ឯកឧត្តម ផៃ ស៊ីផាន​ បានលើកឡើងថា ជាយុទ្ធសាស្រ្ត សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានមហិច្ឆតាអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ នៅតំបន់អាស៊ាន


ភ្នំពេញ ៖ ស្របពេល ដែលខេត្តព្រះសីហនុ កំពុងទទួលបានការអភិវឌ្ឍន៍ និងវិនិយោគយ៉ាងគំហុក ពីអ្នកវិនិយោគចិន ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ជាយុទ្ធសាស្រ្ត សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានមហិច្ឆតាអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ នៅតំបន់អាស៊ាន ឲ្យក្លាយជាកូននាគនៅតំបន់អាស៊ី ។

ក្នុងសិក្ខាសាលាពង្រឹង សមត្ថភាពអ្នកនាំពាក្យសកម្ម ឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់ កិត្តិយសខេត្តជាប់មាត់សមុទ្រកម្ពុជា នៅព្រឹកថ្ងៃទី៧ មីនានេះឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងបន្ថែមថា ស្របតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រទេសកម្ពុជា មិនដែលយកបរទេសណាមួយ ធ្វើជាសត្រូវនោះទេ ពោលគឺកម្ពុជាត្រូវការមិត្តគ្រប់ទិសទី កម្ពុជាស្វាគមន៍មិត្តបរទេសមកជួយអភិវឌ្ឍប្រទេសជាតិដោយគ្មានការរើសអើង ឬប្រកាន់និន្នការនយោបាយនោះទេ ។

បន្ថែមពីលើនេះ លោក បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាសាស្រ្តាចារ្យវិទ្យានយោបាយ បានពន្យល់យ៉ាងលម្អិត ពីប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ចិន ។ ក្នុងនោះលោកសាស្រ្តាចារ្យបានលើកឡើងថា កម្ពុជា-ចិនមានទំនាក់ទំនងជាប្រវត្តិសាស្រ្ត តាំងពីមុនគ.ស ទៅទៀត មិនមែនទើបតែមានទំនាក់ទំនង ក្នុងពេលបច្ចុប្បន្ននេះទេកម្ពុជា ត្រូវការមិត្តចិនជួយអភិវឌ្ឍ ទាំងពេលបច្ចុប្បន្ននិងអនាគត ។

សូមបញ្ជាក់ថា ការិយាល័យអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំសិក្ខាសាលា ស្ដីពីអ្នកនាំពាក្យសកម្មឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់ កិត្តិយស ខេត្ត-ក្រុង ភ្ជាប់ជាមួយនឹងកិច្ចថែរក្សា លើកតម្កើងអធិបតេយ្យភាព ឯកភាព និងមោទកភាពនៃជាតិរស់ឡើងវិញ ។ សិក្ខាសាលានេះធ្វើឡើង នៅសាលាខេត្តព្រះសីហនុរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦-៧ខែមីនា ដោយមានការចូលរួមជាវាយគ្មិនកិត្តិយស ពីលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិតសភាចារ្យរស់ ចន្រ្តាបុត្រ ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល អភិបាលរងខេត្តកែប កំពត កោះកុង កម្លាំងមានមត្ថកិច្ច ព្រមទាំង មន្រ្តីសាលាខេត្ត ក្រុង មន្ទីរ និងស្ថាប័នជំនាញ នៃខេត្តជាប់មាត់សមុទ្រ ប្រមាណជាង១០០នាក់។

គួរបញ្ជាក់ថា ស្របតាមយុទ្ធសាស្រ្តផ្លូវមួយខ្សែក្រវាត់មួយ ក្រោមការផ្ដួចផ្ដើមពីលោក ស៊ីជិនពីងប្រធានាធិបតីចិនខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះបាន និងកំពុងទទួល ការវិនិយោគយ៉ាងគំហុក ពីវិនិយោគិនចិនលើវិស័យសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងសម្រាកលំហែផ្សេងៗ សម្រាប់ទទួលទេសចរគ្រប់ជាតិសាសន៍៕