ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសហហិរញ្ញប្បទាន រវាង UNDP ជាមួយក្រុមហ៊ុន SHENZHEN 4PX EXPRESS CO LTD លើគម្រោង ផ្សារភ្ជាប់ប្រទេសកម្ពុជា រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល


ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ៊្វីតែល ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង UNDP ជាមួយក្រុមហ៊ុន SHENZHEN 4PX EXPRESS CO., LTD លើគម្រោង “ផ្សារភ្ជាប់ ប្រទេសកម្ពុជា៖ រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល” ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកជំទាវ ឯកអគ្គរាជទូតបារាំងប្រចាំកម្ពុជា លោកនាយកប្រតិបត្តិក្រុមហ៊ុន Shenzhen 4PX Express Co., LTD តំណាងអង្គការ UNDP ប្រចាំកម្ពុជា លោកនាយកប្រតិបត្តិនិងជាស្ថាបនិកក្រុមហ៊ុន ShopRunBack លោកឧកញ៉ាប្រធានក្រុមហ៊ុន World Bridge Group មន្ត្រីជាន់ខ្ពស់ក្រសួងនិងភាគីពាក់ព័ន្ធជាច្រើនទៀត។

ពិធីចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីជំរុញ និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន ដោយមានមូលដ្ឋានទីផ្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងអភិវឌ្ឍសមត្ថភាពសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងតំបន់ ដើម្បីបង្ហាញពិភពលោកពីផលិតផលរបស់ខ្លួនតាមរយៈវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសកលរបស់ក្រុមហ៊ុន អាលីបាបា ដោយសហការជាមួយក្រុមហ៊ុន 4PX Epress។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាជាតិភស្តុភារកម្ម នឹងជួយសម្របសម្រួលដល់រំហូរការងារដឹកជញ្ជូនទំនិញ និងសេវារបស់ក្រុមហ៊ុនទាំងនោះឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យពួកគេមានសក្ដានុពលក្នុងការពង្រីកវិសាលភាពរបស់ខ្លួនទាំងក្នុងតំបន់ និងពិភពលោក ដោយរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្បូរបែប និងតភ្ចាប់គ្រប់ច្រកល្ហក ព្រមទាំងមានមណ្ឌល ឬឃ្លាំងស្តុកទំនិញតាមស្តង់ដាអន្តរជាតិ និងការសម្រួលដល់នីតិវិធីឯកសាររដ្ឋបាលផងដែរ។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្រ្តី ក៏បានបង្ហាញពីសក្ដានុពលនៃខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅជិតរាជធានីភ្នំពេញ មានព្រលានយន្តហោះ ផ្លូវទឹក ផ្លូវដែក និងផ្លូវហាយវេតភ្ជាប់ពីប្រទេសថៃ ចុះមកកម្ពុជាឆ្លងកាត់ខេត្តកំពង់ឆ្នាំង និងឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែលទាំងនេះគឺជាកត្តាអំណោយផលល្អបំផុតដល់ការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនទាំងនោះ ឱ្យពិចារណាលើការដូរឈ្មោះវេទិកា (Platform) ពី “V Buy” ទៅជា “V Buy and Sell” ព្រោះថាកម្ពុជាអាចទិញផលិតផលពីប្រទេសផ្សេងៗ ហើយកម្ពុជាក៏អាចលក់ផលិតផលរបស់ខ្លួនទៅពិភពលោកបានដែរតាមរយៈវេទិកាពាណិជ្ជកម្មតាមអេឡិចត្រូនិកនេះផងដែរ។