ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ាត់​ ​នឹង​ពង្រីក​ជើងហោះហើរ​ពី​ភ្នំពេញ​ទៅកាន់បាងកក​


ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ាត់​ ​(​Emirates​)​ ​នៃ​ប្រទេស​អារ៉ាប់រួម​ ​គ្រោង​នឹង​បើក​ជើងហោះហើរ​ថ្មី​ ​ដើម្បី​តភ្ជាប់​រាជធានី​ភ្នំពេញ​ ​ទៅកាន់​រាជធានី​បាងកក​ប្រទេស​ថៃ​ ​ដោយ​ចាប់ពី​ដើមខែ​កក្កដា​ ​ឆ្នាំ២០១៩​ ​ខាងមុខ​ ​ដើម្បី​ផ្តល់​ជូន​អតិថិជន​ទាំងអស់​ ​នូវ​ការ​ធ្វើដំណើរ​ប្រកបដោយ​ផាសុកភាព​ ​ជាមួយ​ជម្រើស​ជើងហោះហើរ​ប្រចាំថ្ងៃ​កាន់តែ​ច្រើន​ ​បន្ថែម​លើ​ការហោះហើរ​ទៅកាន់​គោលដៅ​ជាង​ ​១៥០កន្លែង​ ​នៅក្នុង​ប្រទេស​ចំនួន​ ​៨៣​។​

​នៅក្នុង​ជំនួប​ជាមួយ​ ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​នាទី​ស្តី​ការក្រ​សួង​ ​កាលពី​រសៀល​ថ្ងៃទី១៤​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​លោក​ ​អាប់​ឌុល​ឡា​ ​អេ​ត​ណាន់​ ​(​Abdulla​ ​Adnan​)​ ​នាយក​ក្រុមហ៊ុន​អេ​មី​រ៉ាត់​ ​ប្រចាំ​ប្រទស​កម្ពុជា​ ​បាន​គូសបញ្ជាក់​ថា​ ​«​អេ​មី​រ៉ាត់​»​ ​ចង់​ធ្វើ​ឱ្យ​ទីក្រុង​ឌុយបៃ​ ​ក្លាយជា​វេទិកា​តភ្ជាប់​ប៉ែក​ខាងកើត​ ​ទៅកាន់​ខាងលិច​ ​ហើយ​តាមរយៈ​ជើងហោះហើរ​ថ្មីនេះ​ ​ក្រុមហ៊ុន​នឹង​ប្រើប្រាស់​យន្តហោះ​ធុន​បូ​អីង​ ​៧៧៧​ ​និង​អ៊ែ​បើស​ ​A៣៨០​ ​ដើម្បី​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ ​ទៅកាន់​ពិព័រណ៍​ពិភពលោក​ឌុយបៃ​ឆ្នាំ២០២០​ ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ ​គ្មាន​ទំនាញផែនដី​។​

​ជា​ការ​ឆ្លើយតប​ ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​សម្តែង​ការ​ស្វាគមន៍​ ​ចំពោះ​ការ​បើក​ឱ្យ​មាន​ជើង​ហើរ​ថ្មី​ ​របស់​ក្រុមហ៊ុន​អេ​មី​រ៉ាត់​ ​ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ​ ​និង​វិនិយោគិន​ ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ថៃឡង់​ដ៏​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​អារ៉ាប់រួម​ ​ដែល​បាន​គាំទ្រ​ ​និង​ជួយ​សម្រប​សមួ​លការ​ចូលរួម​របស់​កម្ព​ជា​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ពិភពលោក​ឌុយបៃ​ឆ្នាំ២០២០​ ​នា​ពេល​ខាងមុខ​។​

​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​បង្ហាញ​ជំនឿ​ថា​ ​តាមរយៈ​ពិព័រណ៍​ពិភពលោក​ឌុយបៃ​ឆ្នាំ២០២០​ ​ប្រទេស​ទាំងពីរ​នឹងអាច​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយគ្នា​លើ​វិស័យ​សំ​ខាន់​ៗ​ដូចជា​៖​ ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​កសិកម្ម​ ​បច្ចេកវិទ្យា​ ​និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​ហើយ​ក្រសួង​ពាណិជ្ជកម្ម​ ​នឹង​រង់ចាំ​សម្របសម្រួល​រាល់​គម្រោង​វិនិយោគ​ ​ស្នើ​ដោយ​រដ្ឋាភិបាល​ ​ឬ​វិនិយោគិន​ ​នៃ​ប្រទេស​អារ៉ាប់រួម​។​

​សូមជម្រាប​ថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ាត់​ ​បាន​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ ​មកកាន់​រាជធានី​ភ្នំពេញ​ដំបូង​ ​នៅក្នុង​ខែកក្កដា​ ​ឆ្នាំ២០១៧​ ​ដែល​គិត​មកទល់​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​ ​បាន​ដឹក​អ្នកដំណើរ​ប្រមាណ​ ​១០ម៉ឺន​នាក់​ ​និង​បាន​ឈ្នះ​ពានរង្វាន់​ជាប់គ្នា​យ៉ាងច្រើន​។​ ​ជាក់ស្តែង​កាលពី​ឆ្នាំមុន​ ​ក្រុមហ៊ុន​អេ​មី​រ៉ាត់​ ​បាន​ទទួល​ពានរង្វាន់​ឆ្នើម​ចំនួន​ ​៣​ ​នៅក្នុង​ពិព័រណ៍​អន្តរជាតិ​ ​APEX​ ​Asia​ ​និង​បាន​ជាប់​ឈ្មោះ​ជា​ ​ក្រុមហ៊ុន​អាកាសចរណ៍​ឆ្នើម​ប្រចាំឆ្នាំ២០១៨​ ​សម្រាប់​ពានរង្វាន់​ការ​ដឹកជញ្ជូន​តាមយន្តហោះ​៕​