សម្តេចពិជ័យសេនា ទៀ បាញ់ បន្តចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើង នៅច្រកអានសេះ ខេត្តព្រះវិហារ


(ព្រះវិហារ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខកងទ័ពកម្ពុជាតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅច្រកអានសេះ ស្ថិតនៅខេត្តព្រះវិហារ ដែលជាប់ជាមួយខេត្តតអ៊ូប៊ុន ប្រទេសថៃ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត។

បន្ទាប់ពីចុះសួរសុខទុក្ខកងទ័ពដែលឈរជើងប្រចាំការនៅច្រកអានសេះ រួចមកសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានដឹកនាំគណៈប្រតិភូ បន្តចុះត្រួតពិនិត្យការកសាងរូប សំណាក់របស់លោកតា អ៊ុ ទស្សនាការលក់ដូររបស់ក្រុមអាជីវករនៅផ្សារកម្ពុជា-ថៃ និងបន្តទៅសួរសុខទុក្ខ ដល់កងទ័ពដែលឈរជើង នៅលើប្រាសាទព្រះវិហារផងដែរ។

សូមជម្រាបថា អាជ្ញាធរកម្ពុជា-កម្ពុជា បាននិងកំពុងពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហារួមគ្នា នៅច្រកអានសេះនេះឱ្យបានល្អ ដើម្បីឈានដល់ការបើកច្រកនេះ ទៅជាច្រកទ្វារអន្តរជាតិ នៅក្នុងឆ្នាំ២០១៩នេះ ផងដែរ។ ដោយឡែក នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ​ ភាគីកម្ពុជា-ថៃ ដឹកនាំដោយអភិបាលរងខេត្តទាំង២ អភិបាលស្រុក និងយោធាកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំដោះស្រាយបញ្ហាមួយចំនួន ដើម្បីឈានទៅដល់ការបើកច្រកច្រកអានសេះ ជាច្រកទ្វារអន្តរជាតិ៕