អភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ឯក សេក ភូមី ជំរុញឲ្យមន្រ្តីនគរបាលខេត្តកំពង់ចាម ខិតខំបន្តបម្រើសេវាជូនប្រជា​ពលរ​ដ្ឋ​ឲ្យកាន់តែល្អ​ថែមទៀត


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន​ បានថ្លែងជំរុញឲ្យមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើការខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ ប្រសើរថែមទៀត​។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងនៅ​ឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោកឧត្តមសេនីយ៍ឯក សេក ភូមី អគ្គស្នងការរងនគរបាលជាតិ ក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ​២០​១៨ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់​ចាម និងផ្សព្វផ្សាយការងារទិសដៅឆ្នាំ ២០១៩ របស់អគ្គស្នងការនគរបាលជាតិ ​នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ​២០១៩ នៅស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម។

បន្ទាប់ពីការអានរបាយការណ៍ ដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម, ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានថ្លែងសូមឲ្យមន្ត្រីនគរបាលគ្រប់ថ្នាក់ គ្រប់ជំនា​ញ គ្រប់ផ្នែក ត្រូវប្រមូលផ្ដុំនូវបញ្ញាញាណប្រើប្រាស់សមត្ថភាព ប្រើប្រាស់កម្លាំងដែល​មានឲ្យអស់លទ្ធភាព ដើម្បីថែរក្សាសន្តិសុខ នៅ​មូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ​។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា «យើងពិតជាមានមោទន​ភាព នៃលទ្ធផលការងារក្នុងឆ្នាំ២០១៨ កន្លងទៅដោយកម្លាំងសមត្ថកិច្ចយើង បានខិតខំធ្វើការបម្រើសេវា ជូនប្រជា​ពលរដ្ឋ ក៏ដូចជាការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ដែលធ្វើឲ្យឃុំ​-សង្កាត់ ចំនួន​៩៩ ក្នុងចំណោម​១០៩ ឃុំ-សង្កាត់ ទទួលចំណាត់ថ្នាក់លេខ​១។ ដូច្នេះ​ដោយមានចលនាប្រឡងប្រណាំងបម្រើសេវា​របស់អាជ្ញាធរឃុំ-សង្កាត់ផងនោះ យើងរំពឹងទុកថា​ក្នុងឆ្នាំ​២០១៩​នេះ ឬនៅឆ្នាំ​២០២០​ខាងមុខ យើងនឹងធ្វើឲ្យឃុំ-សង្កាត់ បានជាប់ចំណាត់ថ្នាក់លេខ​១ ទាំង​១០៩ ឃុំសង្កាត់តែម្តង នោះទើបកាន់តែប្រសើរ»។

ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ឯក សេក ភូមី បានថ្លែងថា ការអនុវត្ត​គោលនយោបាយភូមិឃុំមានសុវត្ថិភាព ខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ​១ ទូទាំងប្រទេស​៤​ឆ្នាំជាប់គ្នា​។ ប៉ុន្តែទោះជាដូច្នេះ ក៏នៅមានសេសសល់បញ្ហាប្រឈមដូចជា ស្ថាន​ភាពបទល្មើសព្រហ្មទណ្ឌទូទៅ នៅមានកំណើន៨ភាគរយ ក្នុងនោះករណីលេចធ្លោ គឺករណីរំលោភ បទល្មើសមជ្ឈឹមមានកំណើន៨ភាគរយដែរ ​ករណីលួច ហិង្សាចេតនា និងហិង្សាក្នុងគ្រួសារ។

ចំណែកករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ២ករណី ប៉ុន្តែបែរជាមានករណីស្លាប់មនុស្សច្រើនជាងឆ្នាំមុន គឺ​១០៨​នាក់លើ ៩០នាក់ បញ្ហាល្បឿន​ និងបើកបរក្នុងស្ថានភាពស្រវឹង​។ ​បញ្ហាអគ្គិភ័យក៏មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ដែលភាគច្រើនកើតឡើងដោយការធ្វេសប្រហែស និងការឆ្លងចរន្តអគ្គិសនី​។

ដោយឡែក ការធ្វើអត្តឃាតក៏មានការកើនឡើងដែរ ដែលធ្វើឲ្យមនុស្សស្លាប់​៤៩នាក់ ហើយបញ្ហានេះ​សមត្ថកិច្ច​នៅមិនទាន់ស្រាវជ្រាវដឹងច្បាស់អំពីមូលហេតុ​ ដើម្បីមានវិធានការទប់ស្កាត់នៅឡើយទេ ប៉ុន្ដែលោកឧត្តម​សេនីយ៍ឯក សេក ភូមី ក៏បានថ្លែងកោតសរសើរនូវលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ របស់ស្នងការនគរបាលខេត្តកំពង់ចាមផងដែរ៕