សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រឹងប្រែងរក្សាទឹកទុក ក្នុងពេលមានភ្លៀងធ្លាក់និងប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់កន្ត្រាក់


ជាថ្មីម្ដងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រឹងប្រែងរក្សាទឹកទុក ក្នុងពេលដែលមានភ្លៀងធ្លាក់ និងត្រូវមានការប្រុងប្រយ័ត្ន ចំពោះខ្យល់កន្ដ្រាក់និងរន្ទះផងដែរ។

ការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន ៣,២១៣នាក់ នារី ២,៧០៤នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សា ដោយជោគជ័យ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ភ្លៀងបានធ្លាក់នៅតំបន់មួយចំនួនហើយ ដែលវាសម្រាលការលំបាកមួយចំនួនឲ្យប្រជាពលរដ្ឋ តាមការព្យាករណ៍ទុក ភ្លៀងនឹងធ្លាក់ក្នុងប៉ុន្មានថ្ងៃខាងមុខទៀត ហើយមានវិសាលភាពធំទូលាយជាងមុន ចឹងសូមបងប្អូនប្រជាពលរដ្ឋ ទឹកដែលវាបានមកដល់ ខិតខំត្រងទឹកនោះរក្សាទុក រឺកន្លែងដែលមានទឹកដក់ ខិតខំរក្សាទឹកទុក ដើម្បីប្រើប្រាស់»

សម្ដេចតេជោ បានលើកឡើងថា ភ្លៀងវានឹងធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ក៏ប៉ុន្ដែវាក៏អាចអស់ត្រឡប់ទៅវិញ ដូច្នេះសូមឲ្យប្រជាពលរដ្ឋប្រើទឹកដោយមានការសន្សំសំចៃ។ សម្ដេចតេជោ ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋានបន្ដខិតខំដោះស្រាយបញ្ហាទឹក ហើយវិធីដែលល្អជាងគេគឺការជីកអណ្ដូងនៅកន្លែងដែលជីកបាន ប្រសើរជាងការដឹកទឹក។

ទន្ទឹមគ្នានោះនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «សូមឲ្យប្រជាពលរដ្ឋ ប្រឹងប្រយ័ត្នចំពោះខ្យល់កន្ដ្រាក់ និងរន្ទះដែលវាចាប់ផ្ដើមជាមួយនឹងភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ក៏មកដល់ រន្ទះក៏មកដល់ ដែលធ្វើឲ្យតំបន់មួយចំនួនមានការខូចខាតផ្ទះសម្បែង ដែលខ្ញុំសុំចូលរួមការសោកស្ដាយ»

ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសូមឲ្យកាកបាទក្រហមកម្ពុជា ក៏ដូចជាអាជ្ញាធរយកចិត្ដទុកដាក់ជួយជាបន្ទាន់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវជួយអន្ដរាគមន៍ភ្លាម ទៅកាន់ទីកន្លែង ដែលមានគ្រោះថ្នាក់ ហើយរៀបចំផ្ទះសម្បែងឡើងវិញ តាមលទ្ធភាពដែលអាចធ្វើទៅរួច កុំទុកឲ្យប្រជាជនជួបការលំបាកផងដែរ៕