កិច្ចសម្ភាសន៍ពិសេស៖ ជុំវិញបញ្ចប់ការឃុំខ្លួន កឹម សុខា និងការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យផ្លូវច្បាប់របស់តុលាការ


(ភ្នំពេញ)៖ ដោយថ្មីៗនេះមានការលើកឡើងថា លោក កឹម សុខា ត្រូវបានឃុំខ្លួនលើសរយៈពេលដែលអនុញ្ញាតដោយច្បាប់គឺមានន័យថា ឃុំខ្លួនលើសពី១៨ខែហើយ នៅពុំទាន់មានការដោះលែងទៀត។ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ដើម្បីសាកសួរអំពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធ នឹងនីតិវិធីរបស់តុលាការដែលអនុវត្តលើលោក កឹម សុខា នាពេលបច្ចុប្បន្ននេះ ដូចខាងក្រោម៖

សំណួរ៖ តើស្ថានភាពលោក កឹម សុខា នាពេលបច្ចុប្បន្ននេះស្ថិតក្នុងការឃុំខ្លួនឬយ៉ាងណា?

ឯកឧត្តម គឹម សន្តិភាព៖ ខ្ញុំសូមបញ្ជាក់ជូនថា បច្ចុប្បន្ននេះលោក កឹម សុខា មិនស្ថិតក្រោមរបបនៃការឃុំខ្លួនបណ្តោះអាសន្នទេ គឺដាក់ឲ្យស្ថិតក្នុងរបបនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីព្រោះថា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧។ ប៉ុន្តែនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរក៏បាន សម្រេចដោះលែងលោក កឹម សុខា ឱ្យនៅក្រៅឃុំវិញ ដោយជំនួសមកវិញនូវវិធានការនៃការសម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចមួយចំនួន សម្រាប់លោក កឹម សុខា អនុវត្តដោយអនុលោមតាមបទប្បញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីមាត្រា២២៣ ដល់មាត្រា២៣០។

សំណួរ៖ តើលោក កឹម សុខា ត្រូវបានឃុំខ្លួនហួសរយៈពេល១៨ខែកន្លងមកហើយឬយ៉ាងណា បើគិតពីថ្ងៃឃុំខ្លួនរហូតមកដល់ពេលនេះ?

ឯកឧត្តម គឹម សន្តិភាព៖ យើងឃើញថា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរក៏បានសម្រេចដោះលែងលោក កឹម សុខា ឱ្យនៅក្រៅឃុំវិញ ហេតុនេះមានន័យថា ការឃុំខ្លួនត្រូវបានបញ្ចប់ ហើយរយៈពេលដែលលោក កឹម សុខា ត្រូវបានឃុំខ្លួននោះគឺរយៈពេល ១ឆ្នាំ៤ថ្ងៃតែប៉ុណ្ណោះ។ ដោយឡែកក្រោយពីបញ្ចប់ការឃុំខ្លួននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរបានសម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចំពោះលោក កឹម សុខា ដោយភ្ជាប់នូវកាតព្វកិច្ចមួយចំនួនសម្រាប់ឲ្យលោក កឹម សុខា អនុវត្តរហូតមកដល់ពេលនេះ។

ហេតុដូច្នេះការណ៍ដែលលើកឡើងថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងហួសរយៈពេល១៨ខែ មកហើយនេះជាការឃុំខ្លួនខុសច្បាប់ គឺជាការលើកឡើងខ្វះភាពយល់ដឹងលើទិដ្ឋភាពច្បាប់ និងនីតិវិធីរបស់តុលាការកម្ពុជា ដោយហេតុថា តាមផ្លូវច្បាប់លោក កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតក្នុងរបបនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (ភាសាបារាំងហៅថា Contrôle Judiciaire) និងមិនស្ថិតក្រោមរបបនៃការឃុំខ្លួនបណ្តោះអាសន្ន ដែលទាក់ទងនឹងរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន ដែលមានយ៉ាងច្រើន១៨ខែនោះឡើយ។

សំណួរ៖ ដោយគេសង្កេតឃើញថា លោក កឹម សុខា ត្រូវបានស្ថិតនៅក្នុងគេហដ្ឋានរបស់លោកចាប់តាំងពីលោកត្រូវបានរួចផុតពីការឃុំខ្លួននៅពន្ធនាគារត្រពាំងថ្លុង ហេតុនេះមានការលើកឡើងថា លោក កឹម សុខា កំពុងស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ មិនអាចចាកចេញពីគេហដ្ឋានបានទេ តើករណីនេះមានការបកស្រាយបែបណាទៅវិញ?

ឯកឧត្តម គឹម សន្តិភាព៖ យើងឃើញថា យោងតាមការសម្រេចរបស់ចៅក្រមស៊ើបសួរដែសម្រេចដាក់ឲ្យលោក កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បានចង្អុលបង្ហាញនូវការតព្វកិច្ចមួយចំនួន ឲ្យលោក កឹម សុខា អនុវត្តក្នុងនោះចៅក្រមស៊ើបសួរបានកំណត់បរិវេណព្រំប្រទល់ដែនដីមួយដែលអនុញ្ញាតឲ្យលោក កឹម សុខា ធ្វើដំណើរបានដែលបរិវេណនេះ ពុំមែនមានទំហំត្រឹមតែគេហដ្ឋានលោក កឹម សុខា នោះទេ ហេតុនេះលោក កឹម សុខា អាចធ្វើដំណើរចេញពីគេហដ្ឋានរបស់លោកបាន។ ត្រង់ថាលោក កឹម សុខា ចេញ ឬមិនចេញពីគេហដ្ឋានរបស់លោក គឺជាសិទ្ធិរបស់លោក ហើយតាមច្បាប់កម្ពុជា ការឃុំខ្លួនត្រូវធ្វើនៅពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែតែប៉ុណ្ណោះ៕