អ្នកនាំពាក្យក្រសួងយុត្តិធម៌ ទទូចឲ្យអ្នកទិញរថយន្តទាំងអស់ត្រូវកាត់ឈ្មោះចៀសវាងនាំបញ្ហាដល់ខ្លួន ដូចករណីរថយន្ត Range Rover បុកនិស្សិតស្រីម្នាក់ស្លាប់នៅខណ្ឌទួលគោក


(ភ្នំពេញ)៖ ជាមួយនឹងព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅខណ្ឌទួលគោក បណ្តាលឲ្យនិស្សិតស្រីនៅលាលា «ផារ៉ាហ្គន» ស្លាប់យ៉ាងអណោចអធ័ម ដែលបង្កឡើងដោយរថយន្ត Rang Rover ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2AF-7777 នោះ ត្រូវបានលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ចេញទស្សនៈចង់ឲ្យអ្នកដែលទិញរថយន្តតពីម្ចាស់ដើមទាំងអស់ ដែលមិនទាន់មានឈ្មោះខ្លួនឯង សូមអញ្ជើញទៅកាត់ឈ្មោះជាមុន ចៀសវាងនាំបញ្ហាដល់ខ្លួនទៅថ្ងៃក្រោយ។

នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ថា «បញ្ហាដែលបានកើតឡើងជាឧទាហរណ៍ជាក់ស្តែង!
ការលក់យានយន្តដោយមិនបានកាត់ឈ្មោះ (ផ្ទេរកម្មសិទ្ធិ) ចង់មិនចង់ម្ចាស់យានយន្តដើមច្បាស់ជាជាប់ជំពាក់នឹងការបកស្រាយជាមួយសមត្ថកិច្ច ក្នុងករណីដែលយានយន្តនោះ ក្លាយជាមធ្យោបាយប្រព្រឹត្តបទល្មើសណាមួយ»។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «ដើម្បីចៀសផុតពីបញ្ហា សូមមេត្តាកាត់ឈ្មោះ (ផ្ទេរកម្មសិទ្ធិ) នៅរាល់ពេលដែលមានការទិញ-លក់យានយន្ត»

ចំពោះការផ្ទេរកម្មសិទ្ធិ ឬកាត់ឈ្មោះរថយន្ត ត្រូវបានមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ពេលទិញរថយន្តរួចហើយ ម្ចាស់រថយន្តត្រូវបង់ពន្ធ ប្រថាប់ត្រា ទៅតាមតារាងតម្លៃ នៃឆ្នាំផលិតរបស់រថយន្ត។ ក្រោយពីបង់ពន្ធប្រថាប់ត្រារួច ម្ចាស់រថយន្តត្រូវមកចុះបញ្ជីថ្មីតាមប្រព័ន្ធ online ដែលប្រើរយៈពេលពី១ថ្ងៃ ទៅ២ថ្ងៃប៉ុណ្ណោះ។
ចំពោះតម្លៃសេវាផ្ទេរកម្មសិទ្ធិ ឬកាត់ឈ្មោះរថយន្តមានចែង ក្នុងតារាងតម្លៃសេវាសាធារណៈដោយម្ចាស់ត្រូវបង់តាមប្រព័ន្ធ Wing Smart Luy។

បើតាមការបញ្ជាក់របស់មន្រ្តី សម្រាប់នីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តរួមមាន៖

*ពាក្យសុំផ្ទេរកម្មសិទ្ធិយានយន្ត ១ច្បាប់
*អត្តសញ្ញាណបណ្ណ អ្នកលក់ និងអ្នកទិញ ១ច្បាប់
*បណ្ណសម្គាល់យានយន្តច្បាប់ដើម ១ច្បាប់
*លិខិតទិញ-លក់ ១ច្បាប់
*សន្លឹកគល់លតាបត្រថតចម្លង
*ផ្ទេរកម្មសិទ្ធិរថយន្តធុនតូចក្នុងរាជធានី-ខេត្ត ជាមួយគ្នា ៤៨.០០០៛ + ៤% (បង់ពន្ធប្រថាប់ត្រាពន្ធដា)
*ផ្ទេរកម្មសិទ្ធិរថយន្តធុនតូចឆ្លងរាជធានី-ខេត្ត ផ្សេងគ្នា ១០១.០០០៛ + ៤% (បង់ពន្ធប្រថាប់ត្រាពន្ធដា)។

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នេះ នាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់អ្នកបើករថយន្តឲ្យបាន ដើម្បីមកទទួលទោស។

នៅចំពោះមុខគរុសិស្ស-និស្សិតជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ករណីចរាចរណ៍ កាលពីម្សិលមិញ ឃើញគេបញ្ចាំងចុះ បញ្ចាំងឡើងរឿងបញ្ហាបុកនិស្សិតស្លាប់ ទៅតាមរកឱ្យឃើញបណ្តាលមកពីអី គឺចេញមកពីអត់គុណធម៌ហ្នឹងឯង អត់គុណធម៌ហ្នឹងឯង បើយើងជិះកង់ ទោះបីជាយើងជិះលឿនយឺត ប៉ុណ្ណា គង់លឿនជាងអ្នកដើរដែរ ហើយបើយើងជិះម៉ូតូ បើទោះបីជាយើងជិះលឿន ជិះយឺតប៉ុណ្ណា ក៏គង់លឿនជាងកង លឿនជាងអ្នកដើរដែរ»។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានរថយន្ត Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ហើយទៅបុកនារីរងគ្រោះជានិស្សិតនៅសាលាផារ៉ាហ្គន ខណៈនាងកំពុងបើកម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើងដូចសី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ករណីនេះ ត្រូវគេបានទម្លាយតាមរយៈវីដេអូសុវត្ថិភាពមួយនៅក្បែរកន្លែងកើតហេតុ ដែលមើលទៅកើតឡើងយ៉ាងរន្ធត់ នាំឲ្យម្នាក់ៗប្រកាសថ្កោលទោស ខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចតាមចាប់ជនបង្កឲ្យបាន។

នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលត្រូវឪពុកម្តាយរបស់នាងបានប្រាប់ថា ជាសិស្សពូកែទូទាំងប្រទេស ម្នាក់ខាងអក្សរសាស្រ្តខ្មែរ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន» តែម្តង។ សម្រាប់អ្នកបើករថយន្តបង្កវិញ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចរាចរណ៍ រាជធានីភ្នំពេញ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមចាប់ខ្លួនផងដែរ បើទោះបីម្ចាស់រថយន្តមានឈ្មោះ យិន ង្គិច បានចេញមុខមកប្រកាសទទួលខុសត្រូវទាំងស្រុង ចំពោះមុខសមត្ថកិច្ច និងគ្រួសារជនរងគ្រោះក៏ដោយនោះ។

ដោយឡែក រថយន្តបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រទះឃើញនៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ហើយក៏ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត និងតាមស្វែងរកអ្នកបើកមកទទួលទោសតាមច្បាប់។

មហាជនសម្តែងការសោកស្តាយរឹតតែខ្លាំង ហើយចាត់ទុកមរណភាពរបស់កញ្ញា ជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ ហើយក៏ជាការសម្លាប់ក្តីរំពឹងដ៏ធំធេង របស់ក្រុមគ្រួសារ។ បច្ចុប្បន្នសពរបស់កញ្ញា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើតអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមា៕