រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាបានអះអាងថា កម្ពុជាប្តេជ្ញាធ្វើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាមួយប្រទេសនៅមហាអនុតំបន់មេគង្គ ដើម្បីបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងដែន ទាំងនៅក្នុងតំបន់មហាអនុតំបន់មេគង្គ និងតំបន់អាស៊ាន ព្រោះថា ឧស្សាហកម្មដឹកជញ្ជូន គឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចរបស់ ប្រទេសមហាអនុតំបន់ទន្លេមេគង្គ។
ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៧នៃគណៈកម្មាធិការរួមការងារ ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្រប ខ័ណ្ឌមហាអនុតំបន់មេគង្គ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ប្រទេសមហាអនុតំបន់ទន្លេមេគង្គទទួលស្គាល់ថា ការកាត់បន្ថយនូវរបាំង មិនមែនរូបវ័ន្តសម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្ម គឺជាការងារគន្លឹះ ក្នុងការបង្កើននូវ ប្រសិទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្ទៃក្នុង និងរវាងបណ្តា ប្រទេសGMS ក្នុងការជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ បង្កើនការប្រកួតប្រជែង និងធ្វើឱ្យ ប្រសើរឡើងកម្រិតជីវភាពរស់នៅ តាមរយៈការកាត់បន្ថយតម្លៃដឹកជញ្ជូន។ ជាមួយ គ្នានេះយើងកំពុងបន្តធ្វើការងារឆ្ពោះទៅរកការសម្រួលបន្ថែមទៀត លើការដឹកជញ្ជូន និងពាណិជ្ជកម្ម(TTF)ទូទាំងអនុតំបន់ក្នុងគោលដៅស្របគ្នាជាមួយ ផែនការសហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងតម្រូវការខាងវិនិយោគដែលមានបញ្ជាក់ នៅក្នុងក្របខ័ណ្ឌ វិនិយោគតំបន់GMS(RIF) ។
ឯកឧត្តមបានបញ្ជាក់ថា ពាក់ព័ន្ធការងារដឹកជញ្ជូនឆ្លងដែននៅក្នុងតំបន់ នៅក្នុងកិច្ចប្រជុំនេះប្រទេសមហាអនុតំបន់មេគង្គទាំងអស់បានឯកភាពគ្នាបើកច្រកនៅតាមព្រំដែនបន្ថែមទៀតដើម្បីបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងដែន។ សម្រាប់ កម្ពុជាបច្ចុប្បន្ននេះ ដើម្បីធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់វិស័យដឹកជញ្ជូន ព្រោះប្រទេសកម្ពុជាកំពុងតែធ្វើការអភិវឌ្ឍផ្លូវល្បឿនលឿន ពង្រីកផ្លូវមួយចំនួននៅក្នុងប្រទេសឱ្យធំ និងផ្លូវតភ្ជាប់នៅព្រំដែន ហើយពេលនេះកម្ពុជា និងថៃបានតភ្ជាប់ផ្លូវដែករួចរាល់ហើយ រងចាំតែថ្ងៃនាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ។
ឯកឧត្តមបានបន្តថា ឧស្សាហកម្មដឹកជញ្ជូន គឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចរបស់ប្រទេស មហាអនុតំបន់ទន្លេមេគង្គ ហើយដើម្បីឱ្យវិស័យដឹកជញ្ជូនឆ្លងដែនតភ្ជាប់គ្នាបានកាន់តែល្អប្រសើរ នៅថ្ងៃនេះប្រទេសជាសមាជិកគណៈកម្មការរួមសម្រាប់ កិច្ចព្រមព្រៀង ក្នុងរង្វង់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតយ្យប្រជាមានិតឡាវ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបប្រជុំគ្នានៅក្រុងសៀមរាប ដោយមានចូលរួមពិភាក្សា ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យដឹកជញ្ជូនឆ្លងដែននេះដំណើរការទៅមុខកាន់តែល្អប្រសើរ និងធ្វើឱ្យសេដ្ឋកិច្ច នៃប្រទេសមហាអនុតំបន់មេង្គនេះកាន់តែល្អបន្ថែមទៀត៕