ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ, ដោយប្រើពេល៤ឆ្នាំ និងថវិកា២ពាន់លានដុល្លារ


(ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេក្នុងយុគ្គសម័យដឹកនាំរបស់សម្តេចតេជោសែន ចាប់ផ្តើមដំណើរការសាងសង់ហើយនៅថ្ងៃសុក្រ ២រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ដោយចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារអាមេរិក។

ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន។

មុនឈានដល់ដំណាក់ការនៃការសាងសង់ផ្លូវមួយខ្សែនេះត្រូវបានចំណាយពេលសិក្សាអស់ជាច្រើនឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។ ដំបូងឡើយរាជរដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីថវិការបស់រដ្ឋាភិបាលចិន ដើម្បីសាងសង់ផ្លូវនេះ តែដោយសារគម្រោងត្រូវការថវិការហូតដល់ ២ពាន់លានដុល្លារអាមេរិក ដែលធំជាងពិដាននៃការខ្ចីប្រចាំឆ្នាំ អនុញ្ញាតដោយច្បាប់ និងកំណត់នៅក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៥-២០១៨ ក៏សម្រេចឲ្យមានការវិនិយោគតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ ជំនួសវិញ។

តាមរយៈការវិនិយោគនេះ គឺអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគមានសិទ្ធប្រមូលកម្រៃសេវាពីអ្នកប្រើប្រាស់ផ្លូវក្នុងអត្រាកំណត់មួយ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងសម្បទាន ទៅតាមទំហំ និងប្រភេទនៃយានយន្តនីមួយៗ។

ដោយយោងតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើសុំក្រុមហ៊ុនឱ្យបញ្ចុះកម្រៃសេវាឆ្លងកាត់លើផ្លូវល្បឿនលឿននោះ ក្រុមហ៊ុនក៏បានឯកភាពមិនយកថ្លៃយានយន្តគ្រប់ប្រភេទដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ ខែដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់រយៈពេល១ឆ្នាំបន្ទាប់ពីនោះ។ លើសពីនេះទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល ៥ឆ្នាំម្តង នៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើនឹងត្រូវសាងសង់រហូតដល់ ២៤.៥ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន៖
* គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លង ទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គ.ម ក្នុងមួយម៉ោង។
* ឃឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ។
* ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រសងខាង។
* សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង ប្រវែងសរុប ១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង ប្រវែងសរុប ៦០១៥ម៉ែត្រ។
* សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង។
* សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។
* បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងខាងលើត្រូវបានផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ដោយគិតចាប់ពីខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣។

លោក ស៊ុន ចាន់ថុល ក៏បានឲ្យដឹងផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាខ្សែផ្លូវទី១ និងដំបូងគេបំផុតពុំធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលទើបតែលេចចេញជារូបរាងនៅក្នុងសម័យសម្តេចតេជោ ហ៊ុន សែន នេះ នឹងក្លាយជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅរបស់យើង ប្រកបដោយភាពងាយស្រួល ចំណាយតិច និងឆាប់រហ័ស សំដៅបង្កើនសមត្ថភាពប្រកួតប្រជែងធុរកិច្ច និងទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក៕