ក្រុមការងារតំណាងឯកឧត្តម ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយពលរដ្ឋ និងសម្ពោធសមិទ្ធផលព្រះពុទ្ធសាសនា ក្នុងវត្តអរញ្ញរង្សី នៅក្រុងហាមីលតុន ប្រទេសណូវ៉ែហ្សេឡង់


(ហាមីលតុន-ណូវ៉ែលហ្សេឡង់)៖ ឯកឧត្តម ហ៊ុន ប៊ុនថា អនុប្រធានក្រុមការងារតំបន់៥ តំណាងឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនក្រៅប្រទេស នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល ​សាកសួរសុខទុក្ខប្រជាពលរដ្ឋ និងសម្ពោធសមិទ្ធផលព្រះពុទ្ធសាសនាក្នុងវត្តអរញ្ញរង្សី នៅក្រុងហាមីលតុន ប្រទេសណូវ៉ែហ្សេឡង់។

​ក្នុងឱកាសនោះ ​ឯកឧត្តម ហ៊ុន ប៊ុនថា ក៏បាននាំនូវការផ្ដាំផ្ញើនឹករលឹក ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត, ឯកឧត្តម គឹម សន្តិភាព និងឯកឧត្តម កៅ ថាច ដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទីក្រុងហាមីលតុន ប្រទេសណូវ៉ែលហ្សេឡង់។

លើសពីនេះ ឯកឧត្តមក៏បាន​ចូលរួមកម្មវិធីពុទ្ធាភិសេកព្រះពុទ្ធរូប និងសម្ពោធឆ្លងព្រះពុទ្ធបដិមាចំនួន១០អង្គ និងសម្ភារមួយចំនួនដែលបានជាវពី​កម្ពុជា ដើម្បីទុកដាក់ឲ្យប្រើប្រាស់ជាប្រយោជន៍សម្រាប់បងប្អូនពុទ្ធបរិស័ទក្នុងតំបន់ហាមីលតុន។

ដើម្បីចូលរួមភ្ជាប់និស្ស័យក្នុងព្រះពុទ្ធសាសនា ឯកឧត្តម ហ៊ុល ប៊ុនថា បាន​នាំថវិកាចំនួន៤,០០០​ដុល្លារ របស់ឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់ចូលរួមក្នុងកម្មវិ​ធី ពុទ្ធាភិសេកនេះ ដែលក្នុងនោះ​បានចំណាយសម្រាប់ការវេចខ្ចប់ ​ក្នុងការដឹកជញ្ជូន​ព្រះពុទ្ធរូប និងសម្ភារអស់ ចំនួន​៣,០០០​ដុល្លារ និងចូលក្នុងពិធី​ផ្ទាល់ចំនួន១,០០០ដុល្លារ៕