ប្រសាសន៍សំខាន់ៗដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាង៣ពាន់នាក់ នាព្រឹកថ្ងៃចន្ទនេះ


នៅថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។

ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ លោកបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានឲ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះ មានចំនួនសរុប ៣,០៤៣នាក់ ក្នុងនោះមានស្ត្រី ១,៤១២នាក់។

លោកបណ្ឌិត លុយ ចណ្ណា បានឲ្យដឹងផងដែរថា និស្សិតដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ ២,៥០១នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥៤២នាក់។ លោកបណ្ឌិត លុយ ចណ្ណា បន្តថា ចាប់តាំងពីការបើកបណ្តុះបណ្តាលឡើងក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុលពត សាកលវិទ្យាល័យបានផ្តល់សញ្ញាបត្រជូននិស្សិត ចំនួន១៩លើករួចមកហើយ។ ក្នុងនោះនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមួយនេះមានជាង ៥ម៉ឺននាក់។

ខាងក្រោមជាប្រសាសន៍សំខាន់ៗដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកនយោបាយដែលធ្វើនយោបាយបន់ឲ្យគេស្លាប់មិនមែនជាអ្នកនយោបាយសុចរិតភាពនោះទេ, ទូរទស្សន៍ Fresh News កំពុងផ្សាយផ្ទាល់ទូទាំងប្រទេស

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏ធ្លាប់បានទៅបង្រៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនេះផងដែរ ពាក់ព័ន្ធនយោបាយក្រៅប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយចំពោះសមត្ថកិច្ច ដែលបានបង្ក្រាបគ្រឿងញៀននៅក្នុងក្លឹមកម្សាន្តរ៉ុក ហើយសម្តេចតេជោ ហ៊ុន សែន បានបញ្ជារកឲ្យឃើញមេខ្លោង ហើយត្រូវចាត់វិធានការដ៏ម៉ឹងម៉ាត់បំផុតតាមច្បាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកឱកាសឲ្យវិស័យឯកជនចូលរួមបណ្តុះបណ្តាលនៅថ្នាក់ឧត្តមសិក្សា គឺឆ្លើយតបការចង់បានរបស់អាណាព្យាបាល និងនិស្សិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើររបស់គណៈគ្រប់គ្រង និងសាស្ត្រចារ្យទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាក្នុងបណ្តុះបណ្តាលធនធានមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់គ្រឹះស្ថានបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា ប្រកួតប្រជែងគ្នាក្នុងការអប់រំ ហើយកសាងកេរ្តិ៍ឈ្មោះឲ្យល្បីៗដូចសាកលវិទ្យាល័យ នៅអាមេរិក។ តែសម្តេចតេជោ បានបញ្ជាក់ថា ការប្រកួតប្រជែងនេះ គឹប្រកួតប្រជែងលើគុណភាពអប់រំ មិនមែនប្រកួតដោយផ្តួលរំលំគ្នានោះទេ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសម្តែងការអបអរសាទរជាមួយនិស្សិតជ័យលាភី ក៏ដូចជាអាណាព្យាបាល ក្រុមគ្រួសារ និងសាច់ញាតិ។

* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យនិស្សិតបញ្ចប់ការសិក្សានៅថ្ងៃនេះ ប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត។ សម្តេចតេជោ បានថ្លែងថា សង្គមមានការវិវឌ្ឍន៍លឿនណាស់នាពេលបច្ចុប្បន្ន។ សម្តេចតេជោ បានលើកឡើងថា ការឈរទ្រឹងមួយកន្លែងស្មើនឹងការដើរថយក្រោយ។

* សម្តេចតេជោ បានថ្លែងថា ការពង្រីកសមត្ថភាពចំណេះដឹងនេះ មិនមែនធ្វើតែនិស្សិតទេ សូម្បីតែមន្ត្រីរបស់រាជរដ្ឋាភិបាល ក៏ត្រូវតែប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ត្រីថ្នាក់លើដែលមានកម្រិតចំណេះដឹងទាបប្រៀបដូចជាយកថ្មទៅដាក់លើពន្លក់កំពុងដុះ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវ និងលើកទឹកចិត្តឲ្យស្ត្រីសិក្សាឲ្យបានខ្ពស់បន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំឲ្យអាណាព្យាបាល និងស្វាមី លើកទឹកចិត្តឲ្យស្រ្តីជាកូន ជាភរិយាសិក្សាឲ្យបានខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន គាំទ្រការលើកឡើងរបស់លោកមេធាវី សុខ សំអឿន, លោក អ៊ូ វីរៈ និងលោក សុខ ទូច ដែលមិនគាំទ្រឲ្យមានច្បាប់ប្រហារជីវិត។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនចាំបាច់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបើកឲ្យមានច្បាប់ប្រហារជីវិតនោះទេ ត្រឹមទោសមួយជីវិតគ្រប់គ្រាន់ហើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមានធ្វើយុទ្ធនាការព្រមៗគ្នា ដើម្បីលើកកម្ពស់សីលធម៌ក្នុងសង្គម និងលុបបំបាត់ការរំលោភលើសេពសន្ថវៈលើកុមារ និងសកម្មភាពរំលោភសេពសន្ថវៈ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យមានការអនុវត្តន៍ច្បាប់ឲ្យបានម៉ឹងម៉ាត់ ជាពិសេសការដាក់ទោសមួយជីវិត ចំពោះជនរំលោភសេពសន្ថវៈ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិភាគរបស់លោក សុខ សំអឿន លោក អ៊ូ វីរៈ និងលោក សុខ ទូច មិនមានបង្កប់នយោបាយនៅក្នុងនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការវិភាគមិនបង្កប់ជាមួយនយោបាយងាយនឹងទទួលយក។ ផ្ទុយពីអ្នកនយោបាយវិភាគមកសម្តេចខុសទាំង១០ ឬលើកឡើងថា ចង់លុបបំបាត់បញ្ហាណាមួយ លុះត្រាតែប្តូរនាយករដ្ឋមន្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រឿងញៀន និងគ្រឿងស្រវឹង ជាចំណែកមួយនាំឲ្យមានការប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមធ្វើជំរឿន។ សម្តេចតេជោ បានលើកឡើងថា ការធ្វើជំរឿនសំខាន់ណាស់សម្រាប់ការអភិវឌ្ឍជាតិ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់អាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងរដូវប្រាំងឆ្នាំនេះ។

* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យជីកអណ្តូងនៅកន្លែងខ្វះទឹកប្រសើរជាង ការដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋ។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ការជួបគ្រោះរាំងស្ងួតនៅឆ្នាំនេះអាចអូសបន្លាយយូររហូតដល់ខែឧសភា។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះការរិះគន់សម្តេចរឿងលើកកំប៉ុងស្រាបៀរជល់ជាមួយអ្នកធាក់ស៊ីក្លូ

* សម្តេចតេជោ ហ៊ុន​​ សែន បានលើកឡើងថា ចរិតរបស់ក្រុមអតីតបក្សប្រឆាំងបែបនេះហើយ ទើបពិបាកក្នុងការបង្រួបបង្រួមនៅក្នុងជាតិខ្មែរ៕