ក្រសួងមហាផ្ទៃ ប្រជុំដកពិសោធន៍ការងារដកហូតឯកសាររដ្ឋបាលកម្ពុជា ដែលជនបរទេសកាន់កាប់ប្រើប្រាស់រយៈពេល៣ខែចុងក្រោយ


ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ បើកិច្ចប្រជុំបូកសរុប ដកពិសោធន៍ការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការងារទទួលពាក្យសុំជាជនបរទេសអន្តោរប្រវេសន្ត រយៈពេល៣ខែ និងលើកទិសដៅការងារសម្រាប់រយៈពេល៣ខែចុងក្រោយ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអន្ដោប្រវេសន៍ និងជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី រហូតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ដកហូតបានសរុបចំនួន៣៥,៤៤១ឯកសារ ពីគ្រួសារជនបរទេសអន្តោប្រវេសន្តសរុបចំនួន ១៩,០១០គ្រួសារ គិតជាមនុស្សរួមចំនួន៦៨,០១៧នាក់ (ស្រី២៣,៦១៤នាក់)។ ប្រភេទឯកសារដែលបានដកហូត រួមមាន៖ សៀវភៅស្នាក់នៅ១៤,៦៣៦ ក្បាល, សៀវភៅគ្រួសារ២,១៥៩ក្បាល, សំបុត្រកំណើតខ្មែរ១២,២០៥ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ ៣៦៣ច្បាប់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៥,៧៥២ប័ណ្ណ និងលិខិតឆ្លងដែនខ្មែរ៣២៦ក្បាល ដែលដកហូតបានពីក្នុងបញ្ជីឧបសម្ព័ន្ធមានវាយត្រាក្រសួងមហាផ្ទៃ។

ការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត៖ ជនបរទេសបែបអន្តោប្រវេសន្ត បានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ អាយុ១៨ឆ្នាំឡើងចំនួន៧៥,៧៤០នាក់ (ស្រី ៣៦,២២៧នាក់) គិតជាមនុស្សរួមចំនួន១១០,៥០៩នាក់ (ស្រី៥៣,១៣០ នាក់) ក្នុង ៣៥,៩៩៣ គ្រួសារ ។

ផ្តល់ប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តឲ្យប្រើប្រាស់អ្នកអាយុ១៨ឆ្នាំឡើង សរុបចំនួន៣២,១៨៩ប្រកាស (ស្រី១៥,៤៣៦នាក់) គិតជាមនុស្សរួមចំនួន៥០,១១២នាក់ (ស្រី២៤,០៧៧នាក់) ក្នុងចំនួន១៦,២១២គ្រួសារ នៃអ្នកដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តទាំងអស់។

ជនបរទេសអន្តោប្រវេសន្តបានទទួលពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អ្នកមានអាយុ១៨ឆ្នាំឡើង សរុបចំនួន ៥៨,១៩៨នាក់ (ស្រី ២៧,៧៤៤ នាក់)។ ផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឲ្យជនបរទេសអន្តោប្រវេសន្តប្រើប្រាស់ ចំនួន២០,៥៥៦នាក់ (ស្រី ៩,៧២៣នាក់) មានសុពលភាព០២ឆ្នាំម្តង នៃអ្នកបានដាក់ពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ទាំងអស់៕