រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA)


នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបគណៈប្រតិភូនៃទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (Korea Trade-Investment Promotion Agency (KOTRA)) ដឹកនាំដោយលោក ក្វុន ព្យុងអូ (Kwon Pyung-oh) នាយកប្រតិបត្តិនៃទីភ្នាក់ងារ KOTRA។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងសេចក្ដីរីករាយចំពោះការមកដល់របស់ ឯកឧត្តម មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលបានមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដោយមានរួមដំណើរផ្ទាល់ដោយដោយលោក ក្វុន ព្យុងអូ ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា វត្តមានរបស់ឯកឧត្តមប្រធានាធិបតីនៃប្រទេសដ៏ជឿនលឿនមួយនេះ នឹងពង្រឹងសេចក្ដីទុកចិត្តដល់ធុរជននៃប្រទេសកូរ៉េ ឲ្យរឹតតែមានជំនឿចិត្តលើស្ថេរភាពនយោបាយនៅកម្ពុជា ព្រមទាំងបន្ដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម មានសុទិដ្ឋិនិយមថា វេទិកាធុរកិច្ចដែលកម្ពុជា និងកូរ៉េ នឹងរៀបចំរួមគ្នាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ នឹងទាក់ទាញបានវិនិយោគពីបរទេសដោយផ្ទាល់បន្ថែមទៀតពីប្រទេសកូរ៉េ ព្រមទាំងលើកទឹកចិត្តឲ្យក្រុមហ៊ុនកូរ៉េ សិក្សានិងស្វែងរកដៃគូជាមួយនឹងក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើពាណិជ្ជកម្មរួមគ្នា។

ជាកិច្ចឆ្លើយតប លោក ក្វុន ព្យុងអូ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានទទួលជួបក្រុមរបស់លោកនៅពេលនេះ។ លោក ក្វុន ក៏បានជម្រាបថាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងរឹតតែរឹងមាំបន្ថែមទៀតក្រោយពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះត្រូវបានបញ្ចប់។ លើសពីនេះ ទីភ្នាក់ងាររបស់លោក នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹងក្រសួងពាណិជ្ជកម្ម ក៏ដូចជាសហគមន៍ធុរកិច្ចដ៏ទៃទៀត ដើម្បីពង្រឹង និងទាក់ទាញបន្ថែមវិនិយោគិនមកកម្ពុជា ដោយជាក់ស្ដែងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នឹងមានការចុះអនុស្សរណៈយោគយល់គ្នារវាងទីភ្នាក់ងារ KOTRA ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្សារភ្ជាប់ចំណងសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ឲ្យរឹតតែស៊ីជម្រៅថែមទៀត។