ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា


នារសៀល ម៉ោង១៦:០០ ថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រាបលាបន្ទាប់ពីឯកឧត្តមឯកអគ្គរដ្ឋទូតនឹងបញ្ចប់បេសកកម្មការទូតនៅព្រះរាជជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្មនាពេលកន្លងមក ហើយពេញចិត្តចំពោះពេលវេលាដ៏មានតម្លៃដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានរួមដំណើរជាមួយឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំ ក៏ដូចជាចុះទៅមូលដ្ឋានដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្ដនិងលទ្ធផលគម្រោងនានាដែលបានការឧបត្ថម្ភ គាំទ្រពីសហគមន៍អឺរ៉ុប។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏សោកស្ដាយចំពោះការសម្រេចចិត្តរបស់សហគមន៍អឺរ៉ុបផងដែរក្នុងការដកការអនុគ្រោះពន្ធលើអង្ករកម្ពុជា ដែលការសម្រេចចិត្តនេះគឺដើម្បីជួយដល់កសិករនៅអឺរ៉ុបបង្កើនលទ្ធភាពក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារអឺរ៉ុប។

ក្នុងនាមឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហគមន៍អឺរ៉ុបដែលបាន នឹងបន្តជួយគាំទ្រយ៉ាងល្អប្រសើរដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើអនុវិស័យជលផល អនុវិស័យព្រៃឈើ និងផលិតកម្មសត្វ និងសុខភាពសត្វ ដែលសហគមន៍អឺរ៉ុបបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការអភិវឌ្ឍអនុវិស័យទាំងនេះប្រកបដោយចីរភាព បរិយាប័ន្ន និងនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាសហគមន៍អឺរ៉ុបនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។

សូមបញ្ជាក់ថា ពាក់ព័ន្ធនិងការលើកឡើងខាងលើរបស់ឯកឧត្តមរដ្ឋមន្ត្រីអំពីអនុវស័យជលផល ថ្មីៗនេះសហគមន៍អឺរ៉ុបបានឯកភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុប ៨៧លានអឺរ៉ូដល់ភាគីកម្ពុជា សម្រាប់អភិវឌ្ឍអនុវិស័យជលផលដែលគម្រោងនេះមានឈ្មោះថា CAPFISH – CAPTURE ដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ តាមរយៈភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ក៏បានជួយគាំទ្រដល់អនុវិស័យនេះផងដែរ ដែលមានទឹកប្រាក់ ២៥លានអឺរ៉ូ សំដៅដល់ការអភិវឌ្ឍ និងជម្រុញវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ។

កិច្ចប្រជុំនារសៀលនេះ បានផ្តោតជាសំខាន់លើការបង្កើនកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀតរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហគមន៍អឺរ៉ុបលើការអភិវឌ្ឍ និងអភិរក្សអនុវិស័យជលផល និងអនុវិស័យព្រៃឈើ។ ចំពោះអនុវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ភាគីទាំងពីរបានឯកភាពក្នុងការររៀបចំគម្រោងស្នើសុំការគាំទ្រទៅសហគមន៍អឺរ៉ុប ដែលគោលដៅចំបងនៃគម្រោងនេះគឺដើម្បីលើកកម្ពស់ និងជម្រុញការបង្កាត់ពូជសប្បនិម្មិតពូជគោដែលកំពុងមានសក្តានុពលលើទីផ្សារ ហើយក៏ជាប្រភពចំណូលដ៏ខ្ពស់សម្រាប់ប្រជាកសិករនៅមូលដ្ឋាន។