សិក្ខាសាលាស្ដីអំពីបច្ចេកវិទ្យាកាត់បន្ថយទឹកដក់លើកម្រាលផ្លូវក្នុងក្រុង ដោយប្រើប្រាស់ប្រភេទដុំបេតុងជម្រាបទឹក


ព្រឹកថ្ងៃពុធ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបើកសិក្ខាសាលាស្ដីអំពីបច្ចេកវិទ្យាកាត់បន្ថយទឹកដក់លើកម្រាលផ្លូវក្នុងក្រុង ដោយប្រើប្រាស់ប្រភេទដុំបេតុងជម្រាបទឹក តាមរយៈគម្រោងសាកល្បអនុវត្តដោយក្រុមហ៊ុន OMURA Ceratec Co.,Ltd ដែលគាំទ្រដោយ JICA។

លោក​ អភិបាលរងខេត្តក៏បានបញ្ជាក់ផងដែរថា​ ក្រុមប្រតិភូបានមកដល់ទឹកដីខេត្តសៀមរាបជាខេត្តគោលដៅទេសចរណ៍វប្បធម៌មួយដ៏សំខាន់មួយនៃព្រះរាជាណាចក្រកម្ពុជា​​ តាមរយៈគម្រោងសាកល្បង ” ការរួមចំណែកក្នុងការការពារទឹកដក់លើកម្រាលផ្លូវនិងចិញ្ចើមផ្លូវក្នុងក្រុង ដោយប្រើប្រាស់ប្រភេទដុំបេតុងជម្រាបទឹក​ជាបច្ចេកវិទ្យាថ្មីរបស់ជប៉ុន” ដែលកំពុងបន្តរសាងសង់នៅលើកំណាត់ផ្លូវ២ធ្នូ មុខមន្ទីរពេទ្យបង្អែកខេត្ត ជាគម្រោងជំនួយឥតសំណងរបស់ជប៉ុន ជាមួយគ្នានេះលោកសាស្ត្រាចារ្យក៏នឹងធ្វើបទបង្ហាញដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍លើបច្ចេកវិទ្យាខាងលើនេះ។

​ជាមួយគ្នានេះដែរ​ លោក​ អភិបាលរងខេត្តក៏សង្ឃឹមថាបទបង្ហាញរបស់លោកសាស្ត្រាចារ្យនឹងមានសារៈប្រយោជន៍ដ៏ល្អ ជាផ្នែកមួយក្នុងការដុះខាត់និងបណ្តុះបណ្តាលចំណេះដឹងថ្មីៗបន្ថែមទៀតដល់សិក្ខាកាម ជាធនធានមនុស្សសម្រាប់ខេត្តសៀមរាបយើង ដែលនឹងរួមចំណែកអភិវឌ្ឍន៍ក្រុងសៀមរាបប្រកបដោយ​ភាព បៃតង ឆ្លាតវៃ និងមាននិរន្តរភាព ឲ្យសក្តិសមជាទីក្រុងទេសចរណ៍ដែលមានសម្បត្តិបិតិកភ័ណពិភពលោកស្ថិតនៅ នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ​ លោក​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋក៏ដូចជារដ្ឋាភិបាលជប៉ុនដែលជានិច្ចកាលតែងតែជួយជ្រោមជ្រែងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបបវ័ន្តផ្សេងៗនិងការបណ្តុះបណ្តាលធនធានមនុស្ស ជប៉ុនគឺជាដៃគូរអភិវឌ្ឍន៍មួយដែលមិនអាចខ្វះបានសម្រាប់កម្ពុជា៕