ឯកឧត្តម អូស្មាន ហាស្សាន់៖ យើងនឹងខំប្រឹងប្រែងធ្វើឱ្យកម្ពុជាក្លាយជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មហាឡាល់ដ៏ធំមួយ


ភ្នំពេញ ថ្ងៃទី១១ ​ខែមីនា ឆ្នាំ២០១៩ -ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់ កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ប្រែក្លាយកម្ពុជាទៅជាតំបន់សេដ្ឋកិច្ចឧស្សាហកម្មហាឡាល់ដ៏ធំមួយ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នេះជាការលើកឡើងរបស់ ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់ កម្ពុជា ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញបិទវគ្គបណ្តុះបណ្តាលលើកទី៣ ស្តីពី មូលដ្ឋានគ្រឹះនៃស្តង់ដារហាឡាល់ កម្ពុជាកាលពីថ្ងៃសោរ៍ ៤កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលម៉ូឌែន ៥ រាជធានីភ្នំពេញ ដែលមានសមាសភាព សិក្ខាកាមអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃសាសនាអ៊ិស្លាមកម្ពុជា និងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនមុស្លិមកម្ពុជា គ្រប់រាជធានីខេត្ត ព្រមទាំងតំណាងសហគ្រាស ក្នុងស្រុកមួយចំនួន ២០០នាក់។

ឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានជម្រាបជូនអំពីសារៈប្រយោជន៍របស់ក្រុមហ៊ុន រោងចក្រសហគ្រាស ផលិតផលនានា ដែលមានបញ្ជាក់ពីស្តង់ដារហាឡាល់ កម្ពុជាថា ថ្វីត្បិតតែអ្នកកាន់សាសនអ៊ិស្លាមនៅកម្ពុជាមានចំនួនតិច អាចថាទីផ្សារអតិថិជន ក្នុងស្រុកនៅមានកម្រិត ប៉ុន្តែកម្ពុជាយើងមានភ្ញៀវទេសចរមុស្លិមមិនតិចទេ។ ទន្ទឹមនឹងនេះបណ្តារោងចក្រ សហគ្រាស ផលិតផលនានា ជាពិសេសផលិតផលហាឡាល់មានវិសាលភាពប្រកួតប្រជែងក្នុងការនាំចេញទៅកាន់ទីផ្សារដ៏ធំលើសកលលោក ដែលហាឡាល់ពិភពលោក មានទំហំទឹកប្រាក់ ៣.៣​លានលាន​ដុល្លារអាម៉េរិក (3.3​Trillion USD) គិតឆ្នាំ​២០១៧ ក្នុងនោះផ្នែកម្ហូបអាហារហាឡាល់រហូតដល់ប្រមាណ ១.០លានលានដុល្លារអាម៉េរិក (1.0 Trillion USD)។

ឯកឧត្ដមបន្តថា អតិថិជនមុស្លិមលើសកលលោក គឺមានដល់ទៅប្រមាណ ២ពាន់លាននាក់ ជាគោលដៅទីផ្សារដ៏ធំ ដែលពួកគេតម្រូវការចាំបាច់ទទួលទាន ប្រើប្រាស់ផលិតផលហាឡាល់ដោយខានមិនបាន។ លើសពីនេះអតិថិជនដែលតម្រូវការប្រើប្រាស់ហាឡាល់ គឺជាប្រជាជនទូទៅនៅលើសកលលោក ដែលមិនមែនតែអ្នកកាន់សាសនាអ៊ិស្លាមប៉ុណ្ណោះទេ ព្រោះពួកគេបានយល់ពីលក្ខខណ្ឌស្តង់ដារប្រកបដោយអនាម័យខ្ពស់ និងគុណភាពរបស់ផលិតផលដែលមានបញ្ជាក់ស្តង់ដារហាឡាល់ ។

ឯកឧត្ដមបានបន្តទៀតថា ទោះបីយ៉ាងណា ដើម្បីឱ្យក្តីរំពឹងទុកខាងលើទទួលបានជោគជ័យ ក៏ទាមទារឱ្យមានកិច្ចសហការគ្នាល្អរវាងស្ថាប័ន ក្រសួងពាក់ព័ន្ធ ជាពិសេសលេខាធិការដ្ឋានឯកទេសហាឡាល់ កម្ពុជា ក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជា ត្រូវពន្លឿន និងពង្រីកការផ្សព្វផ្សាយអំពីហាឡាល់ កម្ពុជាទៅដល់រោងចក្រ សហគ្រាស និងក្រុមហ៊ុនផលិតក្នុងស្រុកឱ្យបានកាន់តែទូលំទូលាយថែមទៀត ដោយត្រូវមានកិច្ចសហការជាមួយស្ថាប័ន ក្រសួងពាក់ព័ន្ធនានា។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា ក្រៅពីក្រសួង និងមន្ទីរពាណិជ្ជកម្ម គឺមន្ទីរឧហ្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ ក៏ជាភាគីសំខាន់ដែលត្រូវដើរតួនាំមុខបណ្តាខេត្តផ្សេងៗទៀត ក្នុងការផ្តល់កិច្ចសហការលើករណីនេះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្មហាឡាល់នៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខជាបន្តបន្ទាប់ ៕