នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង៣ពាន់នាក់


(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួន ៣,២១៣នាក់ នារី ២,៧០៤នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១៧-២០១៨។

លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឲ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតទាំងនេះ មាននិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចំនួន៣០នាក់ នារី ២២នាក់ផងដែរ។

លោក ហេង វ៉ាន់ដា បានគូសបញ្ជាក់ថា តាមការសិក្សានិស្សិតដែលបញ្ចប់ការសិក្សានេះ អ្នកមានការងារធ្វើចំនួន ២,៨៥៩នាក់ ស្មើនឹង ៨៨,៩៨ភាគរយ។

បើតាមលោក ហេង វ៉ាន់ដា នៅក្នុងឆ្នាំសិក្សាឆ្នាំ២០១៨-២០១៩នេះ វិទ្យាស្ថានរបស់លោកមាននិស្សិតកំពុងសិក្សា ៨,៤៩១នាក់ នារី ៧,៣៧១នាក់។ ក្នុងនោះបើគិតចាប់តាំងពីឆ្នាំសិក្សា២០០១-២០០២ ដល់ឆ្នាំសិក្សា២០១៧-២០១៨កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សាដោយគិតទាំងនិស្សិតជយលាភីនាពេលនេះ មានចំនួនសរុប ២៨,៧៥៨នាក់ នារី ២៣,៦៥៣នាក់។

លោក ហេង វ៉ាន់ដា បានឱ្យដឹងផងដែរថា វិទ្យាស្ថានបានធ្វើពិធីប្រគល់សញ្ញាបត្រជូននិស្សិតរបស់ខ្លួនចំនួន១៣លើករួចមកហើយ។ លោកនាយកវិទ្យាស្ថាន បានឱ្យដឹងថា ចាប់ពីឆ្នាំ២០០១-២០០២ ដល់ឆ្នាំសិក្សា២០១៨-២០១៩ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អាហារូបករណ៍ដល់និស្សិតក្នុងវិទ្យាស្ថានចំនួន ៥៧៤នាក់។

វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបានបង្កើតឡើងតាមអនុក្រឹត្យចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០១។ បច្ចុប្បន្នវិទ្យាស្ថាននេះមានទីតាំងចំនួន៤កន្លែង កំពុងដំណើរការ ក្នុងនោះ២កន្លែងស្ថិតនៅរាជធានីភ្នំពេញ, ១កន្លែងស្ថិតនៅខេត្តសៀមរាប និង១កន្លែងទៀត ស្ថិតនៅខេត្តបាត់ដំបង។

ឈរលើមូលដ្ឋានពង្រឹងនិរន្តភាព ប្រសិទ្ធភាព និងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពខ្ពស់នោះ វិទ្យាស្ថានវ៉ាន់ដា បានអនុវត្តនិងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តពង្រឹងគុណភាពប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិតក្នុងគោលបំណងអនុវត្តឱ្យបានល្អប្រសើរ ស្របតាមកម្រិតបទដ្ឋាន នៃការបណ្តុះបណ្តាល និងទីផ្សារការងារបច្ចុប្បន្ន។

ក្រៅពីនេះជាមួយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ វិទ្យាស្ថានក៏បានរៀបចំពង្រីកទីតាំងបន្ថែមទៀត ពិសេសអគារសិក្សា បណ្ណាល័យ អ៉ិនធើណែត ដោយបំពាក់សម្ភារឧបទេសសិក្សាទំនើបៗ សម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រឹងការទំនាក់ទំនងឱ្យបានល្អ ជាមួយវិស័យអប់រំ និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជាក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ, គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា, សមាគមគ្រឹះស្ថានឧត្តមសិក្សា, អាជ្ញាធរសវនកម្មជាតិ, គណៈកម្មការមូលបត្រកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, ក្រុមប្រឹក្សាជាតិគណនេយ្យ, វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា, សមាគមគណនេយ្យករចក្រភាពអង់គ្លេស និងសាកលវិទ្យាល័យមួយចំនួនទៀតនៅក្នុងប្រទេសថៃ និងប្រទេសចិន៕