នាយឧត្តមសេនីយ៍ អ៉ី ឈាន បើកសិក្ខាសាលាស្តីពី ការប្រើប្រាស់ឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ ក្នុងវិស័យអភិវឌ្ឍន៍


នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពីការប្រើប្រាស់ឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ (សូឡា) ក្នុងវិស័យអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទ នៅនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ។

ពិធីនេះក៏មានការចូលរួមពី សំណាក់ឧត្តមសេនីយ៍ឯក អ៊ុក កោសា នាយក នៃនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នាយកដ្ឋានអភិវឌ្ឍន៍ ព្រមទាំងបណ្តាលអង្គភាពចំណុះក្រសួងការពារជាតិ និងតំណាងក្រុមហ៊ុនធ្វើបទបង្ហាញស្តីពី អត្ថប្រយោជន៍នៃឧបករណ៍ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ នាយកដ្ឋានអភិវឌ្ឍន៍ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Kailand Cambodia Co.,Ltd ចំនួន៥គម្រោងលើវិស័យវិស័យថាមពលសូឡា ដើម្បីចូលរួមលើកកម្ពស់វិស័យថាមពលសូឡា នៅតាមបណ្តាអង្គភាពនានា ចំណុះឱ្យក្រសួងការពារជាតិ។

សម្រាប់ការចុះអនុស្សារណៈរវាងក្រុមហ៊ុនកូរ៉េខាងត្បូង ដោយយល់ព្រមអភិវឌ្ឍន៍លើវិស័យចំនួន៥គម្រោង ជាមួយនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ រួមមាន៖ ទី១៖ គម្រោងសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យរបស់យោធាកម្ពុជា, ទី២៖ គម្រោងផ្តល់ថាមពលអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យដល់យោធិនកម្ពុជាជាលក្ខណៈបុគ្គល និងប្រព័ន្ធភ្លើង LED សម្រាប់បន្ទាយយោធា, ទី៣៖ ការផ្គត់ផ្គង់សម្ភារៈយោធា, ទី៤៖ គម្រោងការសាងសង់បន្ទាយកងទ័ព និងទី៥៖ ការគ្រប់គ្រងកម្មវិធីហ្វឹកហ្វឹននីតិសម្បទាអតីតយុទ្ធជន។

លោក Kim Hyung Jun សម្រាប់នៅតាមបណ្តាលខេត្តនីមួយៗ ឬតំបន់នីមួយៗ ក្រុមហ៊ុនរបស់លោកអាចនឹងផ្គត់ផ្គង់ថាមពលសូឡា១៧ ម៉េហ្គាវ៉ាត់ ដើម្បីធ្វើការអភិវឌ្ឍន៍ ដូច្នេះយោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន គឺមានតម្រូវខុសគ្នានៅតាមស្ថានភាព និងការប្រើប្រាស់ជាក់ស្តែងរបស់អង្គភាព ប្រហែល២ ឬ១មេហ្គាវ៉ាត់ តែប៉ុនណ្ណោះ សម្រាប់ឆ្នាំ២០១៩នេះ ក្រុមហ៊ុនរបស់លោកនឹងប្តេជ្ញាចិត្ត សហការជាមួយស្ថាប័នរបស់កម្ពុជា ដើម្បីអភិវឌ្ឍន៍គម្រោង១ ឬ២ ក្នុងចំណោមទាំង៥គម្រោងខាងលើនេះ ឱ្យបានផងដែរ។

ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៍ត្រី អ៊ុក ហឿនពិសី នាយករងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ជាប្រធានក្រុមប្រឹក្សាធុរកិច្ច បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបានរំដោះប្រទេសជាតិពីសង្គ្រាមរួចមក គឺបានប្រែក្លាយនាយកដ្ឋានអភិវឌ្ឍន៍ដែលពីអតីតកាលកាន់តែអាវុធនោះ ឱ្យទៅជានាយកដ្ឋានមួយដើម្បីធ្វើធុរកិច្ច ជាមួយបណ្តាលដៃគូរសហគ្រាសគ្រាសឯកជនទាំងក្នុងស្រុក និងបរទេស ដើម្បីប្រែក្លាយវិស័យការពារជាតិកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមសម័យបច្ចេកវិទ្យាផងដែរ៕