ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា វិទ្យុអាស៊ីសេរីដើរតួជំនួសភ្នែក ច្រមុះ និងមាត់ឲ្យអតីតគណបក្សសង្រ្គោះជាតិ


ភ្នំពេញ៖ អ្នកនាំពាក្យ រដ្ឋាភិបាលឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា វិទ្យុអាស៊ីសេរីដើរតួជំនួសភ្នែក ច្រមុះ និងមាត់ឲ្យអតីតគណបក្សសង្រ្គោះ ជាតិ ព្រោះពេលខ្លះវិទ្យុបរទេសមួយនេះ ដែលស៊ីឈ្នួលឲ្យគេនោះ បានចូលរូបជំនួសនូវសកម្មភាពផ្សេងៗ ឲ្យអតីតគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី និងលោកកឹម សុខាផងដែរ។

ឯកឧត្តម ផៃ ស៊ីផានបានមានប្រសាសន៍ តាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ថា វិទ្យុអាស៊ីសេរី បង្កើតក្នុងឆ្នាំ១៩៥១ ស្ថិតក្រោមការគ្រប់គ្រងរបស់ U.S. Agency for Global Media និងមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលផ្សព្វផ្សាយពត៌មានជាភាសាចិន Mandarin, Cantonese, Tibetan, Uyghur, ភាសាភូមា, វៀតណាម, ឡាវ, ខ្មែរ (ខេមរៈភាសា) និងភាសាកូរ៉េ។ វិទ្យុអាស៊ីសេរីចំណាយថវិកាចំនួន៤៣.១លានដុល្លារក្នុងឆ្នាំ២០១៨ សំរាប់បុគ្គលិក ២៥៣នាក់។

អ្នកនាំពាក្យបន្តថា”វិទ្យុអាស៊ីសេរីដើរតួជំនួសភ្នែក ច្រមុះ និងមាត់ឲ្យអតីតគណបក្សសង្រ្គោះជាតិ ព្រោះពេលខ្លះវិទ្យុអាស៊ីសេរីចូលរូបជំនួស អតីតគណបក្សសង្រ្គោះជាតិ ជំនួសលោកសម រង្ស៊ី និងលោកកឹម សុខា”។

ឯកឧត្តមបន្ថែមទៀតថា ការផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី គឺមានលក្ខណៈនយោបាយ ស្ទើរទាំងស្រុង។ វិទ្យុអាមេរិកមួយនេះ មិនខ្វល់អំពីព្រំដែនសេរីភាព ឬក្រម សីលធម៌អ្នកសារព័ត៌មានប្រកប ដោយវិជ្ជាជីវៈ ឬអធិបតេយ្យភាពប្រទេសដ៏ទៃអ្វីឡើយ។ អ្វីដែលវិទ្យុអាស៊ីសេរីចង់បាន គឺវាយលុកវិស័យព័ត៌មានប្រទេស ដ៏ទៃដែលវិទ្យុមួយនេះមើលឃើញផ្ទុយពីគោលនយោបាយរបស់អាមេរិក។

ឯកឧត្តមបន្តថា វិទ្យុអាស៊ីសេរីបណ្តុះបណ្តាល និងបង្ហាត់បង្ហាញបុគ្គលិក របស់ខ្លួនឲ្យព្រហើនកោងកាច ជំនួសដោយពាក្យ “ក្លាហាន” និងនិយាយវាយប្រហារមិនញញើតមាត់ ក្រោមរូបភាព”សេរីភាពពត៌មាន”។ វិទ្យុអាស៊ីសេរីមិនត្រូវការអ្នកមានវិជ្ជាជីវៈព័ត៌មាន ប៉ុន្តែត្រូវការអ្នកមាត់ដាច។ រឿយៗបុគ្គលិកវិទ្យុអាស៊ីសេរីត្រូវបានបណ្តេញចេញជាបុគ្គល និងជាក្រុម ដោយជំនួសដោយបុគ្គលិកថ្មីបែបពួកកាប់ដាវ ដោយក្អេងក្អាងសំអាងអាវក្រោះរបស់អាមេរិក។ បុគ្គលិក មិនប៉ិនប្រសព្វឆ្កេះខ្មោចក្នុងផ្នូរមកហិត ត្រូវប្រឈមនឹងការបណ្តេញចេញ និងជារឿយៗមានបណ្តឹងប្តឹងតវ៉ាពីអតីតបុគ្គលិកជាហូរហែរ។

អ្នកនាំពាក្យបានឲ្យដឹងទៀតថា ដោយឡែក ការប្រើពាក្យរបបក្រុងភ្នំពេញ របបលោកហ៊ុន សែន របប ឬជនផ្តាច់ការ និងពាក្យមួយចំនួនទៀត រួមទាំងរូបត្លុកផងដែរ ពុំត្រូវបានអនុញ្ញាតិយកមកប្រើក្នុងសំណេរព័ត៌មានឡើយ ព្រោះជាពាក្យវិនិច្ឆ័យ និងផ្ទុយពីក្រមសីលធម៌អ្នកសារ ព័ត៌មានវិជ្ជាជីវៈ។

ឯកឧត្តម ផៃ ស៊ីផាន ឲ្យដឹងទៀតថា មន្រ្តី និងបុគ្គលិកវិទ្យុអាស៊ីសេរីមិនមែនភ្លើទេ ប៉ុន្តែធ្វើពើដូចភ្លើ ឬឡប់។ មេដឹកនាំវិទ្យុអាស៊ីសេរីស្គាល់ពាក្យ “សង្រ្គាមស្លាបប៉ាកកា”ច្បាស់ណាស់ ហើយព្យាយាមយកវិធីនេះមកប្រើក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនលើពិភពលោក ដើម្បីញុះញង់ឲ្យមានការក្រោកបះបោរក្នុងទម្រង់ជាបដិវត្តន៍ពណ៍ ដូចជានៅអឺរ៉ុបខាងកើត និងបណ្តាប្រទេសអារ៉ាប់មួយចំនួន។ ចរិក និងទង្វើបែបនេះ អាចចាត់ទុកថា “មិនថ្លៃមិនខ្ពស់”។

បើប្រៀបធៀបវិទ្យុអាស៊ីសេរី ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (Voice of America = VOA) គឺVOAមានលក្ខណៈទន់ភ្លន់ជាង ឬម្នាក់ដើរតួកាច និងម្នាក់ទៀតដើរតួស្លូត។

សូមបញ្ជាក់ថា ការបើកវាយប្រហារទៅលើវិទ្យុអាស៊ីសេរីនេះ ក្រោយវិទ្យុបរទេសមួយនេះ តែងតែវាយប្រហារមក លើរាជរដ្ឋាភិបាលជារៀងរាល់ថ្ងៃ ដោយគ្មានត្រាប្រណីឡើយ៕