សាលាបឋម១ខ្នង តម្លៃជាង៦ម៉ឺនដុល្លារ ជាអំណោយរបស់សម្តេចតេជោ ត្រូវសម្ពោធឲ្យប្រើប្រាស់ នៅស្រុកស្រីសន្ធរ, ឯកឧត្តម ឡូវ ហ៊ឹង អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមរក្សាសន្ដិភាព


(កំពង់ចាម)៖ ក្នុងគោលបំណង ដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងតំណាងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញជាអធបតីក្នុងពិធីសម្ពោធសាលាបឋមសិក្សាខ្ទឹង១ខ្នង ៥បន្ទប់ ប្រក់ក្រឿង សរុបការសាងសង់ ប្រមាណ៦ម៉ឺនដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានដាក់សម្ពោធឲ្យសិស្សានុសិស្ស បានប្រើប្រាស់ និងចូលរៀន នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ លោកឧកញ៉ា ជា លាងហុង ក៏បានសំណូមពរសូមឲ្យមានយោគយល់ អំពីបញ្ហាបំរែបំរួលអាកាសធាតុ ដែលបណ្តាលឲ្យកង្វះថាមពលអគ្គិសនីនាពេលបច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់ អំពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងជំរុញឲ្យខាងក្រុមបច្ចេកទេស ខាងអគ្គសនីដោះស្រាយជាលក្ខណៈបន្ទាន់ ដើម្បីបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។

លោកឧកញ៉ា ឡូវ ហ៊ឹង បានថ្លែងពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅតាមមូលដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ជាដើមហើយសម្តេចទាំងទ្វេរ បានផ្តាំផ្ញើ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

លោកឧកញ៉ា ឡូវ ហ៊ឹង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះ ទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ ឃុំ ក៏ដូចជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា។

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សាលាបឋមសិក្សាខ្ទឹង១ខ្នង ៥បន្ទប់ ប្រក់ក្រឿង ដែលតម្លៃប្រមាណ៦ម៉ឺនដុល្លារ លោកឧកញ៉ា ឡូវ ហ៊ឹង បាននាំមកនូវថវិកា សម្រាប់ការ សាង់សង់សាលាបឋមសិក្សាខ្ទឹង សម្រាប់លោកគ្រូ អ្នកគ្រូ១០នាក់ ១ម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀល សិស្សានុសិស្ស២៨៩នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៉ិច២ដើម និងថវិកា៥,០០០ពាន់រៀល លោកតាជី លោកយាយជី១៥០នាក់ ក្នុង១ម្នាក់ៗទទួលបានថវិកា១០០០០រៀល និងប្រហុកចំនួន១២០០គីឡូក្រាម ថ្នាំពេទ្យ៣៦០០កញ្ចប់ ផ្តល់ជូនមេភូមិខ្ទឹង សម្រាប់ចែកជូនគ្រប់ៗគ្រួសារ ប្រមាណទាំងអស់ក្នុងឃុំទងត្រឡាច ដោយក្នុងគ្រួសារនីមួយៗ ទទួលបានប្រហុក១គីឡូក្រាម និងថ្នាំពេទ្យ៣កញ្ចប់ ឧបត្ថម្ភកម្មវិធី៧លានរៀល ឧបត្ថម្ភសមត្ថកិច្ច៧២ម៉ឺនរៀល ឧបត្ថម្ភការរាំកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ១០០ដុល្លារ ចង់ដៃក្នុងពិធីរៀបអាពិពាហ៍១០ម៉ឺន។

ដោយឡែក នាថ្ងៃដដែលនេះដែរ លោកឧកញ៉ា ជា លាងហុង បានឧបត្ថម្ភថវិកា៧,២០០ដុល្លា សម្រាប់ការការកសាងផ្លូវលំ០១ខ្សែ ប្រវែង១,៣០០ម៉ែត្រ នៅក្នុងភូមិខ្ទឹង ឃុំទងត្រឡាច ក្នុងគោលបំណងដើម្បី ជួយសម្រួលដល់ព្រះសង្ឈលោកតា លោកយាយ ប្រជាពលរដ្ឋនិងក្មួយៗ ក្នុងការធ្វើដំណើរ ឲ្យមានភាពងាយស្រួលបានឆាប់រហ័សជាងមុន៕