ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ


នៅអង្គារ ១៤រោច ខែមាឃ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។

សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

សម្តេចតេជោ បានថ្លែងថា សម្តេច និងភរិយាមានសេចក្តីរីករាយដោយបានមកចូលរួម មិទ្ទិញអបអរសាទរខួបទី ១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និង ការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស ដែលរាជរដ្ឋាភិបាលក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានគាំទ្រ និងសម្រេចជ្រើសរើស ក្នុងគោលបំណងអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដែលធានាបាននូវបរិយាប័ន្ន និងសមធម៌ឆ្លើយតបនឹងបញ្ហាយេនឌ័រ ដែលស្ត្រីគ្រប់រូបមានសិទ្ធិ និងកាតព្វកិច្ចសើតាដូចបុរស ដើម្បីទទួលបានឱកាស និងអត្ថប្រយោជន៍ផ្សេងៗ តាមរយៈសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ។

 សម្តេចតេជោ បានកោតសរសើរក្រសួងកិច្ចការនារីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រសួង ស្ថាប័ន ពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិឋានៈ តួនាទី សុខុមាលភាពរបស់ស្ត្រី និងកុមារនិងការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព។

សម្តេចតេជោ បានថ្លែងអំណរគុណជូនចំពោះជនរមជាតិទូទាំងប្រទេស ដែលបានផ្តល់ភាពយុត្តិធម៌ និងជំនឿទុកចិត្តមកលើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា ដោយបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ជូនគណបក្សប្រជាជនឱ្យបន្តដឹកនាំប្រទេសជាតិតទៅមុខទៀត ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ជាពិសេសគឺការថែរក្សា និងការពារសុខសន្តិភាពឱ្យបានគង់វង្សជារៀងរហូត។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា របាយការណ៍វាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៨ បង្ហាញឱ្យឃើញថា ភាពរីកចម្រើនរបស់ស្ត្រីកម្ពុជាក្នុងវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ទាំងស្រ្តី និងក្មេងស្រីទទួលបានលទ្ធផលល្អ ដោយទទួលបានចំណាត់ថ្នាក់ពីលេខ ១១២ នៅឆ្នាំ ២០១៦មកលេខ ៩៣ នៅឆ្នាំ ២០១៨ ។ ទន្ទឹមនេះ កម្ពុជាជាប្រទេសដែលមានអត្រាស្រ្តីចូលរួមក្នុងកម្លាំងពលកម្មខ្ពស់ជាងគេ (៧៩%) ហើយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងប្រទេសកម្ពុជាមាន ៦៥% ជាស្ត្រី។

សម្តេចតេជោ បានលើកឡើងថា ក្នុងវិស័យអប់រំ ស្ត្រី និងក្មេងស្រីមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការសិក្សាអប់រំក្នុងកម្រិតបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសិស្សស្រី ដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៧ ២០១៨ មានចំនួន ៣៩.៨៣១ នាក់(សាមសិបប្រាំបួនពាន់ប្រាំបីរយសាមសិបមួយនាក់) ស្មើនឹង ៥២ ៣៨% ។ ចំនួនសិស្សស្រីនៅឧត្តមសិក្សាក៏មានការកើនឡើង ក្នុងនោះថ្នាក់បរិញ្ញាប័ត្ររងមាន ៤៩% ថ្នាក់បរិញ្ញាប័ត្រមាន ៤៥, ៩% ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់២១, ៦% និងថ្នាក់បណ្ឌិត ៥,១% ។ មិនតែប៉ុណ្ណោះចំនួនសិស្សនិស្សិត ដែលបានជ្រើសរើសមុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្របច្ចេកទេសវិស្វកម្ម និងគណិតវិទ្យា (STEM) មានការកើនឡើង គឺសរុបមានចំនួន ៤៤. ៣៦៦ នាក់ (សែសិបបួនពាន់បីរយហុកសិបប្រាំមួយនាក់) ក្នុងនោះស្រីមាន ២៩,៨%។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតលិខិតបទដ្ឋានគោលនយោបាយ និងផែនការសកម្មភាពជាតិ ដើម្បីឆ្លើយតបនឹងអំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងក្មេងស្រ្តី​ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាជាពហុវិស័យ នៅតាមបណ្ហាខេត្តនានាតាមរយៈក្រុមការងារអន្តរស្ថាប័ន ដោយមានកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានឲ្យដឹងថា កាលពីថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ខ្ញុំបានសម្រេចបង្កើតក្រុមមេធាវីសម្តេចតេជោ ដើម្បីបំពេញបន្ថែមការងារផ្នែកច្បាប់ ក្នុងគោលបំណងជួយស្ត្រី និងក្មេងស្រីក្រីក្រដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រឱ្យទទួលបាននូវយុត្តិធម៌បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ក្នុងមុំទី ៤ គឺការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និង កិច្ចគាំពារសង្គមឱ្យមានប្រសិទ្ធភាពនិងតម្លាភាព សម្តេចបានអំពាវនាវគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទូទាំងប្រទេស សូមចូលរួមទាំងអស់គ្នាដើម្បីអនុវត្តនូវចំណុចសំខាន់ៗ ដូចខាងក្រោម៖

ទី១. ត្រូវរួមគ្នាយកចិត្តទុកដាក់តាមរយៈការផ្តល់អាទិភាពបង្កើនចំនួនស្ត្រីឱ្យមានតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់វិស័យ និង គ្រប់កម្រិត ទៅតាមសមត្ថភាពដែលមាន ហើយត្រូវជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងឱកាសបំពេញការងារតាមតួនាទីរបស់ពួកគាត់។

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលនៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៨ នៅកោះពេជ្រ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩, ទូរទស្សន៍ព័ត៌មាន Fresh News កំពុងផ្សាយផ្ទាល់

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីថ្ងៃនេះតទៅពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា នឹងត្រូវធ្វើឡើងនៅមុនថ្ងៃទី០៨ ខែមីនា ដើម្បីទុកឱកាសថ្ងៃទី០៨ ខែមីនា ឲ្យនារីៗបានដើរលេងកម្សាន្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានម៉ងត់ចត់ទៅលើសេវាគាំពារសង្គម ដើម្បីឲ្យស្រ្តីទទួលបានអត្ថប្រយោជន៍របស់ រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ក្រសួងក៏ត្រូវបន្តយកចិត្តទុកដាក់ចំពោះកម្មការិនីដោយទទួលបានឈប់សម្រាករយៈពេល៣ខែជាមួយអត្រាប្រាក់ឈ្នួល ១២០ភាគរយ និងប្រាប់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ទៅចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឲ្យកម្មករ កម្មការិនី និងបុគ្គលិកទទួលសេវាគាំពារសង្គមពីរាជរដ្ឋាភិបាល។

* សម្តេចតេជោ បានណែនាំឲ្យធ្វើស្ថិតិរកស្ត្រីនៅតាមការដ្ឋានសំណង់ ក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនមួយចំនួនទៀត កសិដ្ឋានកសិកម្ម ឧស្សាហកម្មជាដើម ដើម្បីពួកគេបានទទួលការឧបត្ថម្ភរាជរដ្ឋាភិបាលប្រមាណ ៧៦ម៉ឺនរៀលចាប់ពីដំណាក់កាលមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការងាយស្រួលទេចំពោះការនិយាយពីសិទ្ធិស្ត្រី តែបើគ្មានការអនុវត្តន៍ជាក់ស្តែងទេ គឺគ្មានន័យទេសម្រាប់ការអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យគ្រប់ក្រសួងបង្កើនអត្រាតែងតែនារីនៅក្នុងមុខតំណែងផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនដល់ក្រសួងនានា បង្កើនតួនាទីស្ត្រីជាអគ្គនាយក ឬអគ្គនាយករងឲ្យបានគ្រប់គ្រាន់ទៅតាមហេដ្ឋារចនាសម្ព័ន្ធ ដែលមានកំណត់។
សម្តេចតេជោ បានថ្លែងថា បច្ចុប្បន្ននារីបានបង្កើនសមត្ថភាពកាន់តែប្រសើរហើយ។

* សម្តេចតេជោ បន្តថា បើតែងតាំងស្ត្រីនៅក្នុងតំណែងហើយ ត្រូវផ្តល់តួនាទីជូនពួកគាត់ធ្វើផងដែរ ដើម្បីពួកគាត់បានចូលរួមសម្រេចចិត្តលើការងារផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យរដ្ឋមន្ត្រីនៅតាមក្រសួងនានា គួរគប្បីជួបស្ត្រីឲ្យបាន២-៣ដងក្នុងមួយឆ្នាំ ដើម្បីបានស្តាប់នូវការលើកឡើងនូវមតិយោបល់នានារបស់ស្ត្រី។

* សម្តេចតេជោ បានថ្លែងថា បើនៅតាមក្រសួង និងស្ថាប័ននានា ធ្វើសកម្មភាពបានច្រើននោះបញ្ហារបស់ស្ត្រីនឹងត្រូវបានដោះស្រាយ ហើយធ្វើឲ្យការលើកកម្ពស់សិទ្ធិរបស់ស្ត្រីនឹងកាន់តែប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយចំពោះការកើនឡើងនៃចំនួនសហគ្រិនជាស្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទទូចឲ្យមានការយកចិត្តទុកដាក់ចំពោះស្រ្តី ដែលបម្រើការងារនៅតាមផ្ទះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអង្វរកឲ្យមានការយោគយល់ខ្ពស់ចំពោះស្ត្រីនៅតាមផ្ទះ។ សម្តេចតេជោថា បញ្ហានេះគឺផ្តើមចេញពីតាមផ្ទះនីមួយៗ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងជំរុញឲ្យមានការផ្តល់ឱកាសដល់អ្នកបម្រើការងារតាមផ្ទះជាក្មេងៗឲ្យទទួលបានការអប់រំ។ រឿងនេះសម្តេចបានធ្វើចំពោះក្មេងបម្រើការងារនៅផ្ទះសម្តេចឲ្យទទួលបានការរៀនសូត្ររហូតស្វែងរកការងារបានធ្វើ។

* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានកិច្ចសហការគ្នារវាងក្រសួងការងារ និងមន្ទីរការងារតាមបណ្តារាជធានី ខេត្ត សហការជាមួយក្រុមមេធាវីរបស់សម្តេច ដើម្បីពិនិត្យមុខសញ្ញាដែលត្រូវការពារក្តីជូនស្ត្រី។ សម្តេចតេជោ បានណែនាំឲ្យមើលមុខសញ្ញាស្ត្រីកំពុងជាប់ពន្ធនាគារ ហើយខ្វះមេធាវីមិនទាន់ជំនុំជម្រះក្តីមុនគេ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យមើលស្រ្តីកំពុងជាប់ពន្ធនាគារថា តើនរណាគួរត្រូវបានលើកលែងទោស?