អភិបាលរងខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានធ្វើការក្រើនរម្លឹកដោយជំរុញឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងខេត្ត ត្រូវតែរួមសាមគ្គីគ្នា បន្ដការយកចិត្តទុកដាក់ខិតខំ បម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីបំពេញ តាមតម្រូវការរបស់ពួកគាត់ឱ្យបានទាន់ពេលវេលា។
ការលើកឡើងបែបនេះក្នុងឱកាសលោក អ៊ុំ រាត្រី អញ្ជើញប្រកាសទទួលស្គាល់លោក ស្រី ធូ ណាគ្រី ឡើងជាចៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជំនួស លោក ឈុំ ពេជ្រ ដែលត្រូវទៅបំពេញភារកិច្ចថ្មីកាលពីថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
លោក អ៊ុំ រាត្រី បានកោតសសើរចំពោះការខិតខំប្រឹងប្រែងដឹកនាំការ បម្រើដល់ប្រជា ពលរដ្ឋក្នុងមូលដ្ឋានរបស់ក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក ហើយត្រូវបន្តយកចិត្តទុកដាក់ឱ្យបានប្រសើរជារៀងរហូត មិនតែប៉ុណ្ណោះធ្វើយ៉ាងណាឱ្យសមជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបាន ប្រសូត្រឡើងពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋពិតៗ ថែមទាំងបម្រើគ្រប់សេវាជូនដល់ពួក គាត់វិញឱ្យបានលឿននិងមានតម្លាភាព។ ចៀសវាងធ្វើអ្វីឱ្យមានល្អក់កករដល់ទឹកចិត្តប្រជា ពលរដ្ឋ ហើយត្រូវឈប់ឱ្យកើតមានភាពមិនប្រក្រតីនានា ត្រូវលើកយកមកដោះស្រាយក្នុង ជួរក្រុមប្រឹក្សាឱ្យបានល្អិតល្អន់ តាមឆន្ទៈឯកភាពរួម ។
អភិបាលរងខេត្តបន្ទាយមានជ័យក៏បានបញ្ជាក់ឱ្យដឹងថា ដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ស្តីពីការធ្វើវិមជ្ឈការអំណាច តួនាទី និងភារកិច្ចឱ្យទៅ ក្រុមប្រឹក្សាឃុំ សង្កាត់នោះ ដូច្នោះក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវមានគណនេយ្យភាពចំពោះប្រជា ពលរដ្ឋទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចំពោះរាជរដ្ឋាភិបាលផងដែរ។
លោក អ៊ុំ រាត្រី ក៏បានក្រើនរម្លឹកដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបំផុសចលនាប្រជាជន មហាជនត្រូវចេះរួបរួមសាមគ្គីគ្នាថែរក្សា ការពារសន្តិភាពដែលជាសមិទ្ធផលរបស់សង្គមជាតិមិនឱ្យបាត់បង់ ហើយប្រឆាំងដាច់ខាតចំពោះបុគ្គលជាជនអគតិឬក្រុមមួយចំនួនដែលប៉ុនប៉ង បំផ្លាញសន្តិភាពជ្រកក្រោមផ្លាកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្លែងក្លាយឱ្យបានជាដាច់ ខាត ៕