អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បន្តចុះជួយពលរដ្ឋមានជីវភាពខ្វះខាត ក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះ២


ក្រោយជួយសង្គ្រោះជាបន្តបន្ទាប់ចំពោះប្រជាពលរដ្ឋក្រីក្រ រស់នៅសង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី១ រួចមកហើយនោះ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ បានងាកមកជួយសង្គ្រោះប្រជាពលរដ្ឋមានជំងឺងាយរងគ្រោះ រស់នៅក្នុងភូមិក សង្កាត់ច្រាំងចំរេះទី២ វិញម្ដង ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ តាមរយៈលោកស្រី អាន ផល្លា ជា ពិសី និងសហការី នៃអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ, ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានោះ លោកស្រី អាន ផល្លា ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកនានា ក្នុងការថែទាំសុខភាពឲ្យបានល្អ ដោយក្នុងនោះ ត្រូវរស់នៅស្អាត និងពិសារទឹកស្អាត ដើម្បីជៀសវាងបានរាល់ការឆ្លងជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតឡើង ដោយយថាហេតុ។

លោកស្រី អាន ផល្លា បានថ្លែងថា ចំពោះអំណោយ ដែលបាននាំយកមកឧបត្ថម្ភជូន ប្រជាពលរដ្ឋនាពេលនេះ ថ្វីត្បិតមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាការចែករំលែក របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក៏ដូចជាទឹកចិត្តសប្បុរសធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺដើម្បីឲ្យយកចិត្តទុកដាក់ខ្ពស់ លើប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពោល មិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០១៩ថ្មីៗនេះ លោកស្រី អាន ផល្លា ជា ពិសី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ អមដំណើរដោយលោក-លោកស្រី ជាសហការី តំណាង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តនាំយកគ្រឿង ឧបភោគបរិភោគ និងថវិកា របស់អនុសាខាខណ្ឌ ដើម្បីចុះសួរសុខទុក្ខ សំណេះសំណាល និងឧបត្ថម្ភជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង រស់នៅសង្កាត់ស្វាយប៉ាក និងសង្កាត់ច្រាំងចំរេះទី១ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ តបតាមការដឹកនាំចង្អុលបង្ហាញ ចំគោលដៅពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ៕