អភិបាលខេត្តសៀមរាប​ បានអនុញ្ញាតអោយប្រតិភូអង្គការសហប្រជាជាតិដេីម្បីអភិវឌ្ឍឧស្សាហកម្ម(UNRIDO) ចូលជួបពិភាក្សាការងារ


ព្រឹកថ្ងៃចន្ទ​ ៥រោច​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០១៩​ នៅបន្ទប់ប្រជុំរដ្ឋបាលខេត្ត​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ បានអនុញ្ញាតអោយប្រតិភូអង្គការសហប្រជាជាតិដេីម្បីអភិវឌ្ឍឧស្សាហកម្ម(UNRIDO) ជួបពិភាក្សាដេីម្បីប្រឹក្សាយោបល់​សម្រាប់ផ្តល់ធាតុចូល​ក្នុងការសិក្សា​ ស្តីពីការវិភាគស្ថានភាពខ្សែសង្វាក់ផលិតផលក្នុងស្រុក​ ក្នុងវិស័យទេសចរណ៍​ ដោយមានការចូលរួមពីលោកនាយករដ្ឋបាល​ខេត្ត លោកប្រធានមន្ទីរទេសចរណ៍​ខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្ម​ខេត្ត​ លោកប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្ត លោកប្រធានមន្ទីរវ្បធម៌​ និងវិចិត្រសិល្បៈ​ខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម​ និងសិប្បកម្មខេត្ត​ និងលោកនាយកទីចាត់ការអន្តវិស័យសាលាខេត្ត។

ការជួបពិភាក្សានេះ​ ដេីម្បីសិក្សាស្វែងយល់ពីស្ថានភាពទូទៅ​ វឌ្ឍនភាព​ បំផុសគំនិតអន្តរាគមន៍ជាក់ស្តែង​ ក្នុងការពង្រឹងទំនាក់ទំនងរវាងឧស្សាហកម្មម្ហូបអាហារ​ ឧស្សាហកម្មច្នៃប្រឌិត ប្រកបដោយនិរន្តរភាព​ ក្នុងការរួមចំណែកធ្វេីឱ្យមានកំណេីនឡេីងនូវការផ្គត់ផ្គង់នូវ​ផលិតផលក្នុងស្រុក​ ដូចជាត្រី​ សាច់​ បន្លែ​ ផ្លែឈេី​ និងផលិតផលក្នុងស្រុកផ្សេងៗ​ ទៀត​ ដែលផលិតដោយកសិករខ្មែរយេីង និងរកនូវដំណោះស្រាយ​ បញ្ហាប្រឈមនានា​ ដែលពាក់ព័ន្ធនឹងការ​បង្កេីនការប្រេីប្រាស់​ផលិតផលក្នុងស្រុក​ នៅខ្សែសង្វាក់តម្លៃទេសចរណ៍​ ជាពិសេសនៅក្នុងផ្នែកកសិចំណីអាហារ​ និងឧស្សាហកម្មច្មៃប្រឌិត។