សម្ដេចតេជោទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា


ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦–សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Ingo Karsten ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវិមានសន្តិភាព។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបនោះថា ឯកឧត្ដម Ingo Karsten បានគោរពជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីអំពីបេសកកម្មការ ទូតរបស់លោកមកកាន់កម្ពុជាពេលនេះ គឺពិតជាមានកិត្តិយសណាស់ហើយ ឯកឧត្ដម នឹងចូលរួមចំណែក ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការអភិវឌ្ឍលើវិស័យផ្សេងៗជាច្រើនទៀត។
ឯកឧត្ដម Ingo Karsten បានសម្ដែងនូវការរីករាយយ៉ាងកក់ក្តៅ ចំពោះការទទួលរាក់ទាក់ស្និទ្ធស្នាល របស់ប្រជាពលរដ្ឋនិងមន្ត្រីកម្ពុជា ព្រមទាំងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្ដមសង្ឃឹមថាតាមរយៈ បរិយាកាស ទាំងនេះ ឯកឧត្ដមនឹងមានឱកាស ពង្រីកនិងពង្រឹងកាន់តែខ្លាំងឡើងថែមទៀត នូវកិច្ច សហប្រតិបត្តិការកម្ពុជាអាល្លឺម៉ង់ ជាពិសេសលើសក្តានុពលទាំងឡាយ ដែលប្រទេសទាំង ពីរកំពុងមាន។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ស្របជាមួយនិងការលើកឡើងរបស់ ឯកឧត្ដម Ingo Karsten ដែលថាប្រទេសយើងទាំងពីរ នៅមានសក្ដានុពលដែលអាចពង្រីកនិងពង្រឹង កិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នាបានជាពិសេសទៅលើវិស័យសេដ្ឋកិច្ច ដែលវិស័យនេះពុំមានព្រំដែនទេ គឺបើកចំហសម្រាប់ការពិនិត្យពិចារណានឹងស្រាវជ្រាវដើម្បីជំរុញការអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាមួយនេះដែរម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជាក្នុងការរួមចំណែកកសាងអភិវឌ្ឍកម្ពុជានា ពេលកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរចំពោះលោក Ingo Karsten ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជាផងដែរ៕