ក្រសួងទេសចរណ៍ ជំរុញប្រតិបត្តិករនៅខេត្តព្រះសីហនុ ខិតខំពង្រឹងសមត្ថភាព ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អ


(ព្រះសីហនុ)៖ ស្របពេលនឹងការរីកចម្រើន នៃឧស្សាហកម្មទេសចរណ៍ និងការកើនឡើងនៃសម្បទាទ្រទ្រង់ទេសចរណ៍ នៅតាមគោលដៅទេសចរណ៍ ជាពិសេសតំបន់ឆ្នេរសមុទ្រ ក្រសួងទេសចរណ៍ បាន និងកំពុងគិតគូយកចិត្តទុកដាក់ខ្ពស់ លើការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ឱ្យឆ្លើយតបទៅតម្រូវការកម្លាំងពលកម្មជំនាញក្នុងវិស័យទេស​ចរណ៍ ទាំងបរិមាណ និងគុណភាព។

ឆ្លើយតបទៅនឹងបញ្ហានេះ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ មានរៀបចំកិច្ចប្រជុំពិភាក្សាលើតម្រូវការ និងផ្គត់ផ្តង់ការបណ្តុះបណ្តាល និងកម្លាំងពលកម្មជំនាញក្នុងវិស័យ​ទេស​ចរណ៍ ក្រោមអធិបតីភាពលោកជំទាវ ហៀក ហ៊ីមល្លី អភិបាលរងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់នាយកដ្ឋានជំនាញ នៃក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ តំណាងសាលាបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធសរុបប្រមាណ ៨៥នាក់។

កិច្ចប្រជុំបានកត់សម្គាល់ពីសារសំខាន់អំពីតួនាទី និងការចូលរួមរបស់ភាគីពាក់ព័ន្ធ ជាពិសេសប្រតិបត្តិករ​ទេស​ចរណ៍ និងអាជីវកម្មក្នុងវិស័យទេសចរណ៍ នៅក្នុងការជំរុញបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់បុគ្គលិករបស់ខ្លួនទាំងបុគ្គលិកដែលបាន និងកំពុងបម្រើការងារ និងបុគ្គលិកថ្មីឱ្យមានជំនាញ និងសមត្ថភាពក្នុងការផ្តល់សេវាកម្មជូនភ្ញៀវឱ្យបានកាន់តែល្អ។

អង្គប្រជុំបានឯកភាពរួមលើការកំណត់ ឱ្យមូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងអស់ ត្រូវមានបុគ្គលិកដែលឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងហោចណាស់ ៣០% នៃចំនួនបុគ្គលិកសរុប ដោយក្នុងនោះសម្រាប់មូលដ្ឋានអាជីវកម្មដែលបាន និងកំពុងដំណើរការ ហើយមានបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល មិនទាន់បានចំនួន ៣០%​ ឡើង ត្រូវធ្វើការបញ្ជូនបុគ្គលិកទាំងអស់នោះ ទៅទទួលការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច និងអាចចូលរួមវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចដែលរៀបចំដោយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍។

ដោយឡែក សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលបើកថ្មីត្រូវធានាមានបុគ្គលិក ដែលជ្រើសរើសមកបម្រើការងារ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច យ៉ាងហោចណាស់ ៣០% នៃបុគ្គលិកសរុបផងដែរ។

គួរកត់សម្គាល់ថា ពាក់ព័ន្ធនឹងការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្រសួង​ទេសចរណ៍​​បាន​​​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​ «បុគ្គលិកម្នាក់ ជំនាញ​​មួយ» ​និងគោលដៅយុទ្ធសាស្រ្តរបស់ខ្លួន រួមមាន៖

* ឆ្នាំ២០២០៖ ត្រូវជំរុញបង្កើតការងារផ្ទាល់ឲ្យបានប្រមាណ ១លាននាក់ ហើយត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន តាមរយៈការបណ្តុះបណ្តាល និងការវាយតម្លៃសមត្ថភាព។

* ឆ្នាំ២០២៥៖ ត្រូវសហការចូលរួមបង្កើតការងារផ្ទាល់ឲ្យបានប្រមាណ ១.២លាននាក់ និងត្រូវសម្រេចឲ្យបានយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញ​​មួយ» ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ (១០០%) ឲ្យមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន។

* ឆ្នាំ២០៣០៖ ត្រូវសហការចូលរួមសម្រេចឲ្យបានគោលដៅអភិវឌ្ឍ ប្រកបដោយនិរន្តរភាព SDG4: «ធានា​​ឲ្យបាននូវការអប់រំបណ្តុះបណ្តាល ប្រកប​ដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតដល់ជនគ្រប់រូប» និង SDG8: «ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប» ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍមូលធនមនុស្ស ទាំងក្នុងបរិបទជាតិ និងតំបន់៕