នៅក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា” រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងអង្គការពលកម្មអន្តរជាតិ (ILO) ក្រោមការចូលរួមជាគណៈអធិបតីភាពពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីនេះក៏មានការចូលរួមពីតំណាងអង្គការពលកម្មអន្តរជាតិ សមាគមរោងចក្រកាត់ដេរ ភ្ញៀវកត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
នៅក្នុងសុន្ទរថាបើកកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ នឹងបន្តទ្រទ្រង់ហិរញ្ញវត្ថុ កិច្ចសហការកាន់តែប្រសើរ និងការផ្ទេរចំណេះដឹងផ្នែកអធិការកិច្ចការងារដល់មន្រ្តីការងារ ឲ្យស្របនឹងការវិវត្តន៍នៃស្ថានការណ៍បច្ចុប្បន្ន និងអនាគត។ ឯកឧត្តមបានបន្តទៀតថា ការដាក់ចេញនូវគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មនឹងបទដ្ឋានការងារ កាលពីឆ្នាំ២០០១ បានលើកស្ទួយកេរ្តិ៍ឈ្មោះកម្ពុជា សម្រាប់គោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ហើយបានក្លាយជាគំរូសម្រាប់ប្រទេសផ្សេងទៀតយកធ្វើជាបទពិសោធន៍ ដែលបានបង្កើនទំនុកចិត្តដល់អ្នកម្ចាស់ម៉ាកយីហោល្បីៗ ក្នុងការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងវាយនភ័ណ្ឌពីកម្ពុជាកាន់តែច្រើនឡើងៗរៀងរាល់ឆ្នាំ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគ និងធានាបាននូវនិរន្តរភាព និងសក្តានុពលនៃការនាំចេញផលិតផលនៃវិស័យវាយនភណ្ឌ កាត់ដេរ និងស្បែកជើងនៅកម្ពជា។ ឯកឧត្តមបានបន្តថា ការបន្តអនុស្សារណៈយោគយល់គ្នាពេលនេះ នឹងបង្កើនភាពជាដៃគូក្នុងកិច្ចសហការ ដើម្បីឈានទៅសម្រេចបានគោលដៅផែនទីបង្ហាញផ្លូវឆ្នាំ ២០១៨ គឺការផ្ទរចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ល្អៗពីកម្មវិធី មកកាន់មន្ត្រីអធិការកិច្ចរបស់ក្រសួង។
យោងតាមរបាយការណ៍ពីអង្គការពលកម្មអន្តរជាតិបានឲ្យដឹងថា ឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ និងស្បែកជើងនៅកម្ពុជាក្នុងឆ្នាំ ២០១៥ មានចំនួនសរុប ១១០៤ រោងចក្រ ដែលបានផ្តល់ការងារជូនកម្មករនិយោជិតដែលភាគច្រើនជាស្ត្រីជាង ៧០ម៉ឺននាក់។ ស្របគ្នានេះ ទំហំទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០១៥ បានកើនរហូតដល់ ៨,០៣៧ លានដុល្លាអាមេរិក នៅក្នុងនោះការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ បានកើនដល់តម្លៃ ៥,៧៤១លានដុល្លារអាមេរិក។