សម្ដេចតេជោជំរុញឱ្យប្រជាពលរដ្ឋ និងទេសចរបរទេសកម្សាន្តសប្បាយថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក


ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦– ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសដែលមកទស្សនាព្រះរាជាណាចក្រកម្ពុជា ចូលរួមកម្សាន្តសប្បាយក្នុងថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកបន្តទៀត។
តាមបណ្ដាញហ្វេសប៊ុករបស់សម្ដេចតេជោថ្ងៃទី១៤ ខែវិច្ឆិកា នេះបានឱ្យដឹងថា នៅថ្ងៃដំបូងនៃពិធីបុណ្យអុំទូកកាលពីម្សិលមិញ គឺបានប្រព្រឹត្តិទៅប្រកបដោយបរិយាកាស សប្បាយរីករាយយ៉ាងអធិកអធមក្រៃលែង។ កន្លែងកម្សាន្តមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋ និងទេសចរបរទេសអាចចូលរួម កម្សាន្ត សប្បាយបានគឺនៅតាមបណ្តោយមាត់ទន្លេមុខព្រះបរមរាជវាំង វត្តបទុមវតី និងនៅកោះ ពេជ្រជាដើម។ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះកុំភ្លេចចូលរួមកម្សាន្តសប្បាយនៅក្នុង ថ្ងៃទី ២ នៃពិធីបុណ្យ អុំទូកនៅមុខព្រះបរមរាជវាំងនៅថ្ងៃនេះ។
ដោយឡែកកាលពីម្សិលមិញ ក្រោយពីបានអញ្ជើញចូលរួមទស្សនាពិធីអុំទូក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរបង្ហោះក្នុងទំព័រ ហ្វេសប៊ុករបស់សម្តេចថា “នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចមានកិត្តិយសដ៏ឧត្តុង្គឧត្ដមបំផុតដែលបានដង្ហែព្រះករុណា ព្រះបាទសម្ដេចព្រះបរម នាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ព្រះអង្គយាងទតពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ សន្តិភាពគឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសយើង”។
ដោយសារសន្តិភាពនេះហើយ ទើបយើងមានឱកាសប្រារព្ធពិធីបុណ្យប្រពៃណីជាតិ រួមទាំងមានឱកាសអភិវឌ្ឍន៍ប្រទេសដ៏អភ័ព្វនេះឱ្យរីកចម្រើនខ្ពស់មុខ ខ្ពស់មាត់ឡើង។អរគុណជនរួមជាតិដែលបានចូលរួមថែរក្សា និងពង្រឹងសន្តិភាពនៅក្នុងប្រទេស និងអរគុណអាជ្ញាធរមានសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ទាំងអស់ដែលបានចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ទាំង នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដើម្បីប្រជាពលរដ្ឋនិងទេសចរបរទេសបានសប្បាយ រីករាយនៅក្នុងពិធីបុណ្យដ៏មហោឡារិកនេះ។