រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមទីកន្លែងបើកការដ្ឋានសាងសង់ផ្លូវលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ


(កំពង់ស្ពឺ)៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញបើកកិច្ចប្រជុំជាមួយក្រុមការងារមកពីអន្តរក្រសួង ស្ដីពីការត្រៀមរៀបចំទីតាំង បើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលគ្រោងរៀបចំពិធីនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក​ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

គួរបញ្ជាក់ផងដែរថា ​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-​ខេត្តព្រះសីហនុ ​មាន​ប្រវែង​ជាង១៩០គីឡូម៉ែត្រ​ ​ដែល​ចេញពី​ម្តុំ​ផ្លូវ​រទេះភ្លើង​ ​នៃ​តំបន់​ទំនប់​កប់​ស្រូវ​ ​ស្ថិតនៅ​ខាងស្តាំ​ដៃ​ផ្លូវជាតិ​លេខ៤​ ​និង​សាងសង់​ស្របគ្នា​នឹង​ផ្លូវជាតិ​នេះ​ ​រហូត​ជិតដល់​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ទើប​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤​ ​ងាក​មក​ខាងឆ្វេង​ដៃ​វិញ​ ​ហើយ​បន្ត​រហូតដល់​ស្រុក​ព្រៃនប់​ ​ទើប​ផ្លូវ​នេះ​ងាក​មក​ស្តាំ​ដៃ​ ​រហូតដល់​មាត់សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ​។