មានប្រសាសន៌ជាអធិបតីក្នុងពិធីបើក សន្និសីទជាតិស្តីពី «ការអភិវឌ្ឍវិស័យកសិពាណិជ្ជកម្មប្រកបដោយនិរន្តរភាពនិងភាពប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា» នៅព្រឹកថ្ងៃអង្គារ ១៤រោជ ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញអេរ៉ា រាជធានីភ្នំពេញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានគូសបញ្ជាក់ថា៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តមសូមសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុងអង្គសន្និសីទជាតិដ៏មានសារៈសំខាន់នេះ ដោយមានវត្តមានចូលរួមជាច្រើនពីសំណាក់ ភ្ញៀវជាតិ និងអន្តរជាតិ ។
ក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឲ្យអនុវត្តនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលនឹងបន្តផ្តោតការយកចិត្តទុកដាក់លើ«វិស័យអាទិភាព៤»ដោយតម្កល់«មនុស្ស»ជាអាទិភាពទី១នៅលើគេ។ ក្នុងគោលដៅនេះ ចតុកោណយុទ្ធសាស្ត្រទាំង៤ នៃយុទ្ធសាស្ត្រចតុកោណត្រូវបានរៀបចំកែសម្រួលឡើងវិញឲ្យឆ្លុះបញ្ចាំងវិស័យអាទិភាព៤ និងកិច្ចការមួយចំនួនទៀត ដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍកម្ពុជានៅក្នុងដំណាក់កាលថ្មីដូចជា៖ ការអភិវឌ្ឍធនធានមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការលើកស្ទួយវិស័យឯកជននិងការងារ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។
កន្លងមកនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចូលរួមនៅក្នុងការលើកស្ទួយសហគ្រាសធុនតូច និងមធ្យមជាច្រើន ទៅលើការពង្រឹងគុណភាពផលិតផល ការបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិកកម្មករ តាមរយៈវិធីសាស្រ្ត និងឧបករណ៍ផលិតភាពដូចជា៖ «ស៥» ឬគេហកិច្ចល្អប្រាំយ៉ាង ខាយហ្សិន ឬការធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់ GMP, HACCP, ISO9001:2015 ISO22000:2005 ដែលក្រុមហ៊ុនគម្រូជោគជ័យមួយចំនួន ទទួលបានវិញ្ញាបនបត្រទទួលស្គាល់កម្រិតអន្តរជាតិគួរឲ្យកត់សម្គាល់។ ទទ្ទឹមនេះដែរ តាមរយៈមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងឲ្យប្រទេសកម្ពុជា ហើយជាសមាជិករបស់អង្គការ APO(ASEAN Productivity Organization) ដែលមាន២០ប្រទេសជាសមាជិក ក្នុងបេសកកម្មអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅគ្រប់ប្រទេសជាសមាជិករបស់អង្គការAPO ក្នុងនោះមានវិស័យសំខាន់បីរួមមាន៖ ឧស្សាហកម្ម កសិកម្ម និងសេវាកម្ម ។ ដូចនេះហើយ បានជាកន្លងមកក្រសួងក៏មានការជួយផ្សព្វផ្សាយផ្នែកកសិកម្មផងដែរ ដោយគម្រោងខ្លះត្រូវបានសហការជា មួយនាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈសិក្ខាលាលា វគ្គបណ្តុះបណ្តាល និងសន្និសីទជាតិជាដើម។
ដោយឡែកប្រធានបទនៃអង្គសន្និសីទជាតិថ្ងៃនេះ គឺផ្តោតទៅលើការអភិវឌ្ឍកសិពាណិជ្ជកម្ម ដែលជាផ្នែកមួយចូលរួមចំណែកដល់វិស័យសេដ្ឋកិច្ច តាមរយៈការផ្តល់ការងារឲ្យប្រជាជន លើសពី៥០ភាគរយ នៅក្នុងការផលិត និងនាំផលិតផលចេញទៅក្រៅប្រទេស។ ហើយនេះទៀតសោត ក៏ជាឱកាសមួយនៅក្នុងការពង្រីកអាជីវកម្មរបស់ពួកគាត់ ព្រោះដោយសារកំណើនឡើងនៃប្រជាជនទីក្រុង និងតម្រូវការទីផ្សារពិភពលោកផងដែរ ។ ជាក់ស្តែងស្រូវ-អង្ករ កម្ពុជាយើងគឺ បានឆ្លើយតបទៅនឹងលក្ខខណ្ឌត្រឹមត្រូវ ជាពិសេសផ្អែកទៅលើឱជារស និងគុណភាព ក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោក យើងទទួលបានចំណាត់ថ្នាក់លេខ១បីឆ្នាំជាប់ៗគ្នាគឺឆ្នាំ២០១២, ២០១៣ និង២០១៤ និងឆ្នាំចុងក្រោយ២០១៨ នេះផងដែរ ។ បើទោះបីជា យើងពិតជាមានផលិតផលដែលមានគុណភាពយ៉ាងណាក៏ដោយ ក៏ផលិតភាពកសិផលនៃកសិពាណិជ្ជកម្មរបស់យើងនៅមានកម្រិតដែរ នេះដោយសារប្រសិទ្ធភាពការងារនៃកម្លាំងពលកម្ម បច្ចេកទេស និងបច្ចេកវិទ្យា។ បច្ចុប្បន្នក្រុមហ៊ុនទាំងឡាយដែលមិនទាន់អាចនាំចេញ ផលិតផលកសិពាពណិជ្ជកម្មរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសបាន ត្រូវធ្វើកិច្ចការជាច្រើនទៀត ដើម្បីអាចសមាហរណកម្មចូលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក ដូចជា គុណភាព និងសុវត្ថិភាពផងដែរ។ ព្រោះថា បើយើងមិនខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ជាមុនទេ ក្រុមហ៊ុនធំៗខ្នាតអន្តរជាតិ អាចនឹងមកដណ្តើមទីផ្សារដែលកំពុងមានសព្ចថ្ងៃ ហើយនឹងប៉ះពាល់ដល់ភាពរស់រាន មានជីវិតរបស់ក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលដែរ។ ដូចនេះហើយ ក្រុមហ៊ុនកសិពាណិជ្ជកម្មនៅប្រទេសកម្ពុជា ត្រូវតែលើកតម្កើងផលិតភាព និងភាពប្រកួតប្រជែង ដើម្បីទទួលនូវអត្ថប្រយោជន៍ពីពួកគេ ព្រោះប្រទេសមួយរីកចម្រើនបាន គឹពឹងផ្អែកទៅលើសេដ្ឋកិច្ចជាតិ ដែលគាំទ្រវិស័យសំខាន់ៗនៅប្រទេសរបស់ខ្លួន។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សង្ឃឹមថាបទឧទ្ទេសនាមលោកជំនាញការអន្តរជាតិរបស់APO ដែលមានបទពិសោធន៍ច្រើនយ៉ាង និងធ្លាប់បានឆ្លងកាត់នៃការចែករំលែកបទពិសោធន៍របស់គាត់ ទៅលើប្រធានបទខាងលើ ជាមួយនឹងបណ្តាប្រទេសនានាដែលជាសមាជិករបស់អង្គការAPO ជាច្រើនឆ្នាំ ក៏ដូចជាគ្រូឧទ្ទេសនាមនៅក្នុងស្រុក ដែលមានអាជីវកម្មទាក់ទងទៅនឹងកសិពាណិជ្ជកម្ម នឹងធ្វើការចែករំលែកនៅក្នុងវគ្គសន្និសីទនេះតែម្តង ដើម្បីទាញចំណាប់អារម្មណ៍អស់លោក លោកស្រីថា តើក្រោយរយៈពេលបីថ្ងៃនេះ អស់លោក លោកស្រី អាចនឹងទទួលបានអ្វីខ្លះ ពីធាតុចេញពីវគ្គសន្និសីជាតិនេះ ដើម្បីអភិវឌ្ឍសម្រាប់អាជីវកម្មរៀងៗខ្លួន នៅក្នុងការជួយលើកតម្កើងកសិពាណិជ្ជកម្ម នៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា៖គោលបំណងសំខាន់ៗនៃអង្គសន្និសីទជាតិនេះមាន៣ចំណុចគឺ៖
១). បង្កើតនូវផែនទីរួមមួយជាមួយនឹងកម្មវិធីផ្សព្ចផ្សាយ សម្រាប់ដំណើរការកសិពាណិជ្ជកម្មនៅថ្ងៃមុខ
២.) ការអនុវត្តទៅលើកម្មវិធីផ្សព្វផ្សាយ បូកបញ្ចូលបច្ចេកទេស និងបច្ចេកវិទ្យានៃការបង្កើតថ្មី, និង
៣.) បង្កើននូវផែនការសកម្មភាពនៃការអនុវត្តទៅលើទស្សនទាន បច្ចេកទេស បច្ចេកវិទ្យា និងការអនុវត្តល្អនៃកសិពាណិជ្ជកម្ម នៃឧស្សាហកម្ម សហគ្រាស សិប្បកម្ម កសិដ្ឋាន ពីកម្មវិធីនេះ ដើម្បីឲ្យសិក្ខាកាមជ្រាប និងអាចយកទៅអនុវត្តបាន ដោយផ្អែកចំណុចល្អៗ និងសំខាន់ៗទាក់ទងទៅនឹងកសិពាណិជ្ជកម្ម ដែលនឹងត្រូវបានចែករំលែកក្នុងអង្គសន្នីសីទនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និន្នាការរបស់ពាណិជ្ជករ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជាតិស្តីពី ការអភិវឌ្ឍវិស័យកសិពាណិជ្ជកម្មប្រកបដោយនិរន្តរភាពនិងភាពប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា
