ឯកឧត្តម ស្វាយ សំអ៊ាង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អណ្តូងស្នប់ចំនួនពីរ ថែមទាំងចែកអំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋក្រីក្រ​ចំនួន១២គ្រួសារ ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា


ខេត្តមណ្ឌលគិរី៖ ជាក់ស្ដែងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ ដោយមើលឃើញពីការខ្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ជាង៤០គ្រួសារ ដែលរស់នៅ​ក្នុងភូមិជីមៀត ឃុំណងឃីលិក ស្រុកកោះញែក ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អណ្តូងស្នប់ចំនួនពីរ ថែមទាំងចែកអំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋក្រីក្រ​ចំនួន១២គ្រួសារ ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្ដេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាប់ជាប្រចាំ តាមរយៈអាជ្ញាធរមូលដ្ឋានមិនដែលរំលងនោះឡើយ។

តាមរយៈអំណោយអណ្ដូងស្នប់នៅថ្ងៃនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានណែនាំឲ្យប្រជាពលរដ្ឋត្រូវចេះរក្សាសមិទ្ធផលដែលទើបទទួលបាន ដើម្បីទុកប្រើប្រាស់បានរយៈពេលយូរទៅថ្ងៃខាងមុខ និងត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀតផងដែរ៕