សិក្ខាសាលាស្តីពី​ ការផ្សព្វផ្សាយប្លង់គោលប្រេីប្រាស់ដីក្រុងសៀមរាប​ សម្រាប់ការអភិវឌ្ឍ​ និងការអភិរក្សប្រកបដោយចីរភាព


ព្រឹកថ្ងៃអង្គារ​ ១៣រោច​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០១៩​ នៅរដ្ឋបាលខេត្តសៀមរាប​ មានបេីកសិក្ខាសាលាស្តីពី​ ការផ្សព្វផ្សាយប្លង់គោលប្រេីប្រាស់ដីក្រុងសៀមរាប​ សម្រាប់ការអភិវឌ្ឍ​ និងការអភិរក្សប្រកបដោយចីរភាព​ ក្រោមអធិបតីភាព​ ឯកឧត្តម​បណ្ឌិត​ ឌុច​ វនទីតូ​ អនុរដ្ឋលេខាធិកាក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ លោក​ លី​ សំរឹទ្ធ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងឯកឧត្តម​ ស៊ូ​ នី​ សមាជិកក្រុមប្រឹក្សាខេត្ត​ និងមានការអញ្ជេីញចូលរួម​ពី​ ឯកឧត្តម​ តំណាងអាជ្ញាធរអប្សរា​ ឯកឧត្តម​ ទីប្រឹក្សាក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​​ កងកម្លាំងប្រដាប់អាវុធ​ លោកនាយករងរដ្ឋបាល​ លោក​ លោកស្រី​ នាយក នាយករងទីចាត់ការ-អង្គភាព​ ចំណុះ​សាលាខេត្ត​ លោក​ លោកស្រីប្រធាន​ អនុប្រធានមន្ទីរ​-អង្គភាពពាក់ព័ន្ធ អង្គការ​ និងវិស័យឯកជននានា។

ការបេីកសិក្ខាសាលាផ្សព្វផ្សាយនេះ​ គឺចង់ឱ្យអស់លោក​ លោកស្រី​ ទទួលបានព័ត៌មានដែលមា​នសារៈសំខាន់​ និងអត្ថប្រយោជន៍​ របស់ប្លង់គោលប្រេីប្រាស់ដីក្រុងសៀមរាប​ សម្រាប់យកទៅផ្សព្វផ្សាយបន្ត​ អំពីការបែងចែកដីតាមតំបន់​ និងប្រេីប្រាស់ដីធ្លីក្នុងក្រុងសៀមរាប​ ព្រមទាំងបទពិសោធន៍​ ចំណេះដឹងថ្មីៗបន្ថែមទៀត​ ដល់មន្ត្រីជំនាញ​ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់​ ឆ្ពោះទៅរកការកាត់បន្ថយបានទាំងស្រុង​ នូវបញ្ហាទំនាស់ដីធ្លីទូទាំងខេត្តសៀមរាប។ ដូចនេះប្លង់គោលប្រេីប្រាស់ដីធ្លី​ គឺជាទុនក្នុងការតម្រង់ទិស​ នៃការប្រេីប្រាស់ដីធ្លី​ សម្រាប់អភិវឌ្ឍន៍​ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ក្នុងនោះដែរ​ ប្លង់គោលពិតជាមានសារៈសំខាន់​ណាស់សម្រាប់រៀបចំអភិវឌ្ឍន៍ទីក្រុងមួយបានល្អប្រសេីរ​ តាមរយៈការរៀបចំក្រុងឱ្យមានសោភ័ណភាព​ សណ្តាប់ធ្នាប់​ របៀបរៀបរយ​ បរិស្ថានស្អាត​ ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀងមិនឱ្យលិចក្រុង​ ការៀបចំចិញ្ចេីមផ្លូវ​ បញ្ជៀសការកកស្ទះ​ចរាចរ​ ហេីយប្លង់គោលវាជាត្រីវិស័យមួយសម្រាប់ចង្អុលបង្ហាញប្រាប់ពីការបែងចែកដីសម្រាប់ប្រេីប្រាស់ដូចជា​ តំបន់ដីកសិកម្ម​ តំបន់ដីឧស្សាហកម្ម​ តំបន់ដីលំនៅដ្ឋាន​ តំបន់សេដ្ឋកិច្ច​ និងពាណិជ្ជកម្ម​ ទីតាំងបុរាណដ្ឋាន​ តំបន់ទេសចរណ៍។ ល។ ដែលធ្វេីឱ្យយេីងដឹងថាតំបន់ណាត្រូវអភិវឌ្ឍន៍​ តំបន់ណាត្រូវការពារអភិរក្ស​ ដេីម្បីឱ្យប្លង់គោលប្រេីប្រាស់ដីក្រុងសៀមរាប​ ប្រកបដោយប្រសិទ្ធិភាពខ្ពស់​ និងអាចអនុវត្តបាន​លទ្ធផលល្អប្រសេីរ និងទុកជាទ្រព្យសម្រាប់ក្មេងជំនាន់ក្រោយអនុវត្តតាម៕