មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកជំនួញល្បីៗរបស់កម្ពុជា ពន្យល់វិនិយោគិនជប៉ុនពីកាលានុវត្តភាព និងបរិយាកាសវិនិយោគ នៅកម្ពុជា


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ នាសណ្ឋាគារ Prince Park Tower Tokyo បានរៀបចំសិក្ខាសាលា ស្តីពីការវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក Gotaro Ogawa, លោក Fumiaki Takahashi និងលោក Yuji Kumamaru អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងវិនិយោគិនជប៉ុនចំនួនប្រមាណ២០០នាក់។

សិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញពីប្រធានអង្គការ JETRO ប្រចាំកម្ពុជា តំណាងក្រុមហ៊ុន World Bridge Co., Ltd និងតំណាងក្រុមហ៊ុន Lyly Kameda Co., Ltd ដើម្បីចែករំលែកព័ត៌មានអំពីបរិយាកាស និងបទពិសោធន៍ជាក់ស្តែង នៃការវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុន World Bridge Co., Ltd ជាក្រុមហ៊ុនរបស់ ឧកញ៉ា សៀ ឬទ្ធី ដែលមានប្រតិបត្តិការក្នុងវិស័យឡូជិស្ទីក និងសួនឧស្សាហកម្មសម្រាប់សហគ្រាសធុនតូចនិងមធ្យម។ ក្រុមហ៊ុន Lyly Kameda Co., Ltd ជាក្រុមហ៊ុនដែលទើប បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងការផលិតនំស្រួយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ តាមរយៈការចូលហ៊ុនគ្នារវាងក្រុមហ៊ុន Kameda Seika ដែលមានជំនាញក្នុងការផលិតនំស្រួយមកពីប្រទេសជប៉ុន និងក្រុមហ៊ុន នំស្រួយ លី លី របស់ឧកញ៉ា កែវ មុំ។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនអង្គសិក្ខាសាលា អំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាគោលនយោបាយថ្មីៗ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្រោមបាវចនាចំនួន២ និងអភិក្រមចំនួន៥របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

ឯកឧត្តមក៏បានជម្រាបជូនអង្គសិក្ខាសាលា អំពីវិស័យអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជាចង់ទាក់ទាញ ការវិនិយោគពីបរទេស ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដូចជាវិស័យផ្គុំដំឡើងសម្ភារៈបរិក្ខារ វិស័យកសិ-ឧស្សាហកម្ម និងផលិតចំណីអាហារ៕