សម្តេចពិជ័យសេនា ទៀ បាញ់​ អញ្ជើញជួបសំណេះសំណាល និង សួរសុខទុក្ខកុមារ គ ថ្លង់ និង ពិការភ្នែកនៅវិទ្យាល័យអប់រំពិសេសសៀមរាប


ព្រឹកថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១នេះ​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវបានអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និង លោកជំទាវ ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈអភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រីជាភរិយាថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន អង្គភាព បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែកនៅខេត្តសៀមរាប​ នៃវិទ្យាល័យអប់រំពិសេសសៀមរាប និង បានបរិភោគអាហាររួមគ្នាជាការជួបជុំគ្នាសប្បាយមួយ សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។

តាមការបញ្ជាក់របស់លោកស្រី ហុង ធារី នាយិកាវិទ្យាល័យអប់រំពិសេសសៀមរាប ស្តីអំពីសកម្មភាពរបស់វិទ្យាល័យ ដោយមានអគារសិក្សា១២ខ្នង មានបុគ្គលិក ៤០នាក់ ស្រី១៨នាក់ មានសិស្សគថ្លង់ និង ពិការភ្នែកចំនួន១៥៥នាក់ស្រី៦២នាក់ ក្នុងនោះគថ្លង់ ១៣៥នាក់ ស្រី ៥៥នាក់ ,ពិការភ្នែក ២០នាក់ ស្រី០៧នាក់ ក្នុងនោះដែរសិស្សមកពីបណ្តាតាមខេត្តផ្សេងៗ ស្នាក់នៅក្នុងសាលា ១០១នាក់ ស្រី២៨នាក់ផងដែរ ។

មានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗជាកុមារគថ្លង់ និង ពិការភ្នែក នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអបអរសាទរសាលាកុមារគថ្លង់ និង ពិការភ្នែក បានប្តូរឈ្មោះទៅជាវិទ្យាល័យអប់រំពិសេសសៀមរាប គឺសបញ្ជាក់ផងដែរ អំពីលក្ខណៈពិសេសរបស់សាលា ។ សម្តេចក៏បានសម្តែងការអាណិតអាសូរ ចំពោះក្មួយៗកុមារគថ្លង់ និង ពិការភ្នែក ពីកំណើតដែលត្រូវបានទទួលការអប់រំ រៀនសូត្រ នៅ តាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និង បច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូដែលជាម្តាយទី២របស់ក្មួយៗ ហើយទាំងនេះក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចគត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងបានធ្វើការផ្គត់ផ្គង់ជាប្រចាំខែ ដល់ក្មួយៗនៃសាលាកុមារគថ្លង់ និង ពិការភ្នែក និង បាន ធ្វើការរៀបចំជួបជុំលេងសប្បាយជាមួយក្មួយៗទៀតផង។

សម្តេចពិជ័យ សេនា ទៀ បាញ់ ក៏បានធ្វើការកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនដល់ក្មួយៗទាំងអស់ រហូតបានរកនូវការងារជូនដល់សិស្សគថ្លង់ និង និងពិការភ្នែកបានធ្វើ នៅតាមបណ្តាក្រុមហ៊ុនឯកជន ក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។ កត្តាទាំងនេះក៏សបញ្ជាក់ផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែគិតគូដល់កូនៗចៅៗ មានពិការភាពពីកំណើត ឲ្យ មានចំណេះដឹង មុខជំនាញដូចអ្នកមិនពិការ បានទៅបម្រើការនៅតាមបណ្តាក្រុមហ៊ុនឯកជន ដែលមិនមានភាពរើសរអើងចំពោះជនពិការ មកពីកំណើត ពីព្រោះថាមនុស្សយើងគ្រប់រូបកើតមក គឺមានទេពកោសល្យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន មិនថាជាជនពិការ ឬមិនពិការឡើយ ។

សម្តេចពិជ័យសេនា ក៏បានលើកនូវដំបូន្មានល្អៗមួយចំនួន សម្រាប់ក្មួយៗ កុមារគថ្លង់ និង ពិការភ្នែកទាំងអស់ ត្រូវគោរពត្រង់ត្រាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ នឹង ចេះជួយនូវទុក្ខធុរះមិត្តភ័ក្ត ចេះស្រឡាញ់សាមគ្គីគ្នាឲ្យបានល្អ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រ និង ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍លើកទឹកចិត្តដល់កុមារជនពិការគថ្លង់ទាំងអស់កុំតូចចិត្ត និងភាពពិការរបស់ខ្លួនត្រូវតស៊ូអត់ធ្មត់ប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ មានចំណេះដឹងខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសនៅថ្ងៃអនាគត ពីព្រោះជនពិការក៍មានសិទ្ធិធ្វើអ្វីៗបានដូចមនុស្សដែលមានកាយសម្បទានធម្មតាដែរ ។ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសជាច្រើនដល់ជនពិការដែលមានចំណេះដឹង ឲ្យបានចូលបម្រើការងារនៅ តាម ស្ថាប័នរដ្ឋ និងឯកជន ។ ជាក់ស្តែងកុមារពិការដែលរស់នៅក្នុងសាលាកុមារគថ្លង់ និងពិការភ្នែកខេត្តសៀមរាប ក៍បានទទួលការ ងារនៅក្នុងស្ថាប័នរដ្ឋ និង ក្រុមហ៊ុនឯកជនបន្តបន្ទាប់ហើយដែរ ។ ហើយនៅថ្ងៃនេះដើម្បីឲ្យក្មួយៗជាជនពិការ ជួបជុំគ្នាសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្តេចពិជ័យសេនាក៍បានរៀបចំម្ហូបអាហារឆ្ងាញ់ៗ សម្រាប់ទទួលទានរួមគ្នាផងដែរ ។