

ឯកឧត្តម ផាត សុផានិត បានថ្លែងយ៉ាងដូច្នេះថា «ភាគីទាំងពីរបានឯកភាពដើម្បីធ្វើយ៉ាងណា ពិនិត្យលទ្ធភាពដើម្បីពង្រីកការបើកច្រកទ្វារព្រំដែនបន្ថែមទៀត ដើម្បីលើកកម្ពស់ការផ្ដាស់ប្ដូររវាងប្រជាជន និងប្រជាជន សម្រួលដល់ការធ្វើដំណើរ ការផ្លាស់ប្ដូរពាណិជ្ជកម្ម ដែលនេះជាទិសដៅសំខាន់ លើកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា»

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រូបនេះក៏បានអះអាងទៀតថា ក្រៅពីឯកភាពគ្នារឿងការបើកច្រកទ្វារព្រំដែនហើយនោះ កម្ពុជា-ឡាវ ក៏បានធ្វើការប្ដេជ្ញាចិត្តរួមគ្នាផងដែរ លើការបង្ការ បង្ក្រាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន ដោយភាគីទាំងពីរនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា​ មិនបញ្ហាគ្រឿងញៀនមកគ្រប់ដណ្ដប់លើប្រជាជននោះឡើយ។

ឯកឧត្តម ផាត សុផានិត បានគូសបញ្ជាក់បន្ថែមថា កម្ពុជា-ឡាវ នៅតែបន្ដសន្យាជាមួយគ្នា ខិតខំបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលកើតឡើងនៅតាមព្រំដែននៃប្រទេសទាំងពីរ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរាបរយ ក្នុងន័យរក្សាសុវត្ថិភាពជូនជាតិ និងប្រជាជនផងដែរ។

លើសពីនេះ អាជ្ញាធរនៅតាមបន្ទាត់ព្រំដែន ក៏នៅតែបន្ដរក្សាកិច្ចសហប្រតិបត្តិការល្អប្រសើរ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ផ្លាស់ប្ដូរគណៈប្រតិភូ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ ពិសេសអនុវត្តទៅតាមអ្វីដែលបានព្រមព្រៀងគ្នា នៅក្នុងកំណត់ហេតុ​ដែលបានចុះហត្ថលេខារួចរាល់ហើយនេះ៕​