ក្រុមហ៊ុនលំដាប់ពិភពលោកបានទទួលស្គាល់ការរីកចម្រើនរបស់កម្ពុជា


ថ្នាក់ដឹកនាំក្រុមហ៊ុនលំដាប់ពិភពលោក NIKE  ដែលជាក្រុមលំដាប់យក្សមួយបានទទួលស្គាល់ពីការរីកចម្រើន និងវឌ្ឍនភាពរបស់កម្ពុជាដែលកំពុងសម្រេចបាននាទសវត្សរ៍ថ្មីនេះ។

ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន ស័រស័ក្តិ កាលពីថ្ងៃទី៦ មិនាកន្លងមកនេះ លោក Chris Helzer អនុប្រធានក្រុមហ៊ុន NIKE ទទួលបន្ទុកផ្នែកពាណិជ្ជកម្មសាកល និងកិច្ចការរដ្ឋាភិបាល NIKE បានមានប្រសាសន៍ដោយលើកឡើងពីមោទនភាព ដែលក្រុមហ៊ុនលោកបានបង្កើតការងារជូនប្រជាជនកម្ពុជា៤៥,០០០នាក់ តាមរយៈរោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើងជាដៃគូចំនួន៧ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកទីផ្សារ ដើម្បីនាំយកនូវភាពជោគជ័យបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណក្រុមហ៊ុន NIKE ដែលបានធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានជម្រាបលោក Chris Helzer អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រ​ង់របស់រាជរដ្ឋាភិបាល ការចរចារធ្វើពិពិធកម្មទីផ្សារ, ការចូលរួមបង្កើតប្លុកពាណិជ្ជកម្មសេរី និងការចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសដៃគូអាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបតំណាងក្រុមហ៊ុន NIKE អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការកាត់បន្ថយការិយាធិបតេយ្យ ការជំរុញតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមព​ល និងឌីជីថល, ការកាត់បន្ថយតម្លៃអគ្គិសនី និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបគម្រោងវិនិយោគធំៗជាដើម៕