កម្ពុជាទទួលបានប្រាក់ចំណូល ២.៣ពាន់លានដុល្លារ ពីពលករក្រៅប្រទេសជាង១លាននាក់


ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋ ១,២៣៤,១១១នាក់ (ស្រី ៤៩៩,០៧០នាក់) ហើយពួកគេបានផ្ញើថវិកាមកឱ្យក្រុមគ្រួសារវិញបានប្រមាណជាង ២.៣ពាន់លានដុល្លារ។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ និងការប្រកាសអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋចំនួន ១,២៣៤,១១១នាក់ (ស្រី ៤៩៩,០៧០នាក់) ក្នុងនោះរួមមាន៖

* ប្រទេសថៃមានចំនួន ១,១៤៦,៦៨៥នាក់ ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាចាប់ពី ៣០៥-៣១០បាតថៃ ក្នុងមួយថ្ងៃ ឬប្រហាក់ប្រហែលនឹង ៣០០ដុល្លារអាមេរិក ក្នុងមួយខែ។

* សាធារណរដ្ឋកូរ៉េមានចំនួន ៤៩,០៩៩នាក់ ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាជាង ៥,០០០វ៉ុន ក្នុងមួយម៉ោង ឬប្រហាក់ប្រហែលនឹង ១,២០០ដុល្លារអាមេរិក ក្នុងមួយខែ។

* ប្រទេសជប៉ុនមានចំនួន ៩,១០០នាក់ ដោយទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណជា ១,៥០០ដុល្លារអាមេរិក ក្នុងមួយខែ។

* ប្រទេសម៉ាឡេស៊ីមានចំនួន ៣០,១១៣នាក់ ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាប្រមាណជា ៣០០ដុល្លារអាមេរិក ក្នុងមួយខែ។

* ប្រទេសសិង្ហបុរីមានចំនួន ៨៣១នាក់ ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាប្រមាណ ៤៥០ដុល្លារអាមេរិក ក្នុងមួយខែ។

* តំបន់រដ្ឋបាលពិសេសហុងកុង ទើបចាប់ផ្តើមបញ្ជូនពលការិនីបានចំនួន ៥៤នាក់ ដោយទទួលបានប្រាក់ឈ្នួល ៥៥០ដុល្លារអាមេរិក ក្នុងមួយខែ។ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ទទួលបានប្រាក់ឈ្នួល ៥៧៨ដុល្លារអាមេរិក ក្នុងមួយខែ។

* ប្រទេសអារ៉ាប់ប៊ីសាអូឌីត ទើបចាប់ផ្តើមបញ្ជូនពលការិនីបានចំនួន ១៦នាក់ ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាប្រមាណ ៣០០ដុល្លារអាមេរិក ក្នុងមួយខែ។

ឯកឧត្តម អ៉ិត សំហេង បានបន្តថា ក្នុងមួយឆ្នាំៗ ពលករខ្មែរបានផ្ញើថវិកាជូនក្រុមគ្រួសារបានប្រមាណជាង ២.៣ពាន់លានដុល្លារអាមេរិក ព្រមទាំងទទួលបាននូវមុខជំនាញវិជ្ជាជីវៈ ពេលត្រលប់មកវិញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ពេលពលករខ្មែរដែលទៅធ្វើការនៅក្រៅប្រទេស ក៏ទទួលបានភាពអនុគ្រោះដោយមិនបាច់បង់ថ្លៃលើលិខិតធ្វើដំណើរផងដែរ។ ក្រៅពីនោះ ពួកគេក៏ទទួលបាននូវការគាំពារតាមផ្លូវច្បាប់ និងអន្តរាគមន៍សង្គ្រោះ នៅពេលមានហានិភ័យជាយថាហេតុ និងការយកចិត្តទុកដាក់ តាមរយៈការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំការរៀបចំពិធីផ្សេងៗ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ទាំងមុនចេញដំណើរ និងចំពេលមានកម្មវិធីបុណ្យប្រពៃណីជាតិខ្មែរ នៅឯមូលដ្ឋានការងាររបស់ពលករខ្មែរថែមទៀតផង៕