កម្ពុជា​ជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃប្រទេស​​មាន​សុខុមាលភាព​​ល្អ​ជាង​គេ​នៅលើ​ពិភពលោក​​របស់​អង្គការ Global Wellness


(ឡុងដ៍)៖ បណ្ដា​ប្រទេស​តូចៗក្នុងនោះរួមមានទាំង​កម្ពុជាផងដែរ ត្រូវបានចាត់បញ្ចូលទៅក្នុង​បញ្ជីចំណាត់ថ្នាក់កំពូលទាំង ១០ នៃប្រទេសដែលប្រជាជន​មាន សុខភាពល្អ​ជាងគេនៅលើ​ពិភពលោក ខណៈប្រទេស​មានសេដ្ឋកិច្ចធំៗដូចជា​សហរដ្ឋអាមេរិក​ជាដើម បានធ្លាក់មកឈរនៅលេខ​រៀងទី ៣៧ ឯណោះ។ នេះបើតាមរបាយការណ៍ចុងក្រោយ​អង្គការអន្តរជាតិធំមួយគឺ Global Wellness ដកស្រង់​ចេញផ្សាយ​ដោយ​សារព័ត៌មានសិង្ហបុរី Straistimes នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

យោងតាម​អង្គការ Global Wellness ប្រទេសដែល​ឈរលេខរៀង​ទី ១ ក្នុងនាមជា​ប្រទេសមាន​ប្រជាជនមានសុខភាព​ល្អជាងគេ​ ​ក្នុងចំណោម​ប្រទេស​ដែលត្រូវបានធ្វើការស្ទាបស្ទង់ចំនួន ១៥១ នោះគឺ​ប្រទេស​កាណា ហើយលេខ ២ បានទៅលើប្រទេសអូម៉ង់ និងអ៊ីស្លង់​ឈរលេខ​ ៣។ ប៉ុន្តែ​ភាគច្រើន ប្រទេសនៅទ្វីប​អាស៊ីត្រូវបានគេមើល​ឃើញថា សុទ្ធតែបានជាប់ឈ្មោះ​ក្នុងបញ្ជីកំពូល​ទាំង១០ ដែលមានដូចជា​ហ្វីលីពីន (ជាប់លេខ ៤), ម៉ាល់ឌីវ (លេខ ៥), ហូឡង់ (លេខ ៦), សិង្ហបុរី (លេខ ៧), ឡាវ(លេខ ៨), កូរ៉េខាងត្បូង (លេខ ៩) និងកម្ពុជាឈរ​នៅលេខរៀងទី ១០។

គួរបញ្ជាក់ថា ការចេញផ្សាយ​របាយការណ៍របស់​អង្គការ The Global Wellness នៅក្នុងសប្ដាហ៍នេះ គឺធ្វើឡើងដោយ​ផ្អែកលើមូលដ្ឋាន​នៃការដាក់ពិន្ទុលើ ១០ ធំៗ​ក្នុងមានដូចជាកត្តា៖ សម្ពាធឈាម, ជាតិស្ករនៅក្នុងឈាម, ជាតិខ្លាញ់ ឬធាត់, ការបាក់ទឹកចិត្ត, សុភមង្គល, ការប្រើប្រាស់​ជាតិស្រវឹង, ការប្រើ​ប្រាស់​ថ្នាំជក់, ការធ្វើ​លំហាត់​ប្រាណ, អត្រាលទ្ធភាពសង្ឃឹមរស់ និងការចំណាយ​របស់រដ្ឋាភិបាល​នៃប្រទេសនីមួយៗ ទៅលើវិស័យ​សុខាភិបាលជាដើម៕