ឯកឧត្តម លឹម គានហោ បានអនុញ្ញាតឲ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ


នៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក Jiangfeng Zhang នាយកផ្នែកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្ម នៃនាយកដ្ឋានភូមិភាគអាស៊ីអាគ្នេយ៍ របស់ ADB បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើរិស័យធនធានទឹកក្រោមកម្មវិធីវិនិយោគ និងជំនួយបច្ចេកទេសរបស់ ADB ។
នៅក្នុងជំនួប លោកនាយក Jiangfeng Zhang បានធ្វើរបាយការណ៍ជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីវឌ្ឍនៈភាពនៃកិច្ចខំប្រឹងប្រែងរបស់ ADB លើការកសាងកម្មវិធីវិនិយោគ ( Landing Program )និងជំនួយបចេ្ចកទេស ( Non-Landing Program ) សម្រាប់ឆ្នាំ២០១៩-២០២២ លើវិស័យធនធានទឹក និងឧតុនិយម រួមមានគម្រោងដូចខាងក្រោម៖
១- គម្រោងធ្វើអោយប្រសើរផ្នែកធារាសាស្រ្ត Irrigated Agriculture Improvement Project (IAIP) ដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ ២០១៩ ។
២- គម្រោងបរិធានហិរញ្ញប្បទានច្រើនយ៉ាងសម្រាប់ការគ្រប់គ្រងវិស័យធនធានទឹក Multiple Financing Facility (MFF) on Water Resources Management ដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ ២០២០ ។
៣- ផែនទីបង្ហាញផ្លូវ និងកម្មវិធីវិនិយោគរយៈពេលវែងលើប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងធនធានទឹក ( Long Term Road Map and Long Term Investment Program on Irrigation Systems and Water Resources Management )។
បន្ទាប់ពីបានស្តាប់របាយការណ៍ខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃចំពោះការជួយគាំទ្ររបស់ ADB លើការអភិវឌ្ឍលើគ្រប់វិស័យ នៃសេដ្ឋកិច្ចកម្ពុជា និងដោយឡែកសម្រាប់វិស័យធនធានទឹក ដែលមានការរីកចម្រើនរហូតមកដល់ពេលនេះ ។
ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាង ADB និងក្រសួងធនធានទឹក និងឧតុនិយម ដែលបានសហការរៀបចំគម្រោងកម្មវិធីខាងលើ ដែលមានលក្ខណៈប្រតិសកម្ម និងប្រទាក់ក្រឡាគ្នាយ៉ាងរលូន ក្នុងការរៀបចំ បេសកកម្មរៀបចំកម្មវិធី ( Country Programming Mission ) , យុទ្ធសាស្រ្តភាពជាដៃគូ ( Cambodia Country Partnership Strategy ) និង ផែនការការងារកិច្ចដំណើរការ (Country Operations Business Plan ) ឆ្នាំ ២០១៩-២០២២ សម្រាប់ប្រទេសកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយនិរន្តរភាព។

កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសរីករាយស្និទស្នាល និងបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការអោយកាន់តែល្អប្រសើរថែមទៀត រវាងក្រសួងធនធានទឹក និងឧតុនិយម និង ADB លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធ្វើអោយវិស័យនេះកាន់តែមានការវិវឌ្ឍរីកចម្រើនសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ។