ភ្នំពេញ៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអនុញ្ញាតិឲ្យលោកស្រី ណុងប៊ូ យ៉ាងចុង អនុប្រធានសហព័ន្ធនារីខេត្តយូណាន ដឹកនាំប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាកាងារ នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ក្នុងជំនួបនោះផងដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ប្រទេសចិននៅតែជាមិត្តដ៏ល្អជាមួយប្រទេសកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យជាមួយកម្ពុជា ហើយលោកជំទាវក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋ ប្រជាមានិតចិន រួមជាមួយប្រជពលរដ្ឋចិនដែលបានយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា។ ហើយថ្ងៃនេះសហព័ន្ធនារីខេត្តយូណាន បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ខ្ញុំសង្ឃឹមថាទំនាក់ទំនងនេះនឹងត្រូវបានពង្រឹងឲ្យកាន់តែរឹងមាំ និងស្អិតរមួតថែមទៀតនៅថ្ងៃអនាគត។ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងសមាគមនារីនៃប្រទេសយើងទាំងពីរពិតជាមិនអាចកាត់ផ្តាច់បានពីការយកចិត្តទុកដាក់និងការឧបត្ថម្ភ គាំទ្រយ៉ាងពេញទំហឹងរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ ដែលជានិច្ចជាកាល យើងតែងចាត់ទុកថាមានតែការរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសុភមង្គល និងវិបុលភាពដ៍ធំធេងរបស់ប្រជាជននៃប្រទេសទាំងពីរ។
ជាទីបញ្ជប់លោកជំទាវក៏បានជូនពរគណៈប្រតិភូបំពេញទស្សនកិច្ចទទួលបានជោគជ័យ រីករាយក្នុងការស្នាក់នៅក្នុងប្រទេសកម្ពុជា និងមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។