មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យ ផ្គូរផ្គង តារាងប្រៀបធៀបកើនឡើង និងថយចុះ ទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០១៨


ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ ផ្គូរផ្គង តារាងប្រៀបធៀបកើនឡើង និងថយចុះ ទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នាព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងគោលបំណង ធានាការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្របកដោយតម្លាភាព គណនេយ្យភាព បូរណភាព និងមានគោលដៅកំណត់នូវវិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្តសម្បត្តិរដ្ឋ។ ឯកឧត្តម បានណែនាំដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងគ្រប់គ្រង ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំ និង ជំរុញការអនុវត្ត និងត្រួតពិនិត្យការរៀបចំបញ្ជីសារពើភ័ណ្ឌរបស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ឲ្យបានរួចរាល់ត្រឹមបំណាច់ត្រីមាសទី១ក្នុងឆ្នាំ២០១៩ ដើម្បីឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រួតពិនិត្យផ្គូរផ្គង វាយតម្លៃទ្រព្យសម្បត្តិរដ្ឋ ដែលមានទាំងបួនប្រភេទ រួមមាន៖ ១.ដីធ្លី និងអគារ ២.សម្ភារបរិក្ខារបច្ចេទកទេសឧស្សាហកម្ម ៣.យាន្តយន្ត និងគ្រឿងចក្រ ៤. សម្ភារ និងសង្ហារឹម ជំរុញការរៀបចំធ្វើវិញ្ញាបត្រសម្គាល់អចលនវត្ថុ និង ការធ្វើបច្ចុប្បន្នភាពប្រើប្រាស់អោយបានត្រឹមត្រូវផងដែរ ។

លោក សុខ ធី ប្រធានយកដ្ឋាននៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើភណ្ឌ បានឲ្យដឹងថា ការធ្វើរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនេះ ត្រូវបានអនុវត្ត ជាទម្រង់ពីរប្រភេទ៖ ទម្រង់ទី១. ជាសៀវភៅបញ្ជីសារពើភណ្ឌកត់ត្រាលម្អិត ដែលត្រូវបានធ្វើក្នុងរយៈពេល៥ឆ្នាំម្តង និងទម្រង់ទី២. ជាតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ ដែលធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ។ លោក បានបន្តថា ការធ្វើក្នុងរយៈពេល៥ឆ្នាំម្តង ហៅថា ឆ្នាំគោល អនុវត្តបានចំនួន៣ដងរួចមកហើយ គឺចាប់ពីឆ្នាំ២០០៤ ឆ្នាំ២០០៩ និងឆ្នាំ២០១៤ផងដែរ៕