ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានដឹកនាំប្រតិភូគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចុះត្រួតពិនិត្យ និងកំណត់ទីតាំងសាងសង់ សំណង់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល នៅច្រកទ្វារព្រំដែនអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់


ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចុះត្រួតពិនិត្យ និងកំណត់ទីតាំងសាងសង់ សំណង់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល នៅច្រកទ្វារព្រំដែនអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត(ថៃ) ដែលស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ក៏បានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្រុមការងារគណៈកម្មាធិការចម្រុះព្រំដែន អាជ្ញាធរខេត្ត ស្រុក អង្គភាពវរៈការពារព្រំដែនគោកទាំង៣ ក្រុមការងារទំនាក់ទំនងព្រំដែន និងតំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសថ្មដា (MDS)ផងដែរ។

បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់ លើប្លង់ផែនទីស្នើសុំសាងសង់ សំណង់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល នៅច្រកទ្វារព្រំដែនអន្តរជាតិថ្មដារួចមក ឯកឧត្តម វ៉ា គឹមហុង បានអនុញ្ញាតឲ្យក្រុមការងារជំនាញ ចុះពិនិត្យប៉ុស្តិ៍ប្រចាំការច្រកថ្មដា របស់វរៈការពារព្រំដែនគោកលេខ៨២៥ និងបន្តចុះពិនិត្យស្ថានភាពភូមិសាស្ត្រ ដោយកំណត់ចំណុចនិយាមការបរិវេណ សាងសង់សំណង់ច្រកទ្វារព្រំដែន ក្នុងទំហំផ្ទៃដី ១៤ហិកតា (ដប់បួនហិកតា) ហើយដែលត្រូវអនុវត្តន៍ឡើង ក្នុងពេលឆាប់ៗខាងមុខ៕