ក្រសួងព័ត៌មានគ្រោងនឹងបោះពុម្ពសៀវភៅនិយាយពីសារៈសំខាន់ នៃបេឡាជាតិរបបសន្តិ សុខ​សង្គមចំនួន៥.០០០ក្បាល ដើម្បីចែកជូនដល់គ្រប់ស្ថាប័ន


ក្រសួងព័ត៌មាន គ្រោងនឹងបោះពុម្ពសៀវភៅនិយាយអំពីសារៈសំខាន់នៃបេឡាជាតិ របបសន្ដិ សុខសង្គមប្រមាណ៥.០០០ក្បាល ដើម្បីចែកជូនដល់គ្រប់ក្រសួង ស្ថាប័ន មន្រ្ដីរាជការ សិស្ស និសិ្សត កម្មករ និយោជិត និងប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ទទួលបាននូវព័ត៌មាន និងយល់ ដឹងពីអត្ថ​​ប្រយោជន៍របស់បេឡាជាតិរបបសន្ដិសុខសង្គម ដែលរាជរដ្ឋាភិបាលបានផ្ដល់សេវា ថែទាំសុខភាព និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដោយឥតបង់ថ្លៃ។

កិច្ចប្រជុំក្រុមការងារចងក្រង បោះពុម្ពសៀវភៅ ជីវិតយើងសង្គមយើង ដែលរៀបចំចងក្រង​ដោយថ្នាក់ដឹកនាំដោយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៩ នាទីស្តីការក្រសួព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានថ្លែង ការកោតសរសើរដល់ក្រុមការងារ កម្មវិធីសន្ទាមតិ ជីវិតយើង សង្គមយើង នៃអគ្គនាយកដ្ឋាន វិទ្យុជាតិកម្ពុជា ដែលបានខិតខំប្រមូល ចងក្រងជាឯកសារ សម្រាប់ធ្វើការបោះពុម្ពជាសៀវភៅ ដែលនិយាយពីសារៈសំខាន់ នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។ ឯកឧត្តមរដ្ឋមន្រ្ដី បានបញ្ជាក់ថា ឯកសារនេះ នឹងត្រូវធ្វើការបោះពុម្ពជាសៀវភៅប្រមាណ៥.០០០ក្បាល ដើម្បី ចែកជូនជាដំបូង សម្រាប់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចែកទៅដល់ស្ថាប័ន ព្រះបរមរាជវាំង ដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ សិស្ស និសិ្សត នៅតាមសាលារៀន កម្មករ កម្មការិនី នៅតាមរោងចក្រ សហគ្រាស មន្ទីរព័ត៌មានគ្រប់ខេត្ត ក្រុង សាលាខេត្ត រាជធានី ពិសេសក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយផ្សព្វផ្សាយឱ្យមាន ការយល់ដឹងពី សារ:សំខាន់របស់ប.ស.ស។ ឯកឧត្តមបានលើកឡើងថា ក្នុងរយៈពេល ៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ មន្រ្តីរាជការ កម្មករ និយោជិក ដោយបានបង្កើតឱ្យមានបេឡាជាតិរបបសន្តិសុខសង្គម ចាប់តាំងពីឆ្នាំ២០០៨មក ដើម្បីផ្តល់ ភាពងាយស្រួល ដល់មន្រ្តីរាជការ និងកម្មករ ទៅទទួលសេវាថែទាំសុខភាព និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ និង ឯកជនមួយចំនួនដែលជាដៃគូរបស់ ប.ស.ស ដោយឥតបង់ថ្លៃ។

បើតាមការបញ្ជាក់របស់ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន បាន​ឱ្យដឹងថា កម្មវិធី ជីវិតយើង សង្គមយើង បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៥មក ដែល​កាលនោះមានការជួយសហការពីវិទ្យុអេ ប៊ី ស៊ី អូស្រ្តាលី បានរយៈពេល៥ឆ្នាំ ហើយ​បន្ទាប់​មកទៀត រយៈពេល២ឆ្នាំ ក្រោមការជួយពីគម្រោងអភិបាលកិច្ចមូលដ្ឋាន របស់ធនាគារ ពិភពលោក។ ឯកឧត្តមបានបន្ដថា ក្រោយពីបញ្ចប់គម្រោងទាំងអស់ វិទ្យុជាតិកម្ពុជា ជាអ្នក បន្តដំណើរការ រហូតមកដល់បច្ចុប្បន្ន ដោយធ្វើការផ្សាយផ្ទាល់ពីម៉ោង ១១ ដល់១២ថ្ងៃ ត្រង់ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ តាមរលកធាតុអាកាសវិទ្យុជាតិកម្ពុជា AM វិទ្យុជាតិ FM វត្តភ្នំ។ ឯកឧត្តមបានបន្ដទៀតថា កម្មវិធី ជីវិតយើងសង្គមយើង មានការផ្សាយនូវប្រធានបទ សំខាន់ៗជាច្រើនទាក់ទងទៅការងារសង្គម ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកស្តាប់ និងអ្នកទូរសព្ទ័ចូល។ ជាមួយគ្នានេះ ប្រធានបទ សំខាន់មួយដែលទទួលបានការគាំទ្រច្រើន គឺនិយាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺបេឡាជាតិរបបសន្តិសុខសង្គម ដែល​គោលនយោបាយនេះ មានសារៈសំខាន់ណាស់ គឺរាជរដ្ឋាភិបាលបានខិតខំជួយប្រជាជន ជាកម្មករ កម្មការិនី តាមបណ្តារោងចក្រ សហគ្រាស មន្រ្តីរាជការ និងកងកម្លាំងប្រដាប់ អាវុធទូទាំងប្រទេស ក្នុងការថែទាំ ពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ក៏ដូចជាជីវភាពរស់ នៅប្រចាំថ្ងៃ ផងដែរ។ ឯកឧត្តមបានបន្ថែមថា ដោយមើលឃើញពីសារៈសំខាន់នៃប្រធាបទ នេះ ទើបឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹកនាំ មន្រ្តីជំនាញ ពាក់ព័ន្ធធ្វើការស្រាវជ្រាវ ចងក្រងនូវរាល់ខ្លឹមសារ និងប្រធានបទទាក់ទងទៅនឹងការងាររបស់ ប.ស.សនេះ ហើយធ្វើការបោះពុម្ពជាសៀវភៅទុកជាឯកសារ សម្រាប់ចែកជូន​ថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន មន្រ្តីរាជការ និងប្រជាពលរដ្ឋ សម្រាប់អាន យល់ដឹង ពីសារៈសំខាន់នៃ គោលនយោបាយ របស់បេឡាជាតិរបបសន្តិសុខសង្គម។

ឯកឧត្តមបានបន្ថែមទៀតថា រហូតមកដល់ពេលនេះ ក្រុមការងារ សម្រេចបានក្នុង ការរៀបចំឯកសារទាក់ទងប្រធានបទខាងលើនេះ បានប្រមាណ៧០ភាគរយហើយ នៅតែ​ពិនិត្យ អក្ខរាវិរុទ្ធ និងខឹ្លមសារមួយចំនួន ដើម្បីសម្រេចជារួម មុននឹងឈានទៅធ្វើការបោះ​ពុម្ពជាសៀវភៅ នៅពេលខាងមុខនេះ៕