រដ្ឋមន្រ្តី​ក្រសួងសាធារណការអះអាងថា កម្ពុជាប្តេជ្ញាធ្វើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធតភ្ជាប់ជាមួយប្រទេសនៅមហាអនុតំបន់មេគង្គ ដើម្បី​បង្កភាព​ងាយ​ស្រួល​ក្នុង​ការដឹក​ជញ្ជូនទំនិញ​ឆ្លង​ដែន


រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាបានអះអាងថា កម្ពុជាប្តេជ្ញាធ្វើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាមួយប្រទេសនៅមហាអនុតំបន់មេគង្គ ដើម្បី​បង្កភាព​ងាយ​ស្រួល​ក្នុង​ការដឹក​ជញ្ជូនទំនិញ​ឆ្លង​ដែន ទាំងនៅក្នុងតំបន់មហាអនុតំបន់មេគង្គ និងតំបន់អាស៊ាន ព្រោះថា ឧស្សាហកម្មដឹកជញ្ជូន គឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចរបស់ ប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

ថ្លែងនៅក្នុង​កិច្ចប្រជុំលើកទី ៧នៃគណៈកម្មាធិការរួមការងារ ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្រប ខ័ណ្ឌមហាអនុតំបន់មេគង្គ នៅ​ខេត្តសៀមរាប ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ២០១៩នេះ ឯក​ឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍ថា ប្រទេសមហាអនុតំបន់ទន្លេមេគង្គទទួលស្គាល់ថា ការកាត់បន្ថយនូវរបាំង មិនមែនរូបវ័ន្តសម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្ម គឺជាការងារគន្លឹះ ក្នុងការបង្កើននូវ ប្រសិទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្ទៃក្នុង និងរវាងបណ្តា ប្រទេសGMS ក្នុងការជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ បង្កើនការប្រកួតប្រជែង និងធ្វើឱ្យ ប្រសើរឡើងកម្រិតជីវភាពរស់នៅ តាមរយៈការកាត់បន្ថយតម្លៃដឹកជញ្ជូន។​ ជាមួយ គ្នានេះយើងកំពុងបន្តធ្វើការងារឆ្ពោះទៅរកការសម្រួលបន្ថែមទៀត លើការដឹកជញ្ជូន ​និងពាណិជ្ជកម្ម(TTF)ទូទាំងអនុតំបន់ក្នុងគោលដៅស្របគ្នាជាមួយ ផែនការសហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងតម្រូវការខាងវិនិយោគដែលមានបញ្ជាក់ នៅក្នុងក្របខ័ណ្ឌ វិនិយោគតំបន់GMS(RIF) ។

ឯកឧត្តមបាន​បញ្ជាក់ថា ពាក់ព័ន្ធការងារដឹកជញ្ជូន​ឆ្លងដែននៅក្នុងតំបន់ នៅក្នុងកិច្ចប្រជុំនេះប្រទេសមហាអនុតំបន់មេគង្គទាំងអស់បានឯក​ភាព​គ្នា​បើកច្រកនៅ​តាម​ព្រំដែនបន្ថែម​ទៀតដើម្បី​បង្កភាព​ងាយ​ស្រួល​ក្នុង​ការដឹក​ជញ្ជូនទំនិញ​ឆ្លង​ដែន។ សម្រាប់ កម្ពុជាបច្ចុប្បន្ននេះ ដើម្បី​ធ្វើ​ឱ្យកាន់តែមាន​ភាព​ងាយ​ស្រួល​សម្រាប់វិស័យ​ដឹក​ជញ្ជូន ​ព្រោះប្រទេសកម្ពុជា​កំពុងតែធ្វើ​ការ​អភិវឌ្ឍផ្លូវល្បឿនលឿន ពង្រីក​ផ្លូវ​មួយចំនួននៅ​ក្នុង​ប្រទេសឱ្យធំ និង​ផ្លូវ​តភ្ជាប់​នៅ​ព្រំដែន​ ហើយ​ពេល​នេះ​កម្ពុជា​ និង​ថៃ​បាន​តភ្ជាប់​ផ្លូវ​ដែក​រួចរាល់​ហើយ​ រង​ចាំតែ​ថ្ងៃនាយករដ្ឋមន្រ្តី ​នៃ​ប្រទេសទាំង​ពីរ​សម្ពោធដាក់​ឱ្យ​ដំណើរការ​ជាផ្លូវ​ការ​។

ឯកឧត្តមបាន​បន្តថា ឧស្សាហកម្មដឹកជញ្ជូន គឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចរបស់ប្រទេស មហាអនុតំបន់ទន្លេមេគង្គ ហើយដើម្បី​ឱ្យ​វិស័យដឹក​ជញ្ជូនឆ្លង​ដែនតភ្ជាប់គ្នាបាន​កាន់តែល្អប្រសើរ នៅថ្ងៃនេះប្រទេសជាសមាជិកគណៈកម្មការរួមសម្រាប់ កិច្ចព្រមព្រៀង ក្នុងរង្វង់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតយ្យប្រជាមានិតឡាវ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម បាន​ជួបប្រជុំគ្នានៅ​ក្រុងសៀមរាប ដោយមានចូលរួមពិភាក្សា ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យវិស័យដឹកជញ្ជូនឆ្លងដែននេះដំណើរការទៅមុខកាន់តែល្អប្រសើរ និងធ្វើឱ្យសេដ្ឋកិច្ច នៃប្រទេសមហាអនុតំបន់មេង្គនេះកាន់តែល្អបន្ថែមទៀត៕